ជាតិ
សេដ្ឋកិច្ច
ថៃ​អញ្ជើញ​ពាណិជ្ជករ​កម្ពុជា ចូលរួម​តាំងពិព័រណ៍​ចំនួន​៤
27, Oct 2018 , 8:59 am        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖  នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​អញ្ជើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៣ រួមមាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៩ ចំនួន​៤ ពិព័រណ៍​។ តាមរយៈ​នេះ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា  ជូនដំណឹង​ដល់​ពាណិជ្ជករ​អាជីវករ និង​សាធារណៈជន​ទូទៅ ដែលមាន​បំណង​ចង់​ចូលរួម​អាចដាក់​ពាក្យ​បាន​។


 
​ពិព័រណ៍​ពាណិជ្ជកម្ម​ទាំងនោះ​រួមមាន​ទី​១ ពិព័រណ៍​ត្បូង និង​គ្រឿងអលង្ការ (Bangkok Gems & Jewelry Fair 2019) ក្នុង​ខែកុម្ភៈ​។ ទី​២ STYLE 2019 (BIFF & BIL, BIG + BIH ,TIFF 2019) ក្នុង​ខែមេសា​។ ទី​៣ ពិព័រណ៍​ម្ហូបអាហារ​អាស៊ី (THAIFEX World of Food Asia 2019) ក្នុង​ខែឧសភា​។ និង​ទី​៤ ពិព័រណ៍​ត្បូង​និង​គ្រឿងអលង្ការ (Bangkok Gems & Jewelry Fair 2019) ក្នុង​ខែកញ្ញា​។​
 
​ក្រសួងពាណិជ្ជកម្ម​អញ្ជើញ​ពាណិជ្ជករ អាជីវករ ដែលជា​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ទៅ​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន ឬ​មានបំណង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ សូម​ទាក់ទង និង​បំពេញបែបបទ នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com