រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងសប្តាហ៍នេះ បានបញ្ជាក្រុមហ៊ុនទិញប្រេងរបស់រដ្ឋចំនួន២ឲ្យបញ្ឈប់ការបញ្ជាទិញប្រេងពីអ៊ីរ៉ង់។ ចំណាត់ការរបស់ចិននេះគឺធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកកំពុងត្រៀមដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញ។
ក្រុងប៉េកាំងកាលពីដើមឡើយបានប្តេជ្ញាប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់ ប៉ុន្តែនៅថ្ងៃទី២៤ ខែតុលា ក្រុមហ៊ុនប្រេង CNPC (China National Petroleum Corporation ) និង Sinopec បានបញ្ជាក់ថា ពួកគេបានបញ្ឈប់ការរកស៊ីជាមួយក្រុមហ៊ុនអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុនប្រេងទាំងពីរនេះមិនបានបញ្ជាទិញប្រេងពីអ៊ីរ៉ង់សម្រាប់ខែវិច្ឆិកាខាងមុខឡើយ។
តាមពិតទៅ ក្រុមហ៊ុនណាដែលបន្តបញ្ជាទិញប្រេងអ៊ីរ៉ង់ ក្រោយពីទណ្ឌកម្មរបស់អាមេរិកចូលជាធរមាននាថ្ងៃទី០៤ ខែវិច្ឆកាខាងមុខនេះ នឹងត្រូវរងចំណាត់កាត់ផ្តាច់ចេញពីទីផ្សារដ៏ធំសម្បើមរបស់អាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ដែលនេះមានន័យថា ពួកគេនឹងត្រូវខាតបង់ប្រយោជន៍ធំ។
គេមើលឃើញថា ការសម្រេចចិត្តរបស់ចិនដោយផ្អាកទិញប្រេងនេះ ធ្វើឲ្យអ៊ីរ៉ង់បាត់បង់ចំណូលធំផងដែរ។ ក្រៅពីចិនដែលជាម៉ូយប្រេង ម៉ូយប្រេងសំខាន់ៗរបស់អ៊ីរ៉ង់ផ្សេងទៀតដូចជា ជប៉ុន និងកូរ៉េខាងត្បូង កន្លងទៅបានសម្រេចចិត្តបញ្ឈប់ការបញ្ជាទិញប្រេងដែរ។
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកគោលនយោបាយនៃមជ្ឈមណ្ឌលសិក្សាអាស៊ីរបស់មូលនិធិ The Heritage Foundation លោក Riley Walters បានលើកឡើងថា៖ «ក្រុមហ៊ុនចិនមិនមែនវិនិយោគតែក្នុងប្រទេសអ៊ីរ៉ង់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅប្រទេសផ្សេងៗទៀតផងដែរ។ ពួកគេអាចប្រឈមនឹងខាតបង់ធ្ងន់ធ្ងរ ប្រសិនបើក្រុមហ៊ុនគេរងទណ្ឌកម្មរបស់អាមេរិក។ នេះហើយជាហេតុផលដែលយើងឃើញមាន ក្រុមហ៊ុនទាំងនោះបានសម្រេចដកខ្លួនចេញពីការធ្វើជំនួញជាមួយអ៊ីរ៉ង់ដូច្នេះ»។
អ្នកជំនាញរូបនេះ បានអះអាងទៀតថា ខណៈសម្ពាធរបស់អាមេរិកទំនងជាមានប្រសិទ្ធភាពនោះ គេមិនទាន់ច្បាស់ថា ចិនលែងទិញប្រេងទាំងស្រុងពីអ៊ីរ៉ង់ឬយ៉ាណានោះទេ ដ្បិតថា បណ្តាក្រុមហ៊ុនតូចតាចនឹងស្វែងវិធីសាស្ដ្រផ្សេងដើម្បីទិញប្រេង ជាពិសេស ទិញពីទីផ្សារងងឹតជាដើម។
ទោះជាយ៉ាងនេះក្តី លោក Walters បានសង្កត់ធ្ងន់ថា ចិនដែលជាប្រទេសនាំចូលប្រេងធំជាងគេលើពិភពលោក ច្បាស់ណាស់ប្រាកដជាស្វែករកប្រទេសផ្សេងទៀតដើម្បីផ្គត់ផ្គង់ប្រេងដល់ខ្លួន ហើយប្រទេសនោះគឺគ្មានអ្នកណាផ្សេងក្រៅពីរុស្ស៊ីនោះឡើយ។ ប៉ុន្តែការពឹងផ្អែកខ្លាំងជ្រុលពេកលើការទិញប្រេងរុស្ស៊ី ជាអ្វីដែលក្រុងប៉េកាំងមិនចង់បាននោះឡើយ។
ផ្ទុយពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង ឥណ្ឌាធ្លាប់បានប្រកាសថា ខ្លួននឹងនៅតែបន្តបញ្ជាទិញប្រេងពីអ៊ីរ៉ង់ដដែលនាខែវិច្ឆកាខាងមុខ ប៉ុន្តែក្នុងកម្រិតកំណត់ជាក់លាក់មួយ។ ត្រង់នេះរដ្ឋាភិបាលក្រុងញ៉ូវដេលីកំពុងចាប់ផ្តើមចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីអាចទទួលការលើកលែងចេញពីការរងទណ្ឌកម្ម បន្ទាប់ពីវានឹងចូលជាធរមាននាខែក្រោយនេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាក្នុងអាណត្តិលោកបារ៉ាក់ អូប៉ាម៉ា។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីបង្ខំឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកការដាក់ទណ្ឌកម្មទាំងអស់ប្រឆាំងនឹងប្រទេសនេះ។ ក្រោយពីដកខ្លួនចេញរួច រដ្ឋបាលលោកត្រាំបានប្រកាសដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ដែលនឹងចូលជាធរមាននាថ្ងៃទី០៤ ខែវិច្ឆកាខាងមុខ៕