ជាតិ
សង្គមជាតិ
ព្រះវិន័យ៖ ក្នុងមួយវត្ត អាចហែកឋិនចូលបានតែម្តងប៉ុណ្ណោះ
× បុណ្យកឋិន គឺជាបុណ្យមួយរបស់ព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។ អាចនិយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើមធ្វើបុណ្យកឋិន នៅក្រោយថ្ងៃចេញព្រះវស្សា។
បើតាមព្រះវិន័យ វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។ បុណ្យនេះ មិនត្រឹមតែជាបុណ្យបែបព្រះវិន័យទេ តែថែមទាំងក្លាយជាបុណ្យប្រពៃណីខ្មែរផងដែរ។
ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឲ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ វត្តខ្លះ អាចមានកឋិនច្រើនហែចូល ដោយមានម្ចាស់ផ្សេងៗគ្នា តែពិធីនេះដាច់ខាត ត្រូវរៀបចំយ៉ាងណាឲ្យចំថ្ងៃជាមួយគ្នា ដោយមិនអាចខុសថ្ងៃគ្នាបានឡើយ។ និយាយឲ្យស្រួលស្តាប់ គឺ ក្នុងមួយវត្តអាចមានកឋិនប៉ុន្មានក៏បានដែរ តែត្រូវប្រារព្ធឡើងជាមួយគ្នាក្នុងថ្ងៃតែមួយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា បុណ្យកឋិន មិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ៕
Tag:
ព្រះពុទ្ធសាសនា
ព្រះវិន័យ
កឋិន
© រក្សាសិទ្ធិដោយ thmeythmey.com