ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ចាប់ផ្តើម​ស្រាវជ្រាវ​រក​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​បិទ​ចោល​
28, Oct 2018 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងមហាផ្ទៃ ចាប់ផ្តើម​ចាត់វិធានការ​ជាក់ស្តែង​លើ​គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដែល​បង្កើតឡើង​ដោយ​ជនខិលខូច ដើម្បី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​មានបំណង​ចង់បាន​ផលប្រយោជន៍​។ ក្រសួងមហាផ្ទៃ អះ​អា​ថា គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ខ្លះ បាន​បន្លំ​ដាក់ឈ្មោះ​របស់​ថ្នាក់ដឹកនាំ​និង​ស្ថាប័ន​ជាតិ​។


 
​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ បានបង្ហាញ​ឈ្មោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​មួយចំនួន ដែល​ត្រូវបាន​បិទ​ចោល រួមមាន ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hun Maneth (​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​) និង ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vong Bunintreavuth​។​
 
​ក្រសួងមហាផ្ទៃ មិន​បញ្ឈប់​ត្រឹមនេះ​ទេ ដោយ​បន្ត​ស្រាវជ្រាវ​រក​គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ផ្សេងៗ​ទៀត​។ ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា​៖«​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ កំពុងតែ​បន្តការងារ​ខាងលើ ក្នុង​ការបិទ​គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ជាច្រើន​ទៀត ដែល​កំពុង​ធ្វើ​សកម្មភាព​ទុច្ចរិត និង​បន្ត​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវការ​ឲ្យ​គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង និង​ស្ថាប័នរដ្ឋ ដើម្បី​បញ្ជាក់​ពី​ភាពច្បាស់លាស់​ដល់​សាធារណជន​ទូទៅ និង​ជៀស​ផុតពី​អំពើ​ឆបោក​ផ្សេងៗ​»​។ 
 
​ក្រសួងមហាផ្ទៃ លើកឡើងថា ការចាត់វិធានការ​នេះ គឺ​ដើម្បី​រក្សា​សុ​វត្តិភាព និង​ភាពត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ពេញនិយម​មួយ​នេះ​។ ក្រសួងមហាផ្ទៃ បន្ថែមថា យន្តការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ការបង្ក្រាប​យ៉ាង​ម៉ត់ចត់​ចំពោះ​បទល្មើស​បច្ចេកវិទ្យា គឺ​ស្របតាម​តួនាទី​ភារកិច្ច ដែល​បាន​ដាក់ចេញ​ក្នុង​រយៈកាល​កន្លងមក​៕  
 

Tag:
 ក្រសួងមហាផ្ទៃ​
  ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com