ជាតិ
ភាពយន្ត​ខ្លី​៣​រឿង​ទទួល​ពានរង្វាន់​ក្នុងការ​ប្រកួតប្រជែង​ភាពយន្ត​ខ្នាត​ខ្លី​ឆ្នាំ​២០១៨
28, Oct 2018 , 4:19 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រកួតប្រជែង​ភាពយន្ត​ខ្នាត​ខ្លី​ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយមូលនិធិ ក្រុមប្រឹក្សា​ជាតិ​អាជ្ញាកណ្ដាល ក្នុង​វិស័យ​ការងារ​កម្ពុជា បាន​រកឃើញ​ភាពយន្ត​ដែល​ល្អ​ជាងគេ​៣​រឿង ដើម្បី​ទទួលពាន​រង្វាន់​​។​


 
​ភាពយន្ត​ដែល​ផ្ដោត​សំខាន់​លើ​វិវាទ​ការងារ រវាង​និយោជក និង​និយោជិត ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា និង​ភាគី​ដោះស្រាយ ត្រូវបាន​វាយតម្លៃ​ដោយ​គណៈកម្មការ​ជំនាញ និង​តាមរយៈ​ការ​ចុច​ចូលចិត្ត​(like) និង​ចែករំលែក​(share)  នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​ភាពយន្ត​ខ្លី​ចំនួន​៣​រឿង​ដែល​ទទួលបាន​ពានរង្វាន់​នោះ​រួមមាន ជ័យលាភី​លេខ​១ បាន​ទៅលើ​រឿង “​បន្ទប់​ជួល​”​។  រឿងនេះ​និយាយ​ពី​កម្មក​រោងចក្រ ដែល​ធ្វើ​ការមិនទទួលបាន​ប្រាក់កម្រៃ​ចំនួន​៣​ខែ​។ ក្រោយពី​កម្មករ​ទាំង​៣​នាក់​បាន​ទៅរក​ដំណោះស្រាយ​ពី​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ពួកគេ​ក៏បាន​ចូលធ្វើការ និង​ទទួលបាន​ប្រាក់ខែ​វិញ​។​


 
​ភាពយន្ត​ខ្លី​ជ័យលាភី​លេខ​២ បាន​ទៅលើ​រឿង “​សំឡេង​វិទ្យុ​”​។ ភាពយន្ត​នេះ​បង្ហាញ​ពី កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​បីនាក់ មាន​ផ្នត់គំនិត​ថាបើ​គ្មាន​ប្រាក់ គ្មាន​ស្ថាន​ប័ន​ណា​ជួល​កម្មករ​ឡើយ​។ ថ្ងៃមួយ​ពួកគេ​ត្រូវបាន​ថៅកែ​បញ្ឈប់ ដោយ​ចោទថា​ក្រុម​ពួកគេ​ឧស្សាហ៍​ឈឺ ធ្វើការ​មិនទាន់​កូតា​របស់​ក្រុមហ៊ុន ដែល​ផ្ទុយ​ពី​ការពិត​។ ស្របពេល​គ្មាន​ការងារ ជីវភាព​គ្រួសារ​ក៏មាន​បញ្ហា ថ្ងៃមួយ​ពួកគេ​បាន​ស្ដាប់​វិទ្យុ​ចំ​កម្មវិធី “​ថៅកែ​ល្អ កម្មករ​ល្អ​”​។ ក្រោយពី​បាន​ព័ត៌មាន ពួកគេ​ក៏បាន​ដាក់ពាក្យ​ប្ដឹងទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ហើយ​ពួកគេ​ក៏ត្រូវ​បាន​ថៅកែ​ព្រមឱ្យ​ចូលធ្វើការ​វិញ​។​
 
​ចំណែក​ភាពយន្ត​ទទួលបាន​ជ័យលាភី​លេខ​៣​គឺ​រឿង “ ខឹង​ខុស ខឹង​ខាត​" ។ ភាពយន្ត​នេះ​និយាយ​ពី កម្មករ​រោងចក្រ​ម្នាក់​មាន​ជំងឺ តែ​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ ថែមទាំង​បញ្ចប់​កិច្ចសន្យា​របស់​កម្មករ​រូបនោះ​មុន​កាលបរិច្ឆេទ​ទៀត​។  ក្រោយ​ជួប​រឿង​បែបនេះ​កម្មករ​ច្រើន​នាក់ បានជ្រើសរើស​មិន​ធ្វើ​កូដកម្ម តែ​បែរជា​ទៅរក​ក្រសួង​ការងារ​ឱ្យជួយ​ដោះស្រាយ និង​បន្តទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​
 
​ក្រៅពី​ភាពយន្ត​ទាំងបី​រឿង​ខាងលើ នៅមាន​ភាពយន្ត​ខ្លី​ពីរ​រឿង​ផ្សេងទៀត ដែល​ទទួលបាន​រង្វាន់​លើកទឹកចិត្ត គឺ​រឿង “​អ្នកណា​ជួយ​ខ្ញុំ​” និង​រឿង “​ការចូលរួមចំណែករ​បស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​កម្ពុជា​។ 
 
​សម្រាប់​រង្វាន់​ដែល​ភាពយន្ត​ជ័យលាភី​ទទួលបាន លេខ​១​ទទួលបាន​ទឹកប្រាក់ ៤,០០០,០០០ រៀល និង​ពានរង្វាន់​លេខ​១​។ ជ័យលាភី​លេខ​២ ទទួលបាន​ទឹកប្រាក់​ចំនួន  ២,៨០០,០០០​រៀល និង​ពានរង្វាន់​លេខ​២​។ ជ័យលាភី​លេខ​៣ ទទួលបាន​ទឹកប្រាក់ ២,០០០,០០០​រៀល និង​ពានរង្វាន់​លេខ​៣​។ ចំនែក​ភាពយន្ត​ដែល​ទទួល​រង្វាន់់​លើក​ទឹក​ច​ចិត្ត ទទួលបាន​ទឹកប្រាក់​ចំនួន ៦០០,០០០ ព្រមទាំង​លិខិត​សរសើរ​។​


 
 ការប្រកួតប្រជែង​ភាពយន្ត​ខ្នាត​ខ្លី​ឆ្នាំ​២០១៨​នេះ គឺជា​រដូវ​កាល​ទី​២​ហើយ​។ កម្មវិធី​ប្រកួតប្រជែង​ភាពយន្ត​ខ្លី​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រឹង​ការយល់ដឹង​បន្ថែម អំពី​យន្តការ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិភាព និង​ដើម្បី​ធ្វើឱ្យមាន​ការរីកចម្រើន​វិស័យសេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​។​
 
​សូម​បញ្ជក់​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺជា​ស្ថាប័ន​ឯករាជ​មួយ​ដែល​ដោះស្រាយ​រាល់​វិវាទ​ការងារ​រវាង​និយោជក និង​និយោជិត ដោយ​មិន​គិតថ្លៃ​សេវា​៕





Tag:
 ភ្នំពេញ​
  ភាពយន្ត​ខ្លី​
  សិល្បៈ​
  ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com