នៅថ្ងៃទី៦ខែកញ្ញា សមាជិករដ្ឋសភាបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា។ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក៏បានក្លាយជាសមាជិកក្មេងជាងគេនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ តាមរយៈការដឹកនាំគណៈកម្មការទី៧។ លោក ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តដឹកនាំគណៈកម្មការជំនាញនេះឲ្យរស់រវើក និងមានប្រសិទ្ធភាពសម្រាប់ស្ថាប័ននីតិបញ្ញត្តិដែលលោកបានបម្រើ៥ឆ្នាំរួចមកហើយ។ មាន ការងារសំខាន់បី ដែលលោក ហ៊ុន ម៉ានី នឹងអនុវត្តនៅក្នុងគណៈកម្មការជំនាញដែលត្រូវតាមដានក្រសួងចំនួន៤គឺ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌, ក្រសួងធម្មការ និងសាសនា និងក្រសួងទេសចរណ៍។
ខាងក្រោមនេះគឺជាបទសម្ភាសដែលលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាផ្តល់ឲ្យលោក លាង ដឺលុច ជានាយកប្រតិបត្តិនៃសារព័ត៌មានថ្មីៗ៖
លោក លាង ដឺលុច៖ កាលពី៥ឆ្នាំមុន ក្នុងនីតិកាលទី៥ លោកបានក្លាយជាអ្នកតំណាងរាស្ត្រវ័យក្មេងជាងគេ។ ក្នុងនីតិកាលនេះ លោកមិនត្រឹមតែបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺសារជាថ្មីទេ តែលោកបានទទួលតួនាទីថ្មីថែមទៀត គឺដឹកនាំគណៈកម្មការជំនាញទី៧។ តើអ្វីជាចំណាប់របស់លោកចំពោះតួនាទីថ្មីនេះ?
លោក ហ៊ុន ម៉ានី៖ ៥ឆ្នាំមុនមានការភ្ញាក់ផ្អើលម្តង ដោយគណបក្សបានផ្តល់ឱកាសឲ្យឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ៥ឆ្នាំក្រោយ មានការភ្ញាក់ផ្អើលម្តងទៀត តែពោរពេញដោយកត្តិយស ដោយគណបក្សបានផ្តល់ ឱកាសជាថ្មីម្តងទៀត ហើយក៏មានការអនុម័តដោយតំណាងរាស្ត្រដើម្បីឲ្យខ្ញុំក្លាយជា ប្រធាន គណៈកម្មាធិការទី៧នៃរដ្ឋសភាជាតិរបស់យើង។ នេះកិត្តិយសដ៏ធំធេង តែអ្វីដែលសំខាន់នោះ គឺតួនាទីភារកិច្ចដែលសំខាន់។ ទោះមានការលំបាក ការងារមានវិសាលភាពធំយ៉ាងណាក៏ដោយ ខ្ញុំត្រូវខិតខំប្រឹងប្រែងបំពេញ ដើម្បីប្រជាជន និងសង្គមជាតិ។
លោក លាង ដឺលុច៖ តើលោកដឹងដែរឬទេថា ហេតុអ្វីបានជាថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរដ្ឋសភាប្រគល់តួនាទីនេះជូនលោក ?
លោក ហ៊ុន ម៉ានី៖ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែងតែមានការវាយតម្លៃនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ថាតើឥស្សរជនណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបាននូវតួនាទីនីមួយៗ។ វាជាការអនុវត្តប្រជាធិបតេយ្យនៅក្នុងគណបក្ស។ សម្រាប់ករណីខ្ញុំ ខ្ញុំគិតថា រយៈពេល៥ឆ្នាំកន្លងទៅនេះ ក្នុងនាមខ្ញុំជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ផង និងក្នុងនាមខ្ញុំជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺផង ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំទៅតាមអ្វីដែលត្រូវបានចែងឲ្យបម្រើប្រជាជន និងសង្គមជាតិយើង។ មិនថាខ្ញុំ មិនថាឥស្សរជនដទៃទេ គឺមិនអាចទទួលជោគជ័យទេ បើសិនជាគ្មានការលះបង់ ការតស៊ូ ការធ្វើការងារជាក្រុមនោះទេ។ ដូច្នេះអ្វីដែលមាននៅថ្ងៃនេះ មិនអាចត្រូវកាត់ផ្តាច់បានពីអ្វី ដែល យើង ខំ អនុវត្តក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនោះទេ។
លោក លាង ដឺលុច៖ ៥ឆ្នាំហើយដែលលោកបានធ្វើជាអ្នកតំណាងរាស្ត្រ។ នៅនីតិកាលថ្មីនេះ លោកនៅតែជាប់ឆ្នោតជាតំណាងរាស្ត្រ ហើយទទួលបានតួនាទីដឹកនាំគណៈកម្មាធិការជំនាញទី៧ទៀត។ តើលោកគិតថា លោកកំពុងទទួលបានជោគជ័យនៅក្នុងអាជីពជាអ្នកនយោបាយដែរឬទេ ?
លោក ហ៊ុន ម៉ានី៖ ពីជំហ៊ានមួយ ទៅជំហ៊ានមួយ បើនិយាយអំពីភាពជោគជ័យ មិនគួរណាខ្ញុំជាអ្នកវាយតម្លៃទេ។ ជោគជ័យ ឬមិនជោគជ័យ វាជារឿងមួយ តែអ្វីដែលសំខាន់ គឺការបំពេញភារកិច្ចទៅមុខថែមទៀត។ កម្មវិធីនីមួយៗដែលយើងបានធ្វើកន្លងមកក្នុងរយៈពេល៥ឆ្នាំ មិនថាក្នុងក្របខណ្ឌ សហភាពសហព័ន្ធយុវជនកម្ពុជា ឬក្នុងនាមជាតំណាងរាស្ត្រកំពង់ស្ពឺទេ តែងមានការស្វាគមន៍ច្រើនពីប្រជាពលរដ្ឋ។ ទៅខាងមុខទៀត យើងមានការងារច្រើនដែលយើងប្រឹងរៀនសូត្របន្ថែម។ យើងដឹងច្បាស់ថាអ្វី ដែលជា តួនាទីប្រធានគណៈកម្មការទី៧នេះ។ យើងត្រូវរៀបចំផែនការច្បាស់លាស់ ដើម្បីអាចសម្រេចការងារជោគជ័យ។ អ្វីៗទាំងអស់មិនអាចសម្រេចដោយខ្លួនឯងនោះទេ គឺត្រូវការធ្វើការជាក្រុមជាមួយឯកឧត្តមលោកជំទាវជាសមាជិករបស់គណៈកម្មាការទី៧ ហើយខ្ញុំសង្ឃឹមថា អាចមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។
លោក លាង ដឺលុច៖ លោក ហ៊ុន ម៉ានី តើការងារស្នូលរបស់គណៈកម្មការទី៧មានអ្វីខ្លះ ?
លោក ហ៊ុន ម៉ានី៖ គឺការស្រាវជ្រាវ និងតាក់តែងសេចក្តីស្នើច្បាប់ទៅលើវិស័យនីមួយៗ បើសិនជាមានតម្រូវការ។ ម្យ៉ាងទៀត គឺការសហការជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងទាំង៤ដែលនៅក្រោមឆ័ត្រនៃគណៈកម្មការទី៧ ដែលយើងត្រូវពិគ្រោះយោបល់ វាយតម្លៃ និងតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។ លើសពីនោះ យើងត្រូវពន្យល់ពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យពួកគេដឹងច្បាស់ថា ការតាក់តែងច្បាប់នីមួយៗ កម្មវិធីនយោបាយរបស់រដ្ឋាភិបាលផ្នែកនីមួយៗ មានអត្ថប្រយោជន៍យ៉ាងណាជូនដល់ប្រជាពលរដ្ឋ។ ដូចគ្នាដែរ គឺយើងយកការព្រួយបារម្ភរបស់ពលរដ្ឋមូលដ្ឋាន មកជូនរដ្ឋាភិបាល។
លោក លាង ដឺលុច៖ និយាយអំពីវិស័យទាំង៤នៅក្នុងគណៈកម្មការទី៧ ខ្ញុំគិតថា លោកប្រហែលជាមិនមានបញ្ហាច្រើនទេនៅក្នុងវិស័យ អប់រំ យុវជន កីឡា វប្បធម៌ ព្រោះលោកបានសម្រេចសមិទ្ធផលច្រើនក្នុងពេលកន្លងមក។ ប៉ុន្តែវិស័យសាសនា និងទេសចរណ៍ លោកហាក់មិនទាន់មានពិសោធន៍ច្រើននៅឡើយទេ។ តើវិស័យពីរចុងក្រោយនេះ ធ្វើឲ្យលោកព្រួយបារម្ភឬទេ ?
លោក ហ៊ុន ម៉ានី៖ ទោះនៅក្នុងក្របខណ្ឌសហភាពសហព័ន្ធយុវជនកម្ពុជា ហើយយើងបានប្រឡូកច្រើនក្នុងការកៀងគរ និងផ្តល់ឱកាសឲ្យយុវជនក្នុងវិស័យអប់រំ យុវជន និងកីឡាក្តី ក្នុងវិស័យវប្បធម៌ក្តី ខ្ញុំគិតថា វិស័យទាំង៤នៅក្នុងគណៈកម្មការជំនាញទី៧នេះ សុទ្ធតែជាវិស័យសំខាន់ចំពោះសង្គមជាតិរបស់យើងទៅថ្ងៃអនាគត។ ទោះបីយើងបានប្រឡូកច្រើន តែក៏មានការងារច្រើនដែលត្រូវសិក្សាបន្ថែម ហើយធ្វើបច្ចុប្បន្នភាព ធ្វើយ៉ាងណាដើម្បីឲ្យយន្តការរបស់យើងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ នេះខ្ញុំសំដៅលើអប់រំ យុវជន និងកីឡា និងវប្បធម៌មុន។ ចំពោះទេសចរណ៍ និងសាសនា ដូចគ្នាដែរ គឺទាមទារឲ្យយើងសិក្សាបន្ថែមពីកម្មវិធីនយោបាយ អំពីច្បាប់ ពិសេសលើវិស័យនេះផ្ទាល់តែម្តង។ គឺមិនត្រូវគិតថា ត្រឹមបច្ចុប្បន្នភាពមានអ្វីនោះទេ តែត្រូវគិតថា៥ឆ្នាំ ឬ២០ឆ្នាំទៅមុខទៀត តើវិស័យទេសចរណ៍ និងវិស័យសាសនា នឹងដើរតួយ៉ាងណាសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាផង និងការអប់រំឲ្យមានមេត្តាធម៌ ជួយគ្នាទៅវិញទៅមកនេះ ទាមទារឲ្យយើងសិក្សាបន្ថែមអ្វីដែលមានក្នុងដៃ និងឆ្ពោះទៅអនាគត។
លោក លាង ដឺលុច៖ តើលោកអាចបញ្ជាក់លម្អិតជាងនេះបានទេ ថាលោកនឹងធ្វើអ្វីខ្លះក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ក្នុងនាមជាប្រធានគណៈកម្មការទី៧ ? លោកនឹងអញ្ជើញរដ្ឋមន្ត្រីមកសួរដេញដោលអំពីការងាររបស់ពួកគាត់ឬទេ ?
លោក ហ៊ុន ម៉ានី៖ ទោះបីខ្ញុំជាប្រធានគណៈកម្មការទី៧នៃនីតិកាលទី៦នេះក្តី យើងត្រូវដឹងថាអ្វីដែលរដ្ឋធម្មនុញ្ញអនុញ្ញាត និងត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ក្នុងគណៈកម្មការទី៧ យើងបានពិភាក្សាពីរបីដងហើយ ហើយយើងគិតថា ក្នុងនីតិកាលនេះ យើងចង់សម្រេចការងារបីចំណុច។ ទីមួយ យើងនឹងបន្តបទពិសោធន៍វិជ្ជមាន គណៈកម្មការបានធ្វើក្នុងនីតិកាលមុនៗ។ យើងនឹងបន្តទំនៀមទម្លាប់ និងបំពេញការងារបន្ថែមជូនគណៈអចិន្ត្រៃយ៍រដ្ឋសភាឲ្យមានប្រសិទ្ធភាពខ្ពស់។ ទីពីរ អ្វីដែលយើងចង់ឃើញនៅក្នុងនីតិកាលទី៦នេះ គឺការសហការ ពិគ្រោះយោបល់ និងធ្វើការងារជាមួយនីតិប្រតិបត្តិ ពិសេសក្រសួងនីមួយៗដែលស្ថិតនៅក្រោមឆ័ត្រនៃគណៈកម្មការទី៧នេះ ឲ្យបានជាផ្លែផ្កាដល់ប្រជាពលរដ្ឋ និងសង្គមជាតិយើងឲ្យបានច្បាស់លាស់។ ទីបី យើងសង្ឃឹមថា គណៈកម្មការទី៧ នឹងក្លាយជាវេទិកាមួយដែលអាចកៀងគរឥស្សរជនផ្សេងៗ មិនថាដៃគូអភិវឌ្ឍក្នុងប្រទេស ក្រៅប្រទេស អង្គការសមាគម ដែលធ្វើការងារលើវិស័យទាំង៤ក្នុងគណៈកម្មការនេះ ដើម្បីពួកគេអាចចូលរួមមតិវិជ្ជមានបន្ថែម ហើយយើងនឹងផ្តល់ទៅខាងនីតិប្រតិបត្តិ។
លោក លាង ដឺលុច៖ ខ្ញុំងាកចេញពីភារកិច្ចរបស់គណៈកម្មការទី៧របស់លោក ដោយត្រូវមកនិយាយអំពីការងាររបស់រដ្ឋសភាទាំងមូលវិញ។ តាំងពីគណបក្សប្រជាជនកម្ពុជារបស់លោកទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ពលរដ្ឋបានបារម្ភអំពីការពិភាក្សាសេចក្តីព្រាងច្បាប់ ដែលអាចមិនផុលផុសដូចកាលពីពេលដែលមានគណបក្សទំទាស់ ឬមានគណបក្សច្រើននៅក្នុងរដ្ឋសភាដូចនីតិកាលមុនៗ។ តើលោកពន្យល់យ៉ាងណាដែរ ?
លោក ហ៊ុន ម៉ានី៖ មុនឆ្លើយសំណួរលោក ខ្ញុំសូមអរគុណពលរដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំ។ ដូច្នេះពីពេលនេះទៅមុខ គឺការតបស្នងសងគុណ។ តាមពិត ជាការយល់ដឹងរបស់ខ្ញុំតាំងពីនីតិកាលទី៥ អ្វីដែលជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា គឺចេញពីប្រជាជន ធ្វើការដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ក្នុងនាមជាតំណាងរាស្ត្រទូទាំងប្រទេស គឺយើងត្រូវលើកយកយោបល់របស់ប្រជាជនចូលមកក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ។ និយាយអំពីសេចក្តីព្រាងច្បាប់វិញ ដោយផ្អែកលើយើងជាអ្នកតំណាងឲ្យប្រជាជន ការពិភាក្សាជាមួយរដ្ឋាភិបាល គឺមិនខុសគ្នាពីនីតិកាលមុនៗនោះទេ។ គណបក្សច្រើន ឬគណបក្សតែមួយនៅក្នុងរដ្ឋសភា តួនាទីយើងមិនប្រែប្រួលនោះទេ។
លោក លាង ដឺលុច៖ លោកជឿជាក់ថា អ្នកតំណាងរាស្ត្រទាំង១២៥រូបនឹងអនុវត្តតួនាទីរបស់ខ្លួន ទោះបីជាសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចគ្នា ?
លោក ហ៊ុន ម៉ានី៖ ខ្ញុំមិននិយាយជំនួសមុខអ្នកតំណាងរាស្ត្រ១២៤រូបទៀតទេ។ តែចំពោះខ្ញុំ ខ្ញុំអាចនិយាយបានច្បាស់លាស់ និងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺខ្ញុំនឹងនាំយកមតិយោបស់របស់ពលរដ្ឋមកក្នុងរដ្ឋសភា តាមរយៈខ្ញុំជាតំណាង។ និយាយអំពីសេចក្តីព្រាងច្បាប់ វាមិនមែនថាអ្វីៗទាំងអស់ត្រូវតែជំទាស់នោះទេ។ សេចក្តីព្រាងច្បាប់ណាដែលមានភាពច្បាស់លាស់ ហើយបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនហើយ គួរតែគាំទ្រ។ តែបើមានចំណុចព្រួយបារម្ភ មិនច្បាស់លាស់ យើងអាចស្នើឲ្យតំណាងរដ្ឋាភិបាលបំភ្លឺបន្ថែម។ វាត្រូវតែជាការពិភាក្សាមួយ ក្រោយពីអនុម័តសេចក្តីព្រាងច្បាប់ ការអនុវត្តច្បាប់នោះនឹងមានប្រសិទ្ធភាព។
លោក លាង ដឺលុច៖ មានសំណួរមួយដែលខ្ញុំត្រូវតែសួរលោក។ លើសពីការដឹកនាំគណៈកម្មការជំនាញរដ្ឋសភា លោកនៅដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាទៀត។ លោកនៅអាចរែកពន់ការងារទាំងពីរនេះបាន ?
លោក ហ៊ុន ម៉ានី៖ អាចសម្រេចបានការងារទាំងអស់នេះ គឺមិនមែនខ្ញុំម្នាក់ឯងទេ។ គឺដោយសារក្រុមការងារ និងគ្រួសារ សម្រាប់ការងារខាងសហភាពសហព័ន្ធយុវជនកម្ពុជា។ រីឯនៅក្នុងគណៈកម្មការរដ្ឋសភា គឺយើងមានឯកឧត្តម លោកជំទាវជាសមាជិក និងជំនួយការថែមទៀត។ មិនថាបច្ចុប្បន្ននេះទេ ទៅថ្ងៃអនាគតក៏ដោយ យើងត្រូវសម្រេចការងារជាក្រុម។ ទោះបីការងារមានច្រើនជាងមុនក៏ដោយ តែអ្វីដែលច្បាស់លាស់ គឺយើងមានទឹកចិត្ត និងឆន្ទៈ។ ដូច្នេះ មិនថា សសយក មិនថាគណៈកម្មការទី៧ទេ គឺយើងត្រូវការប្តេជ្ញាចិត្ត តស៊ូថែមទៀតដើម្បីបំពេញភារកិច្ចជូនសង្គមជាតិរបស់យើង។
លោក លាង ដឺលុច៖ តើលោករំពឹងទទួលទ្ធផលបែបណានៅក្នុងពេល៥ឆ្នាំក្រោយ នៅក្នុងគណៈកម្មការរដ្ឋសភានេះ?
លោក ហ៊ុន ម៉ានី៖ យើងនឹងចូលរួមជាមួយរដ្ឋាភិបាល ធ្វើយ៉ាងណាសម្រេចឲ្យបានផ្លែផ្កាជាក់លាក់ជូនដល់ប្រជាពលរដ្ឋតែម្តង។ ទោះយ៉ាងណាក៏ដោយ សម្រាប់ខ្ញុំ ខ្ញុំមិនចង់មើលការងារទាំងឡាយ គ្រាន់តែសម្រាប់មួយអាណត្តិ ទៅមួយអាណត្តិនោះទេ។ ការអភិវឌ្ឍ និងការវិវត្តរបស់ប្រទេសជាតិ គឺវែងឆ្ងាយ។ អ្វីដែលយើងបានធ្វើ៥ឆ្នាំកន្លងមក ទោះក្នុងនាមជាប្រធាន ស.ស.យ.ក. ក្តី ឬក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក្តី វាបានដាក់គ្រឹះជាមូលដ្ឋានមកដល់នីតិកាលទី៦នេះ។ ហើយអ្វីដែលយើងនឹងប្រឹងប្រែងធ្វើក្នុងនីតិកាលនេះ វាក៏នឹងជាថ្នាលបន្តបន្ទាប់សម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។ បើយើងនិយាយត្រឹមតែអាណត្តិ វាគ្រាន់តែជាវដ្ដនៃការបោះឆ្នោតតែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍប្រទេស យើងមិនអាចមើលត្រឹមតែ៥ឆ្នាំម្តងនេះទេ។ មិនថាក្នុងនាមគណៈកម្មការទី៧ មិនថា ស.ស.យ.ក. ខ្ញុំបានទទួលពិសោធន៍ពីថ្នាក់ដឹកនាំមួយចំនួន។ ហើយខ្ញុំអាចនិយាយតាមត្រង់បានថា ខ្ញុំបានទទួលឥទ្ធិពលនៃភាពជាអ្នកដឹកនាំពីឪពុកខ្ញុំច្រើន។ មិនមែនក្នុងនាមគាត់ជាឪពុកទេ តែក្នុងនាមគាត់ជាអ្នកដឹកនាំមួយ។ ជាពិសោធន៍នៃការប្រាស្រ័យទាក់ទងជាមួយប្រជាជន ក្នុងក្របខណ្ឌតំណាងរាស្ត្រ និងជាមួយយុវជន យុវនារី ក្នុងក្របខណ្ឌ ស.ស.យ.ក. ។ យើងនឹងចូលរួមជាមួយរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីចក្ខុវិស័យ២០៣០ និង២០៥០ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីយើងឃើញអនាគតកម្ពុជាមួយវែងឆ្ងាយលើសត្រឹមតែមួយអាណត្តិ។ ខ្ញុំជឿជាក់លើអនាគតរបស់កម្ពុជាមួយ។ ខ្ញុំជួបជាមួយយុវជនយុវនារីកម្ពុជាច្រើន ខ្ញុំឃើញគំនិតច្នៃប្រឌិត ការតស៊ូ ការលះបង់ ការចូលរួមចំណែករបស់ពួកគេសម្រាប់កម្ពុជា៕