ជាតិ
«​តន្ត្រី និង​ចំណាកស្រុក​» ជា​ប្រធានបទ​ក្នុង​ពិធីបុណ្យ​តន្ត្រី​អន្តរជាតិ​លើក​ទី​១៥​ឆ្នាំនេះ
28, Oct 2018 , 6:59 pm        
រូបភាព
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា  ស្ថានទូត​អាល្លឺម៉ង់ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា នឹង​រួមគ្នា​រៀបចំ​បុណ្យ​តន្ត្រី​អន្តរជាតិ​លើក​ទី​១៥ ក្រោម​ប្រធានបទ «​តន្ត្រី និង​ចំណាកស្រុក​» ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​


 
​កម្មវិធី​នេះ​រៀបចំ​នៅ​សណ្ឋាគារ Raffles Hotel-LeRoyal ដែល​បើក​ការប្រគំ​តន្ត្រី​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា វេលា​ម៉ោង​៧​យប់​។ ពិធីបុណ្យ​នេះ​ប្រព្រឹត្តទៅ​ស្របពេល​គ្នា​នឹង​ការអបអរ​ខួបកំណើត​លើក​ទី​១០០ របស់​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​ភ្លេង​ដ៏​ល្បី​របស់​អាមេរិក នៅ​សតវត្ស​ទី​២០ គឺ​លោក Leonard Bernstein ។​
 
​ឯកអគ្គរដ្ឋទូត​លោក William Heidt មានប្រសាសន៍ថា ប្រធានបទ​នេះ​ស័ក្តិសម​ណាស់​ទៅនឹង​ប្រវត្តិ​របស់លោក Bernstein និង​ការរួមចំណែក​របស់គាត់ ចំពោះ​វប្បធម៌​អាមេរិក ក្នុងនាម​ជា​ជនអន្តោប្រវេសន៍​ម្នាក់​។ លោក Bernstein, George Gershwin និង​តន្ត្រីករ​ដទៃទៀត ដែលមាន​ឈ្មោះ​នៅក្នុង​ពិធីបុណ្យ​នេះ បាន​ចាក​ចេញពី​ប្រទេស​របស់គេ ដើម្បី​កសាង​ជីវិត​ថ្មី​មួយ និង​ស្វែងរក​ឱកាស​ថ្មីៗ​។ លោ​កថា​ជនអន្តោប្រវេសន៍ បានរួម​ចំណែក​យ៉ាងច្រើន ដល់​ប្រពៃណី​ផ្នែក​សិល្បៈ របស់​ប្រទេស​អាមេរិក ដោយ​ទាញយក​ប្រយោជន៍​ពី​ប្រពៃណី​របស់គេ និង​សង្គម​នៅ​ប្រទេស​អាមេរិក ដែលមាន​គំនិត​ច្នៃប្រឌិត​ថ្មី និង​មាន​ភាពរស់រវើក ដើម្បី​បង្កើត​ស្នាដៃ​ដែល​ល្បី​បំផុត​ផ្នែក​តន្ត្រី នៅ​ជុំវិញ​ពិភពលោក​។​
 
​លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រគំ​តន្ត្រី​នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ដើម្បី​បង្ហាញ​ការរួមចំណែក​ទាំងឡាយ ដែល​ពលរដ្ឋ​អាមេរិក​មាន​ដើមកំណើត​នៅ​បរទេស​បានផ្ដល់​។ ខ្ញុំ​សង្ឃឹមថា លោក​អ្នកនឹង​រីករាយ​ចំពោះ​ការសម្ដែង​ដ៏​ល្អ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​នាយក​រៀបចំ​ពិធីបុណ្យ Anton Isselhardt និង​ក្រុម​របស់លោក​»​។​
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លោកស្រី ភឿង ស​កុ​ណា បាន​មានប្រសាសន៍ថា ក្នុងចំណោម​អ្នកសិល្បៈ អ្នកនិពន្ធ​ឈ្មោះ អ៊ុង ជិន​ណា​រី មាន​ដើមកំណើត​នៅ​ខេត្តតាកែវ គឺជា​អ្នកនិពន្ធ​ដ៏​ជោគជ័យ​មួយរូប ហើយ​ត្រូវបាន​សាទរ​ជា​អន្តរជាតិ ជាមួយនឹង​ពានរង្វាន់​ល្បីៗ​ជាច្រើន​។ បណ្ឌិត សំ សំអាង អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ភ្លេង​ទាក់ទង​នឹង​វប្បធម៌ ដែល​បានធ្វើការ​នៅ​សហរដ្ឋអាមេរិក និង​នៅ​កម្ពុជា ដើម្បី​អភិរក្ស និង​បំផុស​សិល្បៈ​សម្ដែង​របស់​ខ្មែរ​។​
 
​អ្នកស្រី​បានបញ្ជាក់​ថា​៖«​ខ្ញុំ​សង្ឃឹមថា លោក​អ្នកនឹង​រីករាយ​ជាមួយនឹង​ភាពសម្បូរ​បែប​នៃ​តន្ត្រី ដែល​ត្រូវបាន​បង្កើតឡើង​នៅក្រោម​កាលៈទេសៈ​ផ្សេងៗ នៃ​ការធ្វើ​អន្តោប្រវេសន៍ ហើយ​ដឹងថា​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​រួមចំណែក​ចំពោះ​ការអភិវឌ្ឍ​បែបនេះ​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.musicfestival-phnompenh.org
 

Tag:
 តន្ត្រី​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com