ជាតិ
ភាពយន្ត​ខ្លី​ចំនួន​៧៧​ចំណងជើង ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០១៨
28, Oct 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ហៅ​កាត់​ថា CSFF បាន​សម្រិតសម្រាំង​ភាពយន្ត​ខ្លី​ចំនួន​៧៧​ចំណងជើង ដើម្បី​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​របស់ខ្លួន​ឆ្នាំ​២០១៨​នេះ​។ ភាពយន្ត​ខ្លី​ទាំងនោះ​មាន​ទាំង​រឿង​ក្នុងស្រុក និង​បរទេស ដែល​ចាក់​បញ្ចាំង​ចំនួន​៤​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​២៧ ដល់​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​២០១៨​។


 
​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧ បាន​បើក​ទទួលយក​ភាពយន្ត​ខ្នាត​ខ្លី តាំងពី​ដើមឆ្នាំ​២០១៨ ដោយមាន​សមិទ្ធ​ករ​ដាក់​ភាពយន្ត​មក​មហោស្រព​ចំនួន ៣០១ ចំណងជើង ទាំង​ក្នុង​និង​ក្រៅប្រទេស​។ បន្ទាប់ពី​សម្រិតសម្រាំង​យក​រឿង​ដែលមាន​គុណភាព អត្ថន័យ និង​អត្ថរស​រួចមក មហោស្រព​បានជ្រើសរើស​ភាពយន្ត​ខ្លី​ចំនួន ៧៧​ចំណងជើង ដើម្បី​ចាក់​បញ្ចាំង និង​ប្រកួត​។ ក្រៅពី​ទស្សនា​ភាពយន្ត​ទាំងនោះ​នៅតាម​រោងភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ ទស្សនិកជន ក៏​អាច​ចូលរួម​បោះឆ្នោត​ផ្ដល់​ពិន្ទុ​សម្រាប់​រឿង​ដែល​ខ្លួន​ពេញចិត្ត​ផងដែរ​។​
 
​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ ដែល​តាក់តែងឡើង ដើម្បីឱ្យ​សមិទ្ធ​ករ​ភាពយន្ត​ជាតិ និង​អន្តរជាតិ​បង្ហាញ​ពី​ទេពកោសល្យ ដ៏​អស្ចារ្យ​បំផុត​របស់​ពួកគេ​ជូន​ដល់​សាធារណជន តាមរយៈ​ភាពយន្ត​ខ្នាត់​ខ្លី​របស់ខ្លួន​។ មហោស្រព​នេះ​មាន​គោលបំណង​ចម្បង​ជម្រុញ​ឱ្យ​យុវជន​បង្កើត​ខ្សែភាពយន្ត​ប្រកបដោយ​ការច្នៃ​ប្រតិដ្ឋ និង​មាន​គុណភាព អត្ថន័យ អត្ថរស ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ 


 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្វ​ឡើង ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ដែល​កម្មវិធី​បើក​និង​បិទ​ធ្វើ​នៅ​សាលចតុមុខ ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាន់ខ្ពស់ សមិទ្ធិ​ករ ផលិតករ​ភាពយន្ត និង​តារាភាពយន្ត​ច្រើន​រូប​។ 
 
​ភាពយន្ត​ខ្លី​៧៧​ចំណងជើង​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​នៅ​រាជធានី​ភ្នំពេញ មានដូចជា​រោងភាពយន្ត មេជ័រ ស៊ី​ណេ​ផ្លិ​ច​បាយ​ស្មា​ត​(Major Cineplex  by smart) រោងភាពយន្ត​លេ​ជេន ( Legend Cinema) និង​រោងភាពយន្ត​ព្រីម​ស៊ី​ណេ​ផ្លិ​ច (Prime Cineplex)​។​
 
​ដោយឡែក​វិទ្យាស្ថាន​បារាំង នឹង​រៀបចំ​ការចាក់​បញ្ចាំង​ពិសេស នូវ​រឿង​ជ័យលាភី​៣​ឆ្នាំ​ចុងក្រោយ ពី​មហោស្រព អមដោយ​ខ្សែភាពយន្ត​ដែល​ជ្រើសរើស ដោយ​មហោស្រព​ភាពយន្ត​«​កាន​»(Cannes)​។ 
 
​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ជម្រុញ​ដល់​សាធារណៈជន​ទាំងអស់ សូម​អញ្ជើញ​ចូលរួម​ទស្សនា​ភាពយន្ត​ខ្នាត​ខ្លី​ឱ្យបាន​កុះករ ទុកជា​ការលើកទឹកចិត្ត​ដល់​សមិទ្ធិ​ករ និង​ផលិតករ​ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://chaktomukshortfilmfestival.com/ https://web.facebook.com/CSFF.co/?ref=br_tf
 

Tag:
 ភ្នំពេញ​
  ភាពយន្ត​ខ្លី​
  សិល្បៈ​
  មហោស្រព​ភាពយន្ត​ចតុមុខ​
 
© រក្សាសិទ្ធិដោយ thmeythmey.com