ជាតិ
សេដ្ឋកិច្ច
កសិកម្ម​កម្ពុជា ត្រូវការ​ពឹងផ្អែក SME ​ក្នុងស្រុក ឬ ក្រុមហ៊ុន​ធំៗ​បរទេស​?
29, Oct 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កសិករ ដើរតួ​ជា​អ្នក​ផលិត ប៉ុន្តែ​បើ​អត់​មាន​អ្នកប្រមូល​ទិញ ក៏​មិនដឹងថា​មាន​ទីផ្សារ​ល្អៗ​មកពីណា​។ កម្ពុជា​ត្រូវការ​ក្រុមហ៊ុន​ជាច្រើន​ទៀត ដែល​ដើរតួនាទី​ជា​អ្នកស្វែងរក​ទីផ្សារ ពិសេស​ទីផ្សារ​អន្តរជាតិ បង្កើត​រោងចក្រ​កែច្នៃ និង​សហការ​ជាមួយ​កសិករ​ផលិត​ឲ្យ​ត្រូវ​តាម​ទីផ្សារ​។ ក្រុមហ៊ុន​នេះឯង ដែល​នឹង​ធានា​ទិញ​កសិផល​ពី​កសិករ ដើម្បី​កែច្នៃ​នាំចេញ​។ ចុះបើ​មាន​ក្រុមហ៊ុន​ច្រើន​វិនិយោគ​បែបនេះ តើ​កសិករ​នឹង​សប្បាយ​ដាំ សប្បាយ​លក់ យ៉ាងណា​? ឬ​មានន័យថា​នេះ​ជា​ច្រក​ធ្វើ​ឲ្យ​កសិកម្ម​កម្ពុជា​ងើបឡើង​យ៉ាង​រស់​រវើក​។​


 
​ម្យ៉ាងទៀត​នេះ​មិនមែនជា​រូបភាព​ធម្មតាៗ ដូចដែល​ឈ្មួញ​រកស៊ី​ធ្វើ​កន្លងមក​នោះទេ​។ ឈ្មួញ គឺ​គ្រាន់តែ​ចាំ​ទិញ​តាម​រដូវ​ប្រមូល​ផល​ប៉ុណ្ណោះ មិនបាន​បង្កើន​តម្លៃបន្ថែម​ដល់​ការដាំដុះ គ្មាន​ការច្នៃ​ប្រឌិដ្ឋ​ផលិតផល​នោះទេ ហើយក៏​គ្មាន​ធានា​ដល់​កសិករ​ដែរ​។ ធ្វើបែបនេះ ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយនឹង​ថៃ និង​វៀតណាម​ណាស់ ព្រោះ​បរិមាណ​ផលិតផល​របស់គេ​ច្រើនជាង ថ្លៃដើម​ផលិត​គេ​តិចជាង និង​មាន​ការជួយជ្រោមជ្រែង​ច្រើន​ពី​រដ្ឋាភិបាល​របស់គេ​ទៀតផង​។​
 
​ដូចនេះ ការវិនិយោគ ដែល​ក្រុមហ៊ុន​ដើរតួ​ជា​អ្នកសម្របសម្រួល ឬ​នៅ​កណ្ដាល រវាង​កសិករ និង​ទីផ្សារ ពិតជា​សំខាន់​។ ទោះជា​ល្អ ប៉ុន្តែ​កន្លងមក មិនទាន់មាន​សកម្មភាព​វិនិយោគ​បែបនេះ​ច្រើន ឬ​ផុសផុល​នៅឡើយ​។
​តើ​ការវិនិយោគ​បែបនេះ ត្រូវការ​អ្នកវិនិយោគ​ខ្មែរ ដែល​បោះទុន​ក្នុង​ទម្រង់​ជា​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ឬ​ក្រុមហ៊ុន​ធំៗ​បរទេស​? មួយណា​ល្អ​ជាង​?
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ខាងក្រោម​នេះ​៖
 


 
​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice យល់ឃើញថា ក្នុងដំណាក់កាល​ដំបូង​ក្នុងអំឡុងពេល​ប្រមាណ ៥​ឆ្នាំ កម្ពុជា​ត្រូវការ SME ឲ្យ​មាន​សកម្ម​ភាពរស់រវើក​លើ​ការកែច្នៃ​នាំចេញ​។ តែ​សម្រាប់​រយៈពេល​វែង​ទៀត កម្ពុជា​ត្រូវការ​ក្រុមហ៊ុន​ធំ​អន្តរជាតិ ដែល​នឹង​នាំ​បច្ចេកវិទ្យា​មក​កម្ពុជា​។ 
 
​ប៉ុន្តែ​លោក សារ៉ន អះអាងថា ក្រុមហ៊ុន​ធំ​ទាំងនោះ ត្រូវតែ​ជា​ក្រុមហ៊ុន​វិនិយោគ​ពិតប្រាកដ ដោយ​មិនមែន​គ្រាន់តែ​ប្រកាស​គម្រោង​ចោល​នោះទេ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​ធំ តែ​ជា​ក្រុមហ៊ុន​ដែលមាន​បទពិសោធន៍​ពិតប្រាកដ ដែល​កំពុងតែ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ហើយ​មក​បង្កើត​រោងចក្រ​នៅ​ស្រុក​យើង ដែល​អាច​ឲ្យ SME រៀន​ពី​គេ ហើយ​ប្រែក្លាយជា​ក្រុមហ៊ុន​ធំ​ដែរ​»៕
 

Tag:
 កសិកម្ម​
  សុង សារ៉ន​
  SME
© រក្សាសិទ្ធិដោយ thmeythmey.com