កីឡាជាតិ
ជាតិ
កីឡាករ សុខ ធី ដែល​ចៅក្រម​កាត់ក្តី​ឲ្យ​ចាញ់​ថៃ គំរាម​ដកខ្លួន​ចេញ បើ​ការតវ៉ា​គ្មាន​ប្រសិទ្ធភាព​
28, Oct 2018 , 5:11 pm        
រូបភាព
ដោយ:
​លោក សាន់ សៅ​យ៉ាន់ គ្រូបង្វឹក​របស់​កីឡាករ សុខ ធី ហៅ កា​កា បានដាក់​ពាក្យ​ប្តឹងតវ៉ា ក្រោយ​មិន​ចេញ​ចិត្ត​ចំពោះ​លទ្ធផល ដែល​ចៅក្រម​កាត់ក្តី​ឲ្យ​កូនសិស្ស​របស់លោក​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ​។ កា​កា គំរាម​ដកខ្លួន​ចេញពី​ពានរង្វាន់ ISI Palm រដូវ​កាល​ទី​៣ បើ​ការតវ៉ា​នេះ​គ្មាន​ប្រសិទ្ធភាព​។​

 
​អ្នកលេង​គុន​ខ្មែរ​វ័យក្មេង​កីឡាករ សុខ ធី ត្រូវបាន​ចៅក្រម​កាត់ក្តី​ឲ្យ​ចាញ់​កីឡាករ​ថៃ ធ្នូ សឹក​ឡេ​ក ដោយ​ពិន្ទុ នា​ជំនួប​ដែល​រូបគេ​រំពឹង​ទទួលបាន​ជ័យជម្នះ​។ ភ្លាមៗ​នោះ​គ្រូបង្វឹក​របស់គេ គឺ​លោក សាន់ សៅ​យ៉ាន់ ដែល​មិន​ពេញចិត្ត​ចំពោះ​ការកាត់ក្តី​នេះ បានដាក់​ប្តឹងតវ៉ា​ទៅកាន់​គណៈកម្មការ​រៀប​ចំ ដើម្បី​សុំ​ត្រួតពិនិត្យ​ការប្រកួត​ឡើងវិញ​។​
 
​ជាមួយគ្នានេះ កីឡាករ សុខ ធី បាន​គំរាមថា រូបគេ​អាច​នឹង​ដកខ្លួន​ចេញ​ការប្រកួត​ពានរង្វាន់ ISI Palm របស់​ស្ថានីយទូរទស្សន៍ CNC បើ​ការតវ៉ា​ពុំ​ទទួលបាន​លទ្ធផល​ល្អ ឬ​គ្មាន​ដំណោះស្រាយ​។ ការ​គំរាម​បែបនេះ បន្ទាប់ពី​រូបគេ​យល់ថា ការកាត់ក្តី​នេះ​គ្មាន​យុត្តិធម៌ ព្រោះ​គ្មាន​ហេតុផល​ណា ដែល​រូបគេ​ត្រូវ​ចាញ់​កីឡាករ​ថៃ​រូបនេះ​ឡើយ​។ 


 
​កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ​គឺ​មិន​សម​ចាញ់​នោះទេ ព្រោះ​ខ្ញុំ​វាយ​ចូល​ច្រើន និង​វាយ​ឲ្យ​អាជ្ញាកណ្តាល​រាប់​កីឡាករ​ថៃ​នៅ​ទឹក​ទី​២​ទៀតផង​។ ទោះបី​ទឹក​ទី​៤​និង​៥ ខ្ញុំ​ថយ​ក៏ពិតមែន តែ​គេ​ធ្វើ​អ្វី​ខ្ញុំ​មិនបាន​នោះទេ​។ បើ​កាត់ក្តី​តែ​បែបនេះ ខ្ញុំ​គ្មាន​អារម្មណ៍​វាយ​នោះទេ គឺ​ចង់​ឈប់​វាយ​តែម្តង​»​។ 
 
​សម្រាប់ កា​កា ការកាត់ក្តី​គ្មាន​ភាពយុត្តិធម៌ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត​ប៉ុណ្ណោះ ​តែថែមទាំង​ធ្វើ​ឲ្យ​វិស័យ​កីឡាប្រដាល់​គ្មាន​ការរីកចម្រើន​ទៀតផង​។ ទន្ទឹមនឹង​អរគុណ​អ្នកគាំទ្រ កា​កា បាន​អះអាងថា រូបគេ​បានធ្វើ​អស់ពី​សមត្ថភាព​ហើយ​។​
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​៥​ទឹក​លើស​ង្វៀន​ស្ថានីយទូរទស្សន៍ NCN នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា កីឡាករ សុខ ធី ត្រូវបាន​អាជ្ញាកណ្តាល​២​រូប​កាត់ក្តី​ឲ្យ​ឈ្នះ និង​អាជ្ញាកណ្តាល​៣​រូប​កាត់ក្តី​ឲ្យ​ចាញ់​។ គួរ​បញ្ជាក់ថា នេះ​ជា​ជំនួប​លើក​ទី​២​របស់ កា​កា ក្រោយ​រូបគេ​ទទួលបាន​ជ័យជម្នះ​នៅ​លើក​ទី​១៕     



Tag:
 បាល់ទាត់​
  សុខ ធី​
© រក្សាសិទ្ធិដោយ thmeythmey.com