ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធិ​៖ EU កំពុង​អនុវត្ត​ស្ដង់ដារ​ពីរ​មកលើ​កម្ពុជា និង​វៀតណាម​
29, Oct 2018 , 11:30 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
​ភ្នំពេញ​៖ ខណៈដែល​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​នីតិវិធី​របស់​សហភាព​អឺរ៉ុប​ពី​ដំណើរ​ការដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ស្រាប់តែ​វៀតណាម ដែល​គេ​មើលឃើញថា ជា​ប្រទេស​ដែល​រំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​នោះ បែរជា​ទទួលបាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ពិសេស​ពី​សហភាព​អឺរ៉ុប ដែល​អំណោយផល​សម្រាប់​វៀតណាម​ទៅវិញ​។ សហភាព​អឺរ៉ុប និង​វៀតណាម បាន​យល់ព្រម​ជាមួយគ្នា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​មួយ​ស្តីពី​«​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ភាគី​ទាំងពី​រ» ដែល​កិច្ចព្រមព្រៀង​នេះ សំដៅ​ទៅលើ​ការឈប់​យកពន្ធ​លើ​ទំនិញ​នាំចូល​ទីផ្សារ​វៀតណាម និង​អឺរ៉ុប​។ ទង្វើ​របស់​សហភាព​អឺរ៉ុប​នេះ គឺ​បង្ហាញ​ពី​ការអនុវត្ត​ស្ដង់ដារ​ពីរ​មកលើ​កម្ពុជា និង​វៀតណាម​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធិ សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​​។​

 
​បើតាម​លោក ឈាង វណ្ណា​រិ​ទ្ធិ មូលហេតុ​ដែល​សហភាព​អឺរ៉ុប​អនុវត្ត​ស្ដង់ដារ​ពីរបែប​នេះ គឺ​ដោយសារ​កម្ពុជា មាន​ប្រយោជន៍​ទាប ជាង​វៀតណាម សម្រាប់​ភូមិសាស្ត្រ​នយោបាយ​របស់​សហភាព​អឺរ៉ុប​។ ពោលគឺ​ទំហំ​សេដ្ឋកិច្ច​វៀតណាម​មាន​ជាង​២៤០​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុ​ជាមាន​ជាង​២៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោកអ្នក​-​នាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឈាង វណ្ណា​រិ​ទ្ធិ សហ​ស្ថាបនិក​នៃ​វិទ្យាស្ថានកម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​ ដូចតទៅ​៖



 
​បើ​វៀតណាម និង​សហភាព​អឺរ៉ុប ឈានទៅដល់​ការទទួលបាន​កិច្ចព្រមព្រៀង​ពិសេស​ខាងលើនេះ តើ​វា​ជះឥទ្ធិពល​វិជ្ជមាន ឬ​អវិជ្ជមាន មកលើ​កម្ពុជា​ដែរ​ទេ​? វា​អាចមាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​។​
 
​ផល​វិជ្ជមាន​នោះ គឺ​កម្ពុជា​អាច​ទាញយក​ផលប្រយោជន៍​ពី​វៀតណាម តាមរយៈ​ការបង្កើត​ការប្រកួតប្រជែង​ណា ដែល​ត​ភ្ជាប់​ខ្សែចង្វាក់​ផលិតកម្ម ដែល​វា​ជា​តម្រូវការ​នៃ​ចង្វាក់​ផលិតកម្ម​របស់​វៀតណាម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វណ្ណា​រិ​ទ្ធិ​។​
 
​ចំណែក​ផល​អវិជ្ជមាន​វិញ លោក ឈាង វណ្ណា​រិ​ទ្ធិ មើលឃើញថា កម្ពុជា នឹងត្រូវ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​វៀតណាម​លើ​ផ្នែក​កម្មន្តសាល ដែល​អាច​ទាញយក​ការវិនិយោគ​បាន​ច្រើនជាង​កម្ពុជា​។​
 
​ក្រៅពី​បញ្ហា​ខាងលើនេះ កម្ពុជា​ក៏ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អនុគ្រោះ​ពន្ធ ដែល​អាចធ្វើ​ឲ្យ​កម្ពុជា​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ខ្លះ​ផងដែរ ពោលគឺ​អាច​ឲ្យ​ម្ចាស់​រោងចក្រ​មួយចំនួន​ផ្លាស់ប្ដូរ​ទីតាំង​ពី​កម្ពុជា ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ដែលមាន​ប្រាក់​ពលកម្ម សម្រាប់​កម្មករ​ទាប​ជាង​កម្ពុជា​។ នេះ​ជា​ចំណុច​អវិជ្ជមាន​មួយចំនួន ដែល​លោក ឈាង វណ្ណា​រិ​ទ្ធិ បន្ថែមថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ត្រៀមខ្លួន ក្នុងការ​ទប់ស្កាត់​បញ្ហា​អត់​ការងារ​ធ្វើ ដោយ​ត្រូវ​រក​ឱកាស​ការងារ​សម្រាប់​ព​ល​រដ្ឋ​។ ជាពិសេស​ការបង្កើត​ក​ម្ម​វិធី​បណ្ដុះបណ្ដាល​ជំនាញ​ច្បាស់លាស់​ឲ្យ​បាន​ច្រើន​សម្រាប់​ពួកគេ​៕ 
 

Tag:
 ​ឈាង វណ្ណា​រិ​ទ្ធិ​
  EU
  វៀតណាម​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com