ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៩
29, Oct 2018 , 9:39 pm        
រូបភាព
រូបពីកំពង់ផែក្រុងព្រះសីហនុ
រូបពីកំពង់ផែក្រុងព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ព្យាករ​ថា​មាន​អត្រា ៧,១​ភាគរយ​នៅ​ឆ្នាំ​២០១៩ ។ ជាមួយនឹង​កំណើន​នេះ ទំហំ​សេដ្ឋកិច្ច​ទាំងមូល​នឹងមាន​តម្លៃ ២៧,២​ពាន់​លាន​ដុល្លារ ឬ ១៧០៦​ដុល្លារ​ក្នុង​មនុស្សម្នា​ក់នៅ​ឆ្នាំ​ក្រោយនេះ​។ នេះ​បើតាម​ខ្លឹមសារ​សង្ខេបនៃ​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩​។​


 
​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​នេះ ត្រូវបាន​ទ្រទ្រង់​ដោយ​កំណើន​វិស័យ​ឧស្សាហកម្ម​ក្នុង​អត្រា ១០​ភាគរយ ដែល​ជំរុញ​ដោយ​សកម្មភាព​រឹងមាំ​នៃ​វិស័យ​សំណង់ ការបន្ត​កំណើន​ក្នុង​វិស័យ​កាត់ដេរ  ស្របគ្នា​នឹង​សន្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​។ 
 
​ឧស្សាហកម្ម​មិនមែន​កាត់ដេរ ដូចជា​ម្ហូបអាហារ និង​ភេសជ្ជៈ ឧស្សាហកម្ម​ដំឡើង​យានយន្ត គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម កង់ និង​ស៊ីម៉ង់ត៍​ជាដើម ទាំង​សម្រាប់​បម្រើការ​នាំចេញ និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក នឹង​ស្ទុះ​ឡើង​ខ្ពស់ ទាំង​ការវិនិយោគ​ដែលមាន​ស្រាប់ និង​ការវិនិយោគ​ថ្មី​។ 
 
​វិស័យ​សេវាកម្ម​នៅ​បន្ត​កំណើន​ប្រមាណ ៧​ភាគរយ ដែល​គាំទ្រ​ដោយ​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ខ្ពស់​នៃ​ទេសចរ​អន្តរជាតិ​។ វិស័យ​លក់ដុំ​-​រាយ ក៏​នឹង​រក្សា​កំណើន​ល្អប្រសើរ ដែល​គាំទ្រ​ដោយ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រប ស្របពេល​ប្រាក់ចំណូល​ប្រជាជន​កើនឡើង​។ ស្ថិតក្នុង​វិស័យ​សេវាកម្ម​ដដែល អនុវិស័យ​អចលនទ្រព្យ ត្រូវបាន​រំពឹងថា​នឹង​បន្ត​កំណើន​ខ្ពស់ ស្របតាម​និន្នាការ​នៃ​វិស័យ​សំណង់​។​
 
​វិស័យ​កសិកម្ម អាច​នឹង​សម្រេចបាន​កំណើន ១,៨​ភាគរយ ដែល​ទ្រទ្រង់​ដោយ​ផ្នែក​ដំណាំ និង​ជលផល ស្របពេល​មាន​ភាព​អំណោយផល​នៃ​កត្តា​អាកាសធាតុ ការកើនឡើង​ថ្លៃ​អង្ករ និង​ការកើនឡើង​ដំណាំ​នាំចេញ​ផ្សេងទៀត​ដូចជា កៅស៊ូ ចេក ជាដើម​។ 
 
​អតិផរណា ត្រូវប៉ាន់​ស្មានថា​ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ក្នុង​អត្រា ៣,១​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ ស្រប​នឹង​ការរំពឹងទុក​នៃ​កំណើន​យឺត​នៃ​ថ្លៃ​ប្រេង និង​ថ្លៃ​ម្ហូបអាហារ​។ ចំណែក​អត្រា​ប្ដូរ​ប្រាក់រៀល គឺ​នៅ​បន្ត​ក្នុង​រង្វង់ ៤០៥០​រៀល​ក្នុង​១​ដុល្លារ​។ ទុនបម្រុង​អន្តរជាតិ​សរុប ត្រូវបាន​រំពឹង​បន្ត​ឡើងដល់​ប្រមាណ ១១០៥៩​លាន​ដុល្លារ ដែល​ធានា​ការនាំ​ចូល ៦,៥​ខែ​នៅ​ឆ្នាំ​ក្រោយនេះ​។​
​រដ្ឋាភិបាល​ថា​ខ្លួន​នឹង​ព្យាយាម​ជម្នះ​កត្តា​ហានិភ័យ​ខាងក្រៅ ដើម្បី​សម្រេចបាន​កំណើនសេដ្ឋកិច្ច​រឹង​មាណ​ដូច​ការព្យាករណ៍​នេះ​៕
 

Tag:
 កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com