អន្តរជាតិ
គណបក្ស​ភឿ​ថៃ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់ខ្លួន​នៅមុន​ការបោះឆ្នោត​
29, Oct 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អ្នកនយោបាយ​រាប់រយ​នាក់​មកពី​គណបក្ស Puea Thai នៅក្នុង​ប្រទេស​ថៃ បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅក្នុង​ទីក្រុង​បាងកក ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​នៅមុន​ការបោះឆ្នោត​ចូលមក​ដល់​នៅ​ឆ្នាំក្រោយ​។​

 
​សកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​ហាមឃាត់​ដោយ​រដ្ឋាភិបាលយោធា បន្ទាប់ពី​ពួកយោធា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់លោក​ស្រី​អតីត​នាយករដ្ឋមន្ត្រី Yingluck Shinawatra ដែល​ដឹកនាំ​ដោយ​គណបក្ស Puea Thai នេះ កាលពី​ខែឧសភា ឆ្នាំ ២០១៤​។​
 
​កាលពី​ខែ​មុន រដ្ឋាភិបាលយោធា​ថៃ​បាន​ដក​បម្រាម​នេះ​មួយផ្នែក ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ​នានា​អាច​រៀបចំ​សម្រាប់​ការបោះឆ្នោត​។ រដ្ឋាភិបាលយោធា​បាន​បញ្ជាក់ថា ការបោះឆ្នោត​នេះ​នឹងធ្វើ​ឡើង​នៅ​ចន្លោះ​រវាង​ខែកុម្ភៈ និង​ខែឧសភា ឆ្នាំក្រោយ​។​
 
​គណបក្ស Puea Thai បាន​បោះឆ្នោត​ជ្រើសរើស​លោក​អតីត​ឧបនាយករដ្ឋមន្ត្រី Viroj Pao-in អាយុ ៨៤ ឆ្នាំ ជា​មេដឹកនាំ​គណបក្ស និង​អ្នកនយោបាយ​ជើងចាស់​លោក Phumtham Vechayaychai អាយុ ៦៤ ឆ្នាំ ជា​អគ្គលេខាធិការ​គណបក្ស​។​
 
​លោកស្រី Sudarat Keyuraphan អាយុ ៥៧ ឆ្នាំ ដែលជា​សមាជិក​ស្នូល​នៃ​គណបក្ស​នេះ ក៏ត្រូវ​បានជ្រើសរើស​ផងដែរ​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស និង​ប្រធាន​គណៈកម្មាធិការ​មួយទៀត​ដែល​នឹង​មើល​ការខុសត្រូវ​លើ​ការជ្រើសរើស​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​។​
 
​ថ្នាក់ដឹកនាំ​គណបក្ស Puea Thai ដែល​ទើបត្រូវ​បានជ្រើសរើស​ថ្មី​ទាំងនេះ បាន​បញ្ជាក់ថា គណបក្ស​មិនទាន់​តែងតាំង​បេក្ខជន​របស់ខ្លួន​ណា​ម្នាក់​ឲ្យ​ចូល​ប្រកួត​តំណែង​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​ខាងមុខនេះ​នៅឡើយ​ទេ ប៉ុន្តែ​ឥឡូវនេះ​កំពុង​ផ្ដោតលើ​ការធ្វើការ​លើ​គោលនយោបាយ​របស់​គណ​បក្ស​ជាមុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com