កីឡាជាតិ
ជាតិ
បឹងកេត និងភ្នំពេញក្រោន រំលែកទុក្ខចំពោះការបាត់បង់ជីវិតម្ចាស់ក្លិប Leicester City
× ក្លិបបាល់ទាត់កម្ពុជាចំនួនពីរ ចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក Vichai Srivaddhanaprabha ម្ចាស់ក្លិបបាល់ទាត់ Leicester City ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power Stadium កាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុន។
នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ក្លិប Leicester City បានអះអាងថា ម្ចាស់ក្លិបជនជាតិថៃរបស់ខ្លួន គឺលោក Vichai Srivaddhanaprabha និងមនុស្ស៤នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតហើយ។ ការបាត់បង់ជីវិតមនុស្សទាំង៥នេះ កើតឡើងក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power Stadium ក្រោយជំនួបរវាង Leicester City យកស្មើ ១-១ ជាមួយ West Ham កាលពីល្ងាចថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ក្រោយទទួលបានដំណឹងពីមរណភាពខាងលើ ក្លិបបាល់ទាត់កម្ពុជាចំនួនពីររួមមានបឹងកេត និងភ្នំពេញក្រោនបានសរសេរសារចូលរួមរំលែកទុក្ខគ្រួសារនៃសពខាងលើ ពិសេសប្រធានក្លិប Leicester City ដើម្បីបង្ហាញពីក្តីគោរព និងភាពអាណិតអាសូរក្នុងនាមអ្នកប្រកួតអាជីពលើវិស័យនេះដូចគ្នា។
«យើងសូមសម្ដែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារដែលបានបាត់បង់ជីវិតនៅក្នុងសោកនាដកម្មនៃក្លិប Leicester City Football Club»។ នេះជាសាររំលែកទុករបស់ក្លិបបឹងកេត ដែលបានសរសេរលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ពោលគឺក្រោយក្លិប Leicester City ប្រកាសពីមរណភាពខាងលើ។
ជាមួយគ្នានេះ ក្លិបភ្នំពេញក្រោនបានចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖«ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះក្លិបបាល់ទាត់ Leicester City ក្នុងនាមជាផ្នែកមួយនៃពិភពបាល់ទាត់សកលលោកដែលបានបាត់បង់ប្រធានក្លិបរបស់ខ្លួន គឺលោក Vichai Srivaddhanaprabha ដោយគ្រោះថ្នាក់អកុសលកាលពីពេលថ្មីៗនេះ»។
ទន្ទឹមនឹងនេះ ក្លិប Leicester City បើកឱកាសដល់អ្នកគាំទ្រចូលរួមសរសេរសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក Vichai ដែលគេចាត់ទុកជាមនុស្សដ៏អស្ចារ្យ បុគ្គលសប្បុរស និងពោរពេញទៅដោយក្តីស្រឡាញ់ នៅកីឡដ្ឋាន King Power Stadium ផ្ទាល់នាថ្ងៃទី៣០ ខែតុលា ឬតាមរយៈអនឡាញ lcfc.com ថែមទៀតផង៕
Tag:
បាល់ទាត់
Leicester City
Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com