Emmanuel Onyedikachi អ្នកប្រដាល់គុនខ្មែរប្រចាំ One Championship ដែលធ្វើដំណើរពីទឹកដីនីហ្សេរីយ៉ាមករស់នៅកម្ពុជាបានទទួលរហស្សនាមថា អ្នកប្រយុទ្ធប៊ីអាហ្វ្រូ «The Biafran Warrior» បន្ទាប់ពីមានប្រវត្តិប្រកួត ៣ដង ឈ្នះទាំង ៣ដង។
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយមកនេះ Onyedikachi បានពុះពារឧបសគ្គជាច្រើនដើម្បីសម្រេចក្តីស្រមៃរបស់គេដើម្បីក្លាយជាអ្នកប្រដាល់អាជីពម្នាក់នៅកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា កន្លងទៅ រូបគេបានចម្រេចក្តីបំណងដ៏ធំហើយ។ នាព្រឹត្តិការណ៍ ONE Warrior Series 3 ក៏ដូចជាការប្រកួតធំៗចំនួនពីរលើកកន្លងមក Onyedikachi បានយកជ័យជម្នះមកឲ្យកម្ពុជា។ រូបគេបានឈ្នះដោយពិន្ទុ ដែលអ្នកណាៗក៏ដឹងថាមិនងាយទទួលបានពីគណកម្មាធិកាឡើយ ប៉ុន្តែ Emmanuel Onyedikachi នៅតែទទួលបានតាមរយៈការបញ្ចេញសមត្ថភាពដ៏ពិសេសខាងស្នៀតវាយឈរ និងស្នៀតគ្របសង្កត់ទៅលើគូប្រកួត។
ក្នុងការប្រកួតប្រភេទទម្ងន់ស្រាលលើកនេះ Onyedikachi មិនសូវស្គាល់ពីដៃគូប្រកួតរបស់គេ គឺ Xie Xiaoxiang នោះទេ ប៉ុន្តែរូបគេមានទំនុកចិត្តខ្លាំងរួចទៅហើយដោយបានហ្វឹកហាត់ត្រៀមខ្លួនជាស្រេចនៅរាជធានីភ្នំពេញ។
អ្នកវាយក្នុងទ្រុង វ័យ ៣១ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំមិនទុកការប្រយុទ្ធណាមួយ ជាការប្រយុទ្ធងាយៗនោះឡើយ មិនថាគូប្រកួតខ្ញុំមានបទពិសោធន៍ ឬមិនមានបទពិសោធន៍ច្រើនជាងខ្ញុំក៏ដោយ»។ «ខ្ញុំនឹងត្រៀមខ្លួន ឲ្យដូចខ្ញុំត្រៀមវាយជាមួយតោអញ្ចឹង»។
ដំណើរជីវិតរបស់ Onyedikachi ដើម្បីបំពេញក្តីស្រមៃជាអ្នកប្រដាល់លំដាប់ពិភពលោកមិនងាយស្រួលដូចអ្វីដែលយើងគិតទេ។
ពេលគាត់ធំដឹងក្តីឡើង គ្រួសាររបស់គាត់ដែលនៅប្រទេសនីហ្សេរីយ៉ា ចង់ឱ្យគាត់មានអាជីពផ្ទុយពីនេះ។
គាត់រំលឹកថា៖ «ឪពុកម្តាយខ្ញុំចង់ឱ្យខ្ញុំក្លាយជាគ្រូអាចារ្យ - ហើយអាចារ្យកាតូលិកទៀត»។
អាចនិយាយបានថា គាត់មិនបានធ្វើតាមផែនការគ្រួសារគាត់ទេ តែទោះយ៉ាងណាក្តីក៏អ្នកប្រដាល់ដ៏អង់អាចម្នាក់នេះ ដើរតាមទំនៀមទំលាប់គ្រួសារខ្លួនតាមរបៀបខុសគ្នាបន្តិចទៅវិញ។
គាត់លើកឡើងថា៖ «ឪពុកខ្ញុំជាអ្នកប្រដាល់អាជីព រីឯពូរបស់ខ្ញុំវិញ ជាអ្នកប្រដាល់អាជីពដូចគ្នា។ អញ្ចឹងនៅពេលខ្ញុំមានអាយុ១២ឆ្នាំ ពួកគាត់ចាប់ផ្តើមបង្រៀនខ្ញុំពីក្បាច់គុនប្រដាល់»។
ក្រោយពីបានហាត់រៀតជាមួយគ្រួសារគាត់មក គាត់ក៏ចាប់យកកីឡារចំបាប់សេណេហ្គាល់ ហើយបានចូលរួមការប្រកួតកីឡារនោះចំនួន ១០ដងនៅប្រទេសកំណើតខ្លួន។ គាត់នៅតែហ្វឹកហាត់កីឡារប្រចាំត្រកូលរបស់គាត់ជារៀងមក រហូតដល់ពេលគាត់មកស្រុកខ្មែរប្រហែល ៣ឆ្នាំមុន គាត់ក៏ធ្វើការសំរេចចិត្តធំមួយ ដែលផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង។
គាត់ចាំបានថា៖ «កាលពីបីឆ្នាំមុនខ្ញុំបានសម្រេចចិត្តដ៏មុតមាំមួយ។ កាលនោះខ្ញុំធ្វើជាអ្នកគ្រប់គ្រងទូទៅនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយខ្ញុំក៏សំរេចចិត្តថាខ្ញុំចង់ក្លាយជាអ្នកប្រដាល់ អញ្ចឹងខ្ញុំក៏លាឈប់ពីការងារតែម្តងទៅ»។ «នេះគឺជារឿងសម្ងាត់របស់ខ្ញុំ៖ ខ្ញុំឈប់ពីការងារដើម្បីធ្វើជាអ្នកប្រដាល់» ។
បច្ចុប្បន្នលោក Onyedikachi កំពុងហាត់រៀនពង្រឹងស្នៀតវៃឈររបស់ខ្លួនជាមួយលោកគ្រូគុនខ្មែរ ហើយជាកីឡាករប្រចាំ One Championship លោក ចាន់រតនា នៅក្លឹបហ្វឹកហាត់កីឡាដែលហៅថា ក្លឹបសិល្បៈ ដែលកំពុងបោះឈ្មោះល្បីល្បាញនៅភ្នំពេញ។
ឆ្នាំនេះ អ្នកប្រយុទ្ធប៊ីអាហ្វ្រូ“The Biafran Warrior” បានទទួលជោគជ័យលើកពានជាហូហែរ ដោយសារភាពជឿជាក់របស់គាត់។ គាត់បានចូលរួមជាមួយក្រុមប្រយុទ្ធ ONE Franklin របស់លោក Rich Franklin ក្នុងព្រឹត្តិការណ័ ONE Warrior Series ហើយបានទទួលជ័យជម្នះជាទីគាប់ចិត្តចំនួន ៣លើក ដោយបានប្រើទាំងស្នៀតវៃឈរ និងស្នៀតគ្របសង្កត់។
គាត់និយាយថា៖ «ត្រូវតែឈឺបន្តិចហើយ បើចង់ឲ្យខ្លួនឯងខ្លាំង។ នេះជាឱកាសមួយអោយខ្ញុំអាចឡើងដល់កំរិតមួយទៀត»។
ថ្វីបើគាត់បានលះបង់ជាច្រើនមកក៏ដោយ ដើម្បីព្យាយាមបំពេញសុបិន្តរបស់គាត់ឥឡូវនេះ
ក៏គាត់ជឿជាក់ថាខ្លួនបានសម្រេចចិត្ដយ៉ាងត្រឹមត្រូវ។
«នេះជាអ្វីដែលខ្ញុំធ្វើ ខ្ញុំស្រឡាញ់ការប្រដាល់ វាជាជីវិតដែលខ្ញុំចង់រស់នៅ ហើយនេះគឺជាសុបិន្តរបស់ខ្ញុំ»។
អត្ថបទ៖ Matias Andres