ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ឈាង វណ្ណារិទ្ធិ៖ រដ្ឋាភិបាល ត្រូវទប់ស្កាត់ភាពអវិជ្ជមាននៃការវិនិយោគចិន ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ក្នុងប្រទេស រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
× ភ្នំពេញ៖ រយៈពេល២ឆ្នាំចុងក្រោយនេះ សន្ទុះវិនិយោគិនចិន បានសម្រុកមករកស៊ីយ៉ាងគំហុកនៅកម្ពុជា ដែលមានដល់ទៅពាន់គម្រោងក្នុងមួយឆ្នាំៗ ហើយភាគច្រើនលើវិស័យអចលនទ្រព្យ និងសំណង់ ក្រៅពីវិស័យកាត់ដេរ វាយនភណ្ឌ។ ចំពោះលំហូរវិនិយោគចិនច្រើននេះ វាគឺជារឿងមួយល្អ សម្រាប់ចរន្តសេដ្ឋកិច្ចក្នុងប្រទេស។ នេះបើនិយាយផ្អែកទៅលើទស្សនសេដ្ឋកិច្ច។ ប៉ុន្តែបើពិនិត្យមើលទៅលើភាពអវិជ្ជមាននៃការវិនិយោគនេះវិញ វាក៏មានបញ្ហាគួរឲ្យកត់សម្គាល់ផងដែរ។
សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក ឈាង វណ្ណារិទ្ធិ មើលឃើញថា ការវិនិយោគចិននេះ មិនទាន់ផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើននោះទេ ដោយសារពួកគេនាំចូលកម្មករជំនាញមកពីប្រទេសចិន ហើយខ្វះតម្លាភាព និងការចែករំលែកចំណេះជំនាញដល់កម្មករ ក៏នៅមានកម្រិតទាប។ ជាពិសេសបញ្ហាវិនិយោគចិន ដែលផ្ដោតលើកាស៊ីណូ ហើយនាំផលអវិជ្ជមានដល់កម្ពុជា។
ដើម្បីទប់ស្កាត់ផលអវិជ្ជមាននៃការវិនិយោគចិននេះ រដ្ឋាភិបាល ត្រូវរៀបចំវិធានការ និងយុទ្ធសាស្ត្រទប់ស្កាត់ការវិនិយោគបរទេសឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ក្នុងប្រទេសនាពេលខាងមុខ។
សូមលោកអ្នក-នាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឈាង វណ្ណារិទ្ធិ សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដូចតទៅ៖
បច្ចុប្បន្ននេះ មានប្រទេសមួយចំនួនដូចជា ញូវហ្សឺលែន ម៉ាឡេស៊ីជាដើម បានទប់ស្កាត់ការវិនិយោគចិន ក្នុងប្រទេសរបស់ពួកគេ ដោយសារតែពួកគេយល់ឃើញថា ការវិនិយោគចិនមួយចំនួន បាននាំឲ្យមានការផ្ទុះឡើងតម្លៃអចលនទ្រព្យ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្វះលទ្ធភាព ក្នុងវិស័យនេះ។ ជាពិសេសបញ្ហាបង្កអនាធិបតេយ្យផ្សេងៗទៀត ដែលកើតចេញពីការវិនិយោគ និងលំហូរជនជាតិចិនក្នុងប្រទេស តាមរយៈការវិនិយោគនេះ។
សម្រាប់លោក ឈាង វណ្ណារិទ្ធិ កម្ពុជាក៏ត្រូវរៀនសូត្រពីប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ភាពអវិជ្ជមាននៃការវិនិយោគរបស់ចិននេះ ដែលធ្វើយ៉ាងណាកុំឲ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា។
«នៅប្រទេសគេ គេមិនបញ្ឈប់ការវិនិយោគចិននោះទេ ប៉ុន្តែគេពិនិត្យឡើងវិញ នូវការវិនិយោគទាំងឡាយណា ដែលមិនផ្ដល់ប្រយោជន៍ដល់ប្រទេសគេ គឺគេពិនិត្យឡើងវិញ។ វាជាការធ្វើមួយត្រឹមត្រូវហើយ។ ហើយយើងមិនចង់ឃើញវិនិយោគបរទេសណា ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម នៅប្រទេសយើងនោះទេ។
ដូច្នេះវាអាស្រ័យលើ(ការគ្រប់គ្រង) ម្ចាស់ផ្ទះទាំងអស់ ហើយយើងក៏មិនអាចទៅបន្ទោសចិនបានទេ ព្រោះអ្នករកស៊ី ឲ្យតែកន្លែងណាចំណេញគឺគេទៅហើយ ។ ប៉ុន្តែយើងត្រូវធ្វើជាច្បាប់ ឬជានីតិវិធីណាមួយ ដើម្បីគ្រប់គ្រងការវិនិយោគហ្នឹង កុំឲ្យវាប៉ះពាល់អវិជ្ជមានទៅដល់សង្គម និងបរិស្ថានកម្ពុជា»។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធិ។
តាមរយៈលំហូរវិនិយោគចិនមកកម្ពុជាយ៉ាងគំហុកនេះ ក៏មានទស្សនៈជាច្រើនលើកឡើងថា កម្ពុជានឹងក្លាយទៅជាខេត្តមួយរបស់ប្រទេសចិន ហើយអ្នកខ្លះនិយាយចំអកទៀតថា កម្ពុជានឹងក្លាយទៅតំបន់ម៉ាកាវទី២របស់ចិនទៀតផង នៅក្នុងរយៈពេល៥ឆ្នាំទៅ១០ឆ្នាំខាងមុខនេះ។ ផ្ទុយពីការលើកឡើងនេះ លោក ឈាង វណ្ណារិទ្ធិ មើលឃើញថា កម្ពុជាមិនអាចប្រែក្លាយទៅជាខេត្តមួយរបស់ចិនទេ។ នោះក៏ព្រោះតែកម្ពុជា មានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ស្មើមុខមាត់ជាប្រទេសដទៃ។ ម្យ៉ាងវិញរដ្ឋាភិបាលបច្ចុប្បន្ន ក៏មានឆន្ទៈមិនចង់ស្ថិតនៅក្រោមប្រទេសណាមួយដែរ៕
Tag:
ឈាង វណ្ណារិទ្ធិ
ចិន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com