អន្តរជាតិ
វិបត្តិ​នយោបាយ​ស្រីលង្កា​កាន់តែ​ដុនដាប ឯ​ចិន​ក្លាយ​ជនជាប់ចោទ​នៅ​ពីក្រោយ​បញ្ហា​
29, Oct 2018 , 11:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីថ្មី Rajapaksa និងប្រធានាធិបតី Sirisena
នាយករដ្ឋមន្ត្រីថ្មី Rajapaksa និងប្រធានាធិបតី Sirisena
​ខណៈ​ការបោះឆ្នោត​នឹង​មកដល់​នៅ​ឆ្នាំ ២០១៩​ខាងមុខ ស្រីលង្កា​ចាប់ផ្តើម​ធ្លាក់​ផុងខ្លួន​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​ប្រធានាធិបតី Maithripala Sirisena បណ្តេញ​នាយករដ្ឋមន្ត្រី Ranil Wickramasinghe ពី​តំណែង និង​តែងតាំង​អតីត​មេដឹកនាំ​ផ្តាច់ការ​និង​ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​លោក Mahinda Rajapaksa ឲ្យ​កាន់តំណែង​វិញ​។ ចិន​ត្រូវ​ជាប់​ចោទថា ជា​អ្នក​នៅ​ពីក្រោយ​ការផ្លាស់ប្តូរ​នយោបាយ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​នៅពេលនេះ​ថែម​ទៀតផង​។ យ៉ាងណាក៏ដោយ ស្ថានការណ៍​នយោបាយ​កាន់តែ​អាក្រក់ ព្រោះ​នាយករដ្ឋមន្ត្រី Wickramasinghe បដិសេធ​ចុះចេញ ហើយ​វា​ក៏មាន​ករណី​ហិង្សា​ផ្ទះ​ឡើង​រវាង​អ្នកគាំទ្រ​អ្នកនយោបាយ​នីមួយៗ​ថែម​ទៀតផង​។

 
​វិបត្តិ​នយោបាយ​ស្រីលង្កា​ផ្ទុះឡើង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena បណ្តេញ​នាយករដ្ឋមន្ត្រី Ranil Wickramasinghe ពី​តំណែង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ប្រធានាធិបតី​រូបនេះ​ក៏បាន​តែងតាំង​អតីត​បុរស​ខ្លាំង​ដែលមាន​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​ពុករលួយ​លោក  Mahinda Rajapaksa ឲ្យ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ភ្លាម​ទៀត​។​
 
១.​ការដកហូត​តំណែង​នាយករដ្ឋមន្ត្រី​បង្ក​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ​
​យ៉ាងណា​ក៏ដោយចុះ លោក Wickramasinghe នៅតែ​តាំងខ្លួន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់ និង​ចាត់ទុកថា ការបណ្តេញ​លោក​ពី​តំណែង​ជា​រឿង​ខុសច្បាប់ និង​អ​ធម្មនុញ្ញ ព្រោះ​គ្មាន​ការឯកភាព​ពីស​ភា​ក្នុងការ​ដកហូត​តំណែង​រូបលោក​ឡើយ​។ 
 
​ប្រធានសភា​ស្រីលង្កា Karu Jayasuriya  បានប្រកាស​ជា​ផ្លូវការ​ដែរ​ថា លោក​នៅ​ទទួលស្គាល់ថា លោក Wickramasinghe ប្រមុខ​រដ្ឋាភិបាល​ដដែល ព្រោះ​សកម្មភាព​ប្រធានាធិបតី​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​។ ខុសច្បាប់​ត្រង់​ថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ស្រីលង្កា ក្រោយ​វិសោធនកម្ម​ឆ្នាំ ២០១៥ ប្រធានាធិបតី​គ្មាន​ឡើយ​អំណាច​ដកហូត​តំណែង​ប្រមុខ​រដ្ឋាភិបាល​នោះ​។ វា​អាចធ្វើ​ទៅបាន ល្គឹកណា​វា​មានការ​សម្រេច​ពី​សមាជិកសភា​សិន​។​
 
​យ៉ាងណាមិញ សភា​មិនអាច​ប្រជុំ​សម្រេច​ភ្លាមៗ​បានឡើយ ដោយសារ​ប្រធានាធិបតី​រារាំង​។ សភា​អាច​ចាប់   ផ្តើម​ប្រជុំបាន​ចាប់ពី​ថ្ងៃទី ១៦ ខែវិច្ឆិកា​ឯណោះ ហើយ​គេ​រិះគន់ថា ការសម្រេច​នេះ​ជា​យុទ្ធសាស្ត្រ​របស់លោក Sirisena ក្នុង​ការជួយ​ឲ្យ Rajapaksa ប្រមែរ​ប្រមូល​រក​អ្នកគាំទ្រ​ឲ្យ​បាន​គ្រប់គ្រាន់​សិន​។ លោក​បាន​បញ្ជា​ឲ្យ​គេ​ដក​កងកម្លាំង​សន្តិសុខ​ផ្ទាល់ និង​រថយន្ត​របស់លោក Wickramasinghe ដើម្បី​ផ្ទេរ​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​រួចរាល់​ហើយ​ដែរ​។​
 
ប្រធានសភា Jayasuriya ក៏បាន​អំពាវនាវ​ទៅកាន់​ប្រ​ធានា​ធិ​ប​តី​ឲ្យ​ប្តូរ​ការសម្រេចចិត្ត​រប​ស់​ខ្លួន ព្រោះ​បើ​ការអូសបន្លាយ​នៃកិច្ចប្រជុំសភា​នៅតែ​បន្ត​បែបនេះ វា​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​ជារួម​ដុនដាប​ខ្លាំង​ប្រាកដ​ណាស់​។ 
 
​ថ្ងៃ ២៩ ខែតុលា​នេះ នាយករដ្ឋមន្ត្រី​ដែលត្រូវគេ​បណ្តេញចេញលោក Wickramasinghe ក៏បាន​បង្ហើបពី​ក្តីកង្វល់​របស់ខ្លួន​ជុំវិញ​ការវិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​ដែរ ដោយ​លោក​សង្កត់ធ្ងន់ថា គ្មាន​អ្នកណា​មានអំណាច​ពេញលេញ​គ្រប់គ្រង​ប្រទេស​ទេ​នៅពេលនេះ​។ 
 
«​នៅពេលនេះ វា​ជា​ពេល​អន្តរ​កាលដែល​គ្មាន​អ្នកណាម្នាក់​មានអំណាច​គ្រ​ប់​គ្រង​ប្រទេស​ពេញលេញ​ឡើយ​។ នេះ​ជា​មូលហេតុ​ដែល​យើង​ចង់​ឲ្យ​សភា​កោះប្រជុំ​បន្ទាន់​ដើម្បី​សម្រេច​ថា​តើ​អ្នកណា​មានការ​គាំទ្រ​លើសលុប​។ ខ្ញុំ​នៅ​ជា​នាយករដ្ឋមន្ត្រី​ដែល​ដឹកនាំ​សមាជិកសភា​ភាគច្រើន​ដដែល​»​។ លោក Wickramasinghe និយាយ​បែបនេះ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ការបែកបាក់​គ្នារឿង​នយោបាយ​នេះ​ធ្វើ​ឲ្យ​ប្រទេស​កោះ​អាស៊ី​ខាងត្បូង​ស្រីលង្កា​នេះ ប្រឈម​នឹង​អស្ថិរភាព​ធ្ងន់ធ្ងរ និង​បញ្ហា​ហិង្សា​កាន់តែខ្លាំង​ផងដែរ​។ ថ្ងៃអាទិត្យ​ទី ២៨ ម្សិលមិញ មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារ​ក្រុម​អង្គរក្ស​រដ្ឋមន្ត្រី​ថាមពល​លោក Arjuna Ranatunga ដែល​ត្រូវបាន​គេ​បណ្តេញ​ចេញពី​តំណែង​នោះបាន​បាញ់រះ​ទៅលើ​ហ្វូង​ក្រុមបាតុករ​ដែល​ព្យាយាម​រារាំង​លោក​មិន​ឲ្យ​ចូល​ការិយាល័យ​។ មនុស្ស​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​ការបាញ់រះ​នេះដែរ​។ អង្គរក្ស​របស់​នោះ​ត្រូវបាន​ចាប់ខ្លួន និង​ស្ថិតក្រោម​ការសួរចម្លើយ ប៉ុន្តែ​លោក Ranatunga បាន​ពន្យល់ថា អង្គរក្ស​លោក​ប្រើប្រាស់​អាវុធ​ដោយសារ​ក្រុមបាតុករ​ព្យាយាម​ធ្វើឃាត​រូបលោក​ប៉ុណ្ណោះ​។​
 
​យ៉ាងណា​ក៏ដោយចុះ សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​គេ​បារម្ភ​ថា វិបត្តិ​នយោបាយ​ដែល​ដុនដាប​នេះ​នឹង​បង្កបញ្ហា​កាន់តែ​ធំ ខណៈដែល​អ្នកនយោបាយ​មិនទាន់​រក​ដំណោះស្រាយ​បញ្ចប់​ភាព​តានតឹង​បាន​នៅឡើយ​ជុំវិញ​ការបណ្តេញ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​នេះ​។​
 
​ក្រុមគាំទ្រ​នាយករដ្ឋមន្ត្រី​ចាស់ និង​ថ្មី​ចាប់ផ្តើម​បង្ហាញខ្លួន​នៅតាម​តំបន់​ផ្សេងៗ​គ្នា​ពាសពេញ​រដ្ឋធានី​កូឡុំបូ ដើម្បី​បង្ហាញ​ភក្តីភាព​ចំពោះ​មេដឹកនាំ​របស់ខ្លួន​។ ប៉ុន្តែ​វា​មិនមែនជា​សញ្ញា​វិជ្ជមាន​ឡើយ ហើយ​ក្រុមបាតុករ​គាំទ្រ​លោក Rajapaksa បាន​ចូល​កាន់កាប់​ស្ថានីយ៍​ផ្សព្វផ្សាយ​របស់​រដ្ឋ​ផងដែរ​។​
 
២. ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ប្រែ​ពី​សម្ព័ន្ធមិត្ត​ទៅជា​សត្រូវ​នយោបាយ​ដោយ​របៀប​ណា​? 
​គេ​មិនត្រូវ​ភ្លេច​ទេ​ថា ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena និង​នាយករដ្ឋមន្ត្រី Ranil Wickramasinghe ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នេះ​ធ្លាប់ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ចាប់ពី​ឆ្នាំ ២០១៥ ក្នុងពេល​អ្នកនយោបាយ​ទាំងពីរ​រក​វិធី​បញ្ចប់​របប​ផ្តាច់ការ​របស់លោក Rajapaksa​។​
 
​អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ជាពិសេស​នាំយក​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​អំពើ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​សង្គ្រាមស៊ីវិល​ស្រីលង្កា​ក្រោម​អាណត្តិ​របស់លោក Rajapaksa មក​ឲ្យ​ទទួលខុសត្រូវ និង​ទទួល​ការកាត់ទោស​ដែរ​។
​ដើមឡើយ លោក Sirisena ខ្លួនឯង​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​សុខាភិបាល​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​ខ្លាំង  Rajapaksa នៅក្នុង​សម្ព័ន្ធ​បក្ស​កាន់អំណាច​សម្ព័ន្ធ​សេរីភាព​នៃ​ឯកភាព​ប្រជាជន (UNPA) ដូចគ្នា​។ ប៉ុន្តែ​លោក​ដកខ្លួន​ចេញ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ប្រជែង​នឹង​លោក Rajapaksa ក្នុង​ឆ្នាំ ២០១៤ ដោយមាន​ការគាំទ្រ​ពី​បក្សប្រឆាំង​រួម​រួម​ជាតិ (UNP)​របស់លោក Wickramasinghe ផងដែរ ។  
 
​នៅ​ដើមឆ្នាំ ២០១៥ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី លោក Sirisena បានឈ្នះ​ឆ្នោត​បញ្ចប់​រប​ប​ផ្តាច់ការ ហើយ​លោក​ក៏បាន​ប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដែរ​។ ក្នុងការ​បោះឆ្នោត​នេះ គណបក្សប្រឆាំង​រួម​រួម​ជាតិ (UNP) ដណ្តើមបាន​អាសនៈ ១០៦ ក្នុងចំណោម​អាសនៈ​ទាំងអស់ ២២៥ ។ ឯ​បក្ស​កាន់អំណាច​បក្ស​សេរីភាព​ស្រីលង្កា​វិញ​បាន​អាសនៈ​ត្រឹម ៩៥​ប៉ុណ្ណោះ​ពេលនោះ​។  
 
​ក្រោយ​បោះឆ្នោត​សភា ប្រធានាធិបតី​លោក Sirisena ដឹកនាំ​បក្ស UPLA ទៅ​ចងសម្ព័ន្ធភាព​នេះ ជាមួយ​បក្ស​រួម​រួម​ជាតិ​ដែលមាន​អាសនៈ​ច្រើន​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ឬ រដ្ឋាភិបាល​រួម​រួម​ជាតិ​មួយ​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ធានា​ឲ្យ​ការកែទម្រង់​គោលនយោបាយ​អាចធ្វើ​ទៅបាន​ឆាប់រហ័ស​។ លោក Wickramasinghe ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ចាប់ពីពេលនោះ​មក និង​បន្ត​ធ្វើការ​ជាមួយគ្នា​រហូតដល់​ថ្ងៃ​សុក្រ​ទី ២៦​ខែតុលា​។​
 
​ប៉ុន្តែ​គេ​នៅចាំ​បាន​ថា ប្រធានាធិបតី​បាន​ដក​គណបក្ស UPLA ពី​រដ្ឋាភិបាល​រួម​រួប​ជាតិ មុន​មានការ​ដកតំណែង​នាយករដ្ឋមន្ត្រី​។ ហើយ​ការខ្វែងគំនិត​គ្នា​រវាង​មេដឹកនាំ​ទាំងនេះ​ក៏​កើនឡើង​ច្រើន​ដែរ​ជុំវិញ​គោលនយោបាយ​ថ្នាក់​ជាពិសេស​ជាពិសេស​គោលនយោបាយ​សេដ្ឋកិច្ច ខណៈដែល​ស្រីលង្កា​កាន់តែ​លង់ខ្លួន​បន្តិច​ម្តងៗ​នឹង​បំណុល​របស់​មហា​យក្ស​ចិន​ក្រោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ «​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​នោះ​។ 
 
​ក្នុងពេល​ថ្លែង​ទៅកាន់​ប្រជាជាតិ​យប់​ថ្ងៃអាទិត្យ​ទី ២៨ ខែតុលា ប្រធានាធិបតី Sirisena បានប្រកាសថា លោក​បណ្តេញ​នាយករដ្ឋមន្ត្រី Wickramasinghe និង​គណៈរដ្ឋមន្ត្រី​ទាំងមូល​ចេញពី​តំណែង​ដោយសារ​បញ្ហា​ជាច្រើន​ក្នុងនោះ​មាន អសមត្ថភាព​ដឹកនាំ និង​គ្រប់គ្រង​សេដ្ឋកិច្ច​,​ពុករលួយ  និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើឃាត​រូបលោក​ផង​។ លោក​អធិប្បាយ​ថា វា​គ្មាន​ការឯកភាព​គ្នា​សោះ​រវាង​លោក និង​នាយករដ្ឋមន្ត្រី លើ​គោលនយោបាយ ហើយ​ជា​ញឹកញាប់​ការទាស់ទែង​ខ្វែងគំនិត​គ្នា​កើតឡើង​ខ្លាំង​រវាង​អ្នក​ទាំងពីរ​ដែល​រុញច្រាន​ឲ្យ​វិបត្តិ​កើតឡើង​ទាំង​ក្នុង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ផង​។ 
 
​ប្រធានាធិបតី​ខាងលើ​បាន​បញ្ជាក់ថា អសមត្ថភាព​នោះ​គឺ សំដៅលើ​រឿង​ខាតបង់​លុយ​រដ្ឋ​រាប់លាន​ដុល្លារ​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋ​។ ហើយ​លោក​ចោទថា នាយករដ្ឋមន្ត្រី Wickmasinghe ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ធ្វើឃាត​រូបលោក​ក៏​ដោយសារ​កន្លងមក រដ្ឋាភិបាល​លោក​មិន​យកចិត្តទុកដាក់​លើ​ព័ត៌មាន​ជុំវិញ​ការរៀបចំ​ធ្វើ​គម្រោង​ធ្វើឃាត​ប្រធានាធិបតី​ឡើយ ហើយ​ប៉ូលិស​វិញ​ក៏បាន​ព្យាយាម​រារាំង​ការស៊ើបអង្កេត​ដើម្បី​វែកមុខ​អ្នក​នៅ​ពីក្រោយ​ទៀត​។​
 
៣. ការ​ត្រឡប់មកវិញ​នៃ​មេដឹកនាំ​ផ្តាច់ការ​ក្នុង​បរិបទ​នយោបាយ​ស្រីលង្កា  
​ដោយឡែក គ្រាន់តែ​ទទួលបាន​ការតែងតាំង​ភ្លាម​ពី​ប្រធានាធិបតី លោក Rajapaksa ប្រញាប់ប្រញាល់​រៀបចំ​ពិធី​ស្បថ​ចូលកាន់​តំណែង​ភ្លាម ដែល​បង្ហាញ​ឲ្យ​ឃើញថា អ្នកនយោបាយ​ជើងចាស់​រូបនេះ​ទន្ទឹងរង់ចាំ​ឱកាស​យូរ​មកហើយ​។ 
 
​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង លោក Rajapaksa បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​សភា​មុន​អាណ​ត្តិ​ឲ្យ​បាន​កាន់តែ​ឆាប់​ផងដែរ ចំ​ពេលដែល​ស្ថានការណ៍​នយោបាយ​កាន់តែ​ក្តៅ​។ លោក​ជឿជាក់ថា ការបោះឆ្នោត​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​ស្រីលង្កា​ជ្រើសរើស​ការដឹកនាំ​ថ្មី​ដើម្បី​ស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច និង​នយោបាយ​ដែល​កំពុង​ដិតដាម​ដោយ​បញ្ហា​។ 
​មិនមែន​បញ្ចប់​ត្រឹម​ក្លាយជា​នាយករដ្ឋមន្ត្រី​ទេ លោក Rajapaksa ចង់​ត្រឡប់​ទៅកាន់​តំណែង​ប្រធានាធិបតី​ឡើងវិញ​ផង បើសិនជា​ឱកាស​ហុច​ឲ្យ​។ 
 
​កាលពី​ខែកុម្ភៈ​កន្លងទៅ គណបក្ស​ថ្មី SLPP របស់លោក Rajapaksa បានឈ្នះ​ការបោះឆ្នោត​ក្រុមប្រឹក្សា​មូលដ្ឋាន​។ ម្យ៉ាងទៀត​ការទទួលបាន​តំណែង​នាយករដ្ឋមន្ត្រី​នៅពេលនេះ​ផ្តលឱកាស​កាន់តែច្រើន​ក្នុងការ​ត្រឡប់​ទៅរក​កៅអី​ប្រធានាធិបតី​នៅពេល​ខាងមុខ​ផង​។​
 
​យ៉ាងណា​ក៏ដោយចុះ ការ​ត្រឡប់​ចូលក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​វិញ​របស់​បុរស​ខ្លាំង​រូបនេះ​មិនមែនជា​រឿង​សាមញ្ញ ហើយក៏​មិនមែនជា​រឿង​គួរ​ឲ្យ​ត្រេកអរ​សម្រាប់​ប្រជាជន​ស្រីលង្កា​ដែរ​។ ខាង​ក្រុម​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជា​ជនតា​មិ​ល​ដែល​រង​ទុក្ខ​បុក​ម្នេញ​ដោយសា​របប​ដឹកនាំ​លោក Rajapaksa នោះ​កំពុង​ភ័យ​បារម្ភ​ខ្លាំង​។​
 
Rajapaksa ជាប់​ឈ្មោះ​ជា​មេដឹកនាំ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុងពេលដែល​រដ្ឋាភិបាល​លោក​ប្រើប្រាស់​កម្លាំង​កម្ទេច​ក្រុម​ឧទ្ទាម​ខ្លា​តា​មិ​ល​ទាំងស្រុង​ឆ្នាំ ២០០៩ ប៉ុន្តែ​លោក​ក៏​ទទួលបាន​ក្រេ​ឌី​ត​ដែរ​ក្នុងការ​បញ្ចប់សង្គ្រាម​ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍​នេះ​។ 
 
​រដ្ឋាភិបាល​លោក Rajapaksa រង​ការរិះគន់​និង​ចោទប្រកាន់​ខ្លាំង​ដោយសារ ការប្រើប្រាស់​រាល់​វិធានការ​ព្រៃផ្សៃ​ជាពិសេស​កាប់សម្លាប់​ប្រជា​ជនតា​មិ​ល​ច្រើន​នាក់​ក្នុង​រយៈពេល​ប្រយុទ្ធ​គ្នាន​ប៉ុន្មាន​ខែ​ចុងក្រោយ​។ ជម្លោះ​ហិង្សា​រយៈពេល ២៦ ឆ្នាំនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ពី​ប្រាំបី​ម៉ឺន​ដល់ មួយ​សែន​នាក់ ហើយ​ក្រុម​ឧទ្ទាម​ខា្ល​តា​មិ​ល និង​កងកម្លាំង​រដ្ឋាភិបាល​ចោទ​គ្នា​ទៅវិញទៅមក​រឿង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​ប្រជាជន​ស្លូត​ត្រង់នេះ​។​
 
៤. មហា​យក្ស​ចិន​៖ បាតដៃ​ទី​បី​? 

​ខណៈដែល​ស្ថានការណ៍​នយោបាយ​ស្រីលង្កា​កាន់តែ​ដុនដាប សហគមន៍​អន្តរជាតិ ក្នុងនោះ​មាន​សហរដ្ឋអាមេរិក និង​ឥណ្ឌា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បន្ធូរបន្ថយ​កម្តៅ​នយោបាយ និង​បញ្ចៀស​រាល់​គ្រោះ​ថា្នក់​ដែល​អាច​កើតមានឡើង​។ ឥណ្ឌា​មិនសូវ​ស្រួល​ចិត្ត​ទេ​ពេល​ស្រីលង្កា​ប្រឈម​បញ្ហា ហើយ​អ្នកនយោបាយ​ដែល​ស្និទ្ធ​ចិន​លោក Rajapaksa លេចមុខ​ឡើងជា​ថ្មី​ក្នុង​រដ្ឋាភិបាល​នៅពេលនេះ​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​ទទូច​នៅ​ថ្ងៃអាទិត្យ​ឲ្យ​ភាគ​ទាំងអស់​បញ្ចៀស​ឲ្យ​បាន​រាល់​ការប្រើប្រាស់​ហិង្សា ហើយ​វ៉ាស៊ីនតោន​ក៏​ស្នើ​ឲ្យ​ប្រធានាធិបតី Sirisena ប្រញាប់​បើកផ្លូវ​ឲ្យ​សភា​ប្រជុំ​ដើម្បី​បំពេញការងារ​ខ្លួន និង​កំណត់ថា តើ​អ្នកណា​នឹងត្រូវ​ដឹកនាំ​រដ្ឋាភិបាល​នោះ​។ 
 
​ចំណែក​ឥណ្ឌា​ដែលជា​កល្យាណមិត្ត​វិញ​នោះបាន​បញ្ជាក់ថា ខ្លួន​កំពុង​តាន​ដាន​ស្ថានការណ៍​នយោបាយ​យ៉ាង​ជិតស្និទ្ធ ហើយក៏​សង្ឃឹម​ផងដែរ​ថា រដ្ឋាភិបាល​ស្រីលង្កា​បន្ត​រក្សា​តម្លៃ​ប្រជាធិបតេយ្យ និង​ធានា​ដំណើរការ​ធម្មនុញ្ញ និង​ប្រក្រតីភាព​នៃ​ស្ថាប័ន​នយោបាយ​ផង​។​
 
​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​មហា​យក្ស​ចិន​តែមួយ​ប៉ុណ្ណោះ​ដែល​បាន​អបអរសាទរ​លោក Rajapaksa ក្នុងឱកាស​ដែល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​។ កាយវិកា​នេះ​ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់​លើ​ចិន​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការនាំ​លោក Rajapaksa ត្រឡប់​ចូល​នយោបាយ​វិញ​ផងដែរ​។ 
 
​ប៉ុន្មាន​ថ្ងៃនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ស្រង់​សម្តី​ប្រភព​មួយចំនួន​ចោទប្រកាន់​ចិន​ថា បាន​ចំណាយលុយ​ជាច្រើន​លាន​ដើម្បី​ទិញ​ទឹកចិត្ត​ក្រុម​សមាជិកសភា​បក្ស​ផ្សេង​ឲ្យ​ងាក​មក​គាំទ្រ​លោក Rajapaksa ផងដែរ ក្នុងពេលដែល​សភា​បើក​កិច្ចប្រជុំ​ខាងមុខ​នោះ​។ គេ​លេច​លឺដំណឹង​ខ្លាំង​ថា សមាជិកសភា​មួយចំនួន​បាន​ផ្តាច់ខ្លួន​ចេញពី​បក្ស​បក្ស​រួបរួម​ជាតិ (UNP) របស់​នាយករដ្ឋមន្ត្រី​ដែល​ត្រូវគេ​បណ្តេញចេញ Wickremesinghe ដើម្បី​ងាក​ទៅ​គាំទ្រ​លោក Rajapaksa​វិញ​។ ចំនួន​សមាជិកសភា​នេះ​នឹង​កើនឡើង​ថែមទៀត​នៅពេល​ខាងមុខ​។​
 
​លោក Ranjan Ramanayake សមាជិកសភា​ដែល​មកពី​បក្ស​រួបរួម​ជាតិ (UNP) បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សមាជិកសភា​ខ្លះ​អាច​ទទួល​អំណោយ​ជា​ទឹកប្រាក់​រហូតដល់ ៤,៦ លាន​ដុល្លារ​ឯណោះ បើ​គេ​ព្រម​ងាក​មក​គាំទ្រ​លោក Rajapaksa​។ តំណាងរាស្ត្រ​រូបនេះ​បន្តថា លុយ​ទាំងនេះ​គឺ​ឧបត្ថម្ភ​ដោយ​ក្រុង​ប៉េកាំង​។​
 
​ជុំវិញ​ការចោទប្រកាន់​នេះ មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កូឡុំបូ បដិសេធ​ឆ្លើយតប​ការស្នើសុំ​ឲ្យ​បកស្រាយ​របស់​អ្នកសារព័ត៌មាន​។ ប៉ុន្តែ​មន្ត្រី​នោះ​គ្រាន់តែ​អះអាង​ជាថ្មី​ថា ចិន​ប្រឆាំង​ដាច់ខាត​លើ​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ 
 
​គេ​ដឹង​ច្បាស់​ថា ចិន​ធ្លាប់​គាំទ្រ​របប​ដឹកនាំ​លោក Rajapaksa ពេល​លោក​កាន់អំណាច​ពី​ឆ្នាំ ២០០៥ រហូតដល់​ឆ្នាំ  ២០១៥ ហើយ​ការ​លេចមុខ​ជាថ្មី​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​ស្រីលង្កា​នេះ​ជា​អ្វីដែល​ចិន​ចង់ឃើញ​ខ្លាំង​។ 
 
​ដូច្នេះហើយ បញ្ហា​ភូមិសាស្ត្រ​នយោបាយ ប្រហែលជា​កត្តា​មួយ​សំខាន់​ដែរ​ក្នុងការ​ជំរុញ​ឲ្យ​វិបត្តិ​នយោបាយ​កើតឡើង​នៅ​ស្រីលង្កា​នៅពេលនេះ​។ កោះ​មួយ​នេះ​សិ្ថ​ត​ក្រោម​ការប្រកួតប្រជែង​អំណាច​រវាង​មហា​យក្ស​ឥណ្ឌា និង​មហា​យក្ស​ចិន​។ ឥណ្ឌា​មាន​ទំនាក់ទំនង​ប្រហែល ២៥០០​ឆ្នាំ​មកហើយ​ជាមួយ​ស្រីលង្កា ហើយ​ទំនាក់ទំនង​នេះ​បន្ត​ស្អិតល្មួត​រហូតមក ជាពិសេស​នយោបាយ សង្គម​និង​វប្បធម៌​។ ឯ​ចិន​ឯណេះ​វិញ​គឺមាន​ឥទ្ធិពល​ខ្លាំង​លើ​ស្រីលង្កា​ដោយសារ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាពិសេស​ជា​ម្ចាស់បំណុល​ធំ​ដោយសារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​នៅ​ស្រីលង្កា​ច្រើន​។ ជាក់ស្តែង ប្រធានបទ​ស្តីពី​ស្ថានភាព​ស្រីលង្កា​លង់ខ្លួន​ក្នុង​បំណុល​ចិន​រហូតដល់​ផ្ទេរ​កំពង់ផែ​ឲ្យ​ចិន​កាន់កាប់​បន្ត​ជា​រឿង​ពេញនិយម​សម្រាប់​ការពិភាក្សា​រហូតមក​៕ 
 

Tag:
 ចិន​
  ស្រីលង្កា​
  Ranil Wickramasinghe
  Mahinda Rajapaksa
© រក្សាសិទ្ធិដោយ thmeythmey.com