ជាតិ
ពីនេះ ពីនោះ
សត្វ «កង្ហែន» ប្រើច្រមុះដើម្បីរកអាហារ
29, Oct 2018 , 6:14 pm        
រូបភាព
ដោយ: ថ្មីៗ
សត្វ «កង្ហែន» ភាគច្រើនរស់នៅលើដី និងរកចំណីអាហារដោយប្រើច្រមុះដ៏វែងរបស់វា។ «កង្ហែន» ចូលចិត្តរស់នៅតាមទីជម្រកជាច្រើនប្រភេទ ចាប់ពីប្រភេទព្រៃ រហូតដល់រស់នៅតាមចម្ការផ្សេងៗ។ ចំណីរបស់វារួមមាន គ្រាប់ធញ្ញជាតិ ផ្លែឈើ និងពពួកសត្វដែលគ្មានឆ្អឹងកងជាដើម។


នៅកម្ពុជា សត្វ «កង្ហែន» មាននៅក្នុងខេត្តពោធិ៍សាត់, កោះកុង, ដែនជម្រកសត្វព្រៃគូលែន ,ព្រហ្មទេពនៃខេត្តព្រះវិហារ និង តំបន់ផ្សេងៗទៀត។ ជាមួយគ្នានេះ វាក៏ត្រូវបានរកឃើញនៅប្រទេសថៃ, ឡាវ, និងវៀតណាមភាគខាងត្បូងផងដែរ។ នេះបើយោងតាមសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨។
 
សៀវភៅខាងលើ បញ្ជាក់ថា មានប្រវែងដងខ្លួនពី ១៨៤-២១០ម.ម និងកន្ទុយមានប្រវែងពី ១៤០-១៧៥ម.ម។ «កង្ហែន» មានមាឌមធ្យម និងមានលក្ខណៈខុសគ្នាពី សត្វ «កង្ហិច» ដោយសារទំហំ។ ក្បាលវាមានពណ៌ប្រផេះត្នោត និង មានឆ្នូតពណ៌ខ្មៅផង ដោយមានពណ៌ពងមាន់នៅលើខ្នងនិងចំហៀងខ្លួន។ ចំណែកឯពោះមានពណ៌ប្រផេះភ្លឺ កន្ទុយ របស់វាវិញ មានប្រវែងខ្លីជាងប្រវែងនៃក្បាល-ដងខ្លួន ប៉ុន្តែច្រមុះរបស់វាវែងបន្តិច។ «កង្ហែនមានរស់នៅស្ទើរគ្រប់ទីកន្លែង ដោយមានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់»។ នេះបើតាមសៀវភៅដដែល។
(ប្រភពឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា)៕
 
 
 
 

Tag:
 កង្ហែន
  សៀវភៅថនិកសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com