ជាតិ
សម្ដេច ស ខេង ប្រាប់ឲ្យលោក ជា សុផារ៉ា ផ្ទេរសេវាវិស័យរៀបចំដែនដី ទៅកាន់អង្គភាពច្រកចេញ-ចូលតែមួយ
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ទេរប្រភេទសេវា ដែលកំពុងអនុវត្តនៅមន្ទីរៀបចំដែនដី និងសូរិយាដី ទៅអង្គភាពច្រកចេញ-ចូលតែមួយរាជធានី-ខេត្តទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រភេទសេវានៃវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ទេរទៅអង្គភាពច្រកចេញ-ចូលតែមួយនោះ មានចំនួន៣៣ចង្កោម ស្មើនឹង១១១ប្រភេទ ខណៈដែលប្រភេទសេវា ២៦ចង្កោម ស្មើនឹង៩៦ប្រភេទទៀត នៅពុំទាន់បានដាក់ឲ្យដំណើរការនៅអង្គភាពច្រកចេញ-ចូលតែមួយនៅឡើយ ។ ដោយសារតែបញ្ហា ទើបក្រសួងមហាផ្ទៃ ស្នើឲ្យក្រសួងរៀបចំដែនដី ប្រាប់ទៅមន្ទីរាជធានី- ខេត្ត និងសុរិយោដី ផ្ទេរសេវាខាងលើនេះ ទៅអង្គភាពច្រកចេញ-ចូលតែមួយ ដើម្បីដាក់ដំណើរការឲ្យបានមុនបំណាច់ឆ្នាំ២០១៨។
លិខិតសម្ដេច ស ខេង ផ្ញើទៅលោក ជា សុផារ៉ា បានបញ្ជាក់ដូច្នេះថា៖«ដើម្បីធានាដល់ការអនុវត្តអនុក្រឹត្យខាងលើឲ្យមានប្រសិទ្ធិភាព និងផ្អែកលើស្មារតីនៃកិច្ចប្រជុំលើកទី១៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្តឲ្យដាក់ដំណើរការអង្គភាពច្រកចេញ-ចូលតែមួយ ជាបណ្ដោះអាសន្នកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយគ្រោងនឹងដាក់ឲ្យដំណើរកាជាផ្លូវការឲ្យបានមុនដំណាច់ឆ្នាំ២០១៨នេះ។
បច្ចុប្បន្នអង្គភាពច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បាននឹងកំពុងដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងមមាញឹកលើប្រភេទសេវានៃ វិស័យជំនាញនានាតាមស្មារតីនៃអនុក្រឹត្យ របស់រាជរដ្ឋាភិបាល»។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី ការបង្កើតយន្តការច្រកចេញ-ចូលតែមួយ សម្រាប់ការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលរាជធានី-ខេត្ត ដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
Tag:
ស ខេង
ជា សុផារ៉ា
សេវាកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com