ជាតិ
ពីនេះ ពីនោះ
សត្វ «កង្ហិច» មាននៅកម្ពុជា,ចិន,វៀតណាម,ឡាវ និងថៃ
30, Oct 2018 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
នៅកម្ពុជាសត្វ «កង្ហិច» មាននៅក្នុងខេត្តពោធិ៍សាត់, កោះកុង, ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនៃខេត្តព្រះវិហារ និងតំបន់ផ្សេងៗទៀត។ ជាពិសេស វាត្រូវបាន គេរកឃើញនៅប្រទេសថៃ, ឡាវ និងវៀតណាមភាគខាងត្បូងផងដែរ។ សត្វប្រភេទនេះ មាននៅគ្រប់ទីកន្លែង ដោយមានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់។



បើតាមសៀវភៅថនិកសត្វកម្ពុជា លក្ខណៈជីវសាស្ត្រ សត្វ «កង្ហិច» រស់នៅលើដើមឈើខ្ពស់ៗ ហើយវាត្រូវបានគេរកឃើញនៅក្នុងព្រៃវាលទំនាប និងព្រៃខ្ពង់រាប (ដែលមានរយៈកម្ពស់ប្រហែល៧រយម៉ែត្រ) រួមទាំងនៅតាមសួនផ្កា និងចម្ការនានា។ សត្វ «កង្ហិច» ចូលចិត្តរស់នៅ តែឯង ឬក្រុមតូចៗ។ ការធ្វើសម្បុករបស់វាគឺនៅក្នុងប្រហោងឈើ។ ចំណែកឯចំណីអាហាររបស់វារួមមាន ផ្លែឈើ បន្លែ និងសត្វល្អិតជាដើម។ នេះបើតាមសៀវភៅខាងលើ។
 
សៀវភៅថនិកសត្វដដែល បន្តថា ភិនភាគរបស់សត្វ «កង្ហិច» មានប្រវែងក្បាល-ដងខ្លួនពី១០៥-១២៣ម.ម និងកន្ទុយ ប្រវែងពី១១៤-១៣០ម.ម។ «កង្ហិច» មានមាឌតូច ដែលមានលក្ខណៈសម្គាល់ត្រង់ឆ្នូតពណ៌ខ្មៅ និងពណ៌ពងមាន់នៅលើខ្នង។ វាមានសម្បុរនៅសងខាងខ្នងពណ៌ត្នោតស្រាល និងផ្នែកពោះពណ៌ភ្លឺព្រលែត ហើយមានឆ្នូត១ពណ៌លឿង ស្រាលចាប់ពីច្រមុះកាត់តាមក្រោមភ្នែក បន្តរហូតដល់គុម្ពកន្ទុយ។ កន្ទុយរបស់វាមានពណ៌ខ្មៅ និងឆ្នូតពណ៌លឿង ស្រាលផងដែរ។ 
(ប្រភពឯកសារនេះ សារព័ត៌មានថ្មីៗ ដកស្រង់ចេញពីសៀវភៅថនិកសត្វកម្ពុជា)៕ 
 
 
 
 
 

Tag:
 សៀវភៅថនិកសត្វកម្ពុជា
  កង្ហិច
© រក្សាសិទ្ធិដោយ thmeythmey.com