កាលពីថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ ២០១៨ សាលាអេស៊ីអ៊ី (ACE) បានរៀបចំ កម្មវិធីរត់ដើម្បីបរិស្ថាន ប្រចាំឆ្នាំលើកទី៣ (3rd ACE Annual Fun Run for the Environment) របស់ខ្លួន នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដែលមានការចូលរួមពីសំណាក់ សិស្ស និស្សិត បញ្ញាវន្ត មន្ត្រីរាជការ បុគ្គលិកស្ថានទូត អត្តពលិក និងអ្នកស្រលាញ់បរិស្ថាន ប្រមាណ ២០០០ នាក់។ កម្មវិធីនេះត្រូវបានរៀបចំដោយសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP-ACE បានលើកឡើងថា កម្មវិធីរត់ដើម្បីបរិស្ថាននេះពិតជាមានសារសំខាន់ និងបានចូលរួមក្នុងកិច្ចការពារបរិស្ថាន។ លោកបានថ្លែងថា ថវិកាដែលបានមកពីការចូលរួមរបស់សាធារណជននេះ នឹងត្រូវប្រើប្រាស់ដើម្បីសាងសង់បង្គន់អនាម័យ នៅតាមសាលារដ្ឋនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP-ACE
លោកនាយករូបនេះបានរំឭកផងដែរថា កម្មវិធីរត់ដើម្បីបរិស្ថានលើកទី១ ថវិកាដែលប្រមូលបាន យកទៅរៀបចំកម្មវិធីចូលរួមដាំដើមឈើ កម្មវិធីរត់ដើម្បីបរិស្ថានលើកទី២ សម្រាប់ទិញធុងសំរាមចែកជូនដល់សាលារៀនមួយចំនួន។
លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារសំខាន់នៃការហាត់ប្រាណដើម្បីសុខភាព និងការសម្អាតបរិស្ថាន ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ របស់សាធារណជនចំពោះការគ្រប់គ្រងសំរាមដែលខ្លួនបានបង្កើតឡើង។ លោកបានកោតសរសើរចំពោះសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE ដែលបានផ្តួចផ្តើមបង្កើតកម្មវិធីរត់ដើម្បីបរិស្ថាននេះឡើង។
លោក សុខសប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
នៅចំពោះមុខអ្នកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ និងប្រកបដោយមោទនភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់យុវជន និងសាធារណជនជាតិ និងអន្តរជាតិក្នុងកម្មវិធីរត់ដើម្បីបរិស្ថាននៅពេលនេះគឺជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នៃការរស់នៅប្រកបដោយផាសុកភាព តាមរយៈការហាត់ប្រាណ ហើយតាមរយៈសកម្មភាពទាំងនេះ នឹងចូលរួមចំណែកក្នុងការរៃអង្គាសក្នុងយុទ្ធនាការអនាម័យ និងបរិស្ថានស្អាត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព លុះត្រាយើងទាំងអស់គ្នា មានសុខភាពល្អ និងរស់នៅក្នុងសង្គមដែលមានបរិស្ថានស្អាតល្អ ។ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា បរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចាំបាច់ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតអនាម័យបរិស្ថាន។ លោកជឿជាក់ថា កម្មវិធីរត់ដើម្បីបរិស្ថាននេះ នឹងត្រូវរៀបចំជាបន្តបន្ទាប់នៅឆ្នាំខាងមុខទៀត និងមានអ្នកចូលរួមពីបងប្អូនប្រជាពលរដ្ឋកាន់តែច្រើន ហើយគំនិតនៃការស្រឡាញ់បរិស្ថាន និងសុខភាពនេះនឹងត្រូវផ្សព្វផ្សាយ រីកសាយភាយទៅគ្រប់ទិសទី។
កម្មវិធីអេស៊ីអ៊ី រត់ដើម្បីបរិស្ថានប្រចាំឆ្នាំលើកទី ៤ នឹងប្រារព្ធធ្វើទ្បើងជាថ្មីម្ដងទៀត នៅឆ្នាំ២០១៩ សូមកុំភ្លេចចូលរួមទាំងអស់គ្នានៅឆ្នាំក្រោយ!