កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនផ្តល់ធុងសំរាម១០០ធុង ដើម្បីរួមចំណែកសម្អាតបរិស្ថាននៅខេត្តព្រះសីហនុ
× ក្លិបបាល់ទាត់ភ្នំពេញក្រោនបានផ្តល់ធុងសំរាមចំនួន១០០ធុងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដាក់ពង្រាយនៅតាមឆ្នេរសមុទ្រនិងតាមដងផ្លូវសំខាន់ៗមួយចំនួន។ ការផ្តល់នេះ ធ្វើឡើងក្នុងកម្មវិធី Football Clinic និងរួមគ្នាដើម្បីបរិស្ថានខេត្តព្រះសីហនុកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថាននៅខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតរបស់កម្ពុជា ក្លិបបាល់ទាត់ភ្នំពេញក្រោមបានផ្តល់ធុងសំរាមចំនួន១០០ធុងដល់រដ្ឋបាលខេត្តព្រះសីហនុ។ ម្យ៉ាងការផ្តល់នេះ គឺដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកបោសសំអាតក្នុងការចោល និងប្រមូលសំរាម។ ធុងសំរាមទាំងនេះ នឹងដាក់ពង្រាយតាមឆ្នេរសមុទ្រ និងដងវិថីសំខាន់ៗមួយចំនួននៅខេត្តព្រះសីហនុ។
តាមរយៈកម្មវិធី Football Clinic និងរួមគ្នាដើម្បីបរិស្ថាន ដែលដឹកនាំដោយលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោននេះដែរ មានការចែកសម្ភារសិក្សា និងកីឡាមួយចំនួនរួមមានប៊ិច សៀវភៅ និងអាវកីឡាដល់យុវជនចំនួន៦០នាក់ផងដែរ។ លើសពីនេះ ពួកគេទទួលបានការចែករំលែកបទពិសោធន៍កម្រិតមូលដ្ឋានពីបច្ចេកទេសនៃការលេងបាល់ពីសំណាក់កីឡាករ គ្រូបង្វឹករបស់ក្លិបភ្នំពេញក្រោននៅទីលាននៃសាលាបណ្តុះបណ្តាលបច្ចេកទេសដុនបូស្កូទៀតផង។
កម្មវិធីនេះរៀបចំដោយក្លិបភ្នំពេញក្រោនសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បន្ទីរអប់រំ យុវជននិងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្ត្រីជាច្រើនរូបទៀត។
ក្រៅពីកម្មវិធីសំខាន់ៗខាងលើ មានកម្មវិធីដើរសម្អាតសំរាមតាមឆ្នេរ និងដងវិថី និងដាំដើមឈើអនុស្សាវរីយ៍ជាដើម៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com