ONE Championship
កីឡាជាតិ
ជាតិ
ONE Championship៖ ជំនួប​នៅ​សិង្ហ​បុរី​របស់ ចាន់ រតនា ត្រូវ​លុបចោល ព្រោះ​ដៃគូ​របួស​
31, Oct 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​ប្រភេទ​ទំងន់ Flyweight (៦១.២kg) របស់​តារា​ប្រដាល់សេរី ចាន់ រតនា ដែល​រំពឹង​ប៉ះ​ជាមួយ​កីឡាប្រដាល់​ជើង​ថ្មី​របស់​ឥណ្ឌូណេស៊ី Abro Fernandes ដែលមាន​រហ័ស្ស​នាម «​នាគ​ខ្មៅ​» ត្រូវបាន​លុបចោល​វិញ​ដោយសារ​ភាគី​ម្ខាង​ទៀត​មាន​របួស​។​

 
​លោកគ្រូ​ប្រដាល់សេរី ចាន់ រតនា បង្ហើប​ឲ្យ​ដឹងថា​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​ត្រឡប់​ចូល​វាយ​លើស​ង្វៀន ONE: Heart of the Lion នៅ​ថ្ងៃ​សុក្រ ទី​៩ ខែវិច្ឆិកា នេះ​នៅ​សិង្ហ​បុរី ប៉ុន្តែ​គំរោង​នោះ​ស្រាប់តែ​ត្រូវបាន​ផ្លាស់ប្តូរ​ភ្លាមៗ​។​
 
​អ្នក​ដាល់​ជើងចាស់​ខ្មែរ​វ័យ ៣២​ឆ្នាំ​រូបនេះ បានទទួល​ព័ត៌មាន​ពី ONE ស្របពេល​ខ្លួន​កំពុង​ហ្វឹកហាត់​ជាមួយ​ជើង​ខ្លាំង Phoe Thaw ហៅ​ក្រៅ «Bushido» នៅ​ប្រទេស​ភូមា​។ 
 
​ថ្វីបើ​ដំបូង​រូបគេ​មានការ​ខកចិត្ត​ខ្លាំង ព្រោះ​មិនអាច​បង្ហាញ​ពី​សមត្ថភាព​ក្បាច់គុន​ខ្មែរ​ដែល​ខ្លួន​ព្យាយាម​ហ្វឹកហាត់​មួយ​រយៈពេល​ដើម្បី​ត្រៀម​វាយ​នៅ​សិង្ហ​បុរី ប៉ុន្តែ​ក្រោយមក​ក៏​ទទួលបាន​សញ្ញា​វិជ្ជមាន​វិញ​ក្នុង​កាលៈទេសៈ​មិនល្អ​របស់ខ្លួន​ក្នុងពេល​ជាមួយគ្នា​នោះ​ផងដែរ​។​
 
​រតនា បង្ហើប​ប្រាប់ថា​៖ «​ខ្ញុំ​មិនសូវ​សប្បាយចិត្ត​ទេ ពេល​គេ​ប្រាប់​ខ្ញុំ​ថា​ការប្រកួត​របស់ខ្ញុំ​ត្រូវ​លុបចោល​»​។ តែ​ក៏​ល្អ​ម្យ៉ាងដែរ ព្រោះ​ខ្ញុំ​នឹងមាន​ពេល​ថែមទៀត​សំរាប់​ហ្វឹកហាត់​បន្ថែម​ឲ្យ​កាន់តែខ្លាំង​សម្រាប់​ការប្រកួត​បន្ទាប់​»​។​
 
​ឥឡូវនេះ ONE Championship ពុំទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​ថា​នឹងត្រូវ​ឡើង​វាយ​នៅពេលណា​បន្ទាប់ ប៉ុន្តែ​បើតាម រតនា រូបគេ​នឹងត្រូវ​វាយ​ក្នុង​កម្មវិធី ONE: DESTINY OF CHAMPIONS នៅ​ថ្ងៃ​សុក្រ​ទី ៧ ខែធ្នូ​។​
 
​ក្រុម​ជុំរុំ​ក្បាច់គុន​ធំ​បំផុត​នៅលើ​ពិភពលោក​នឹង​បង្ហាញខ្លួន​ម្តងទៀត​នៅ​ពហុ​កីឡដ្ឋាន Axiata Arena ដ៏​ស្រស់ស្អាត​នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ហើយ រតនា គិតថា​ខ្លួន​នឹង​បង្ហាញ​ពី​ក្បាច់គុន​ខ្មែរ​ដ៏​ល្អ​ដ៏​អស្ចារ្យ​នេះ​ដល់​អ្នកចូលរួម​ទាំងអស់​ទស្សនា​។​
 
​បច្ចុប្បន្ននេះ​រូបគេ​កំពុង​នៅ​ជាមួយ​មិត្ត​រួម​ក្រុម​របស់គាត់​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ទោះបីជា​ការប្រកួត​រប​ស់​កូនសិស្ស​របស់គេ​គឺ Phoe Thaw មិនបាន​ដូច​អ្វីដែល​លោក​រំពឹងទុក​ក៏ដោយ​ក៏ គាត់​ទទួលស្គាល់ថា​ពួកគាត់​បាន​ត្រៀមខ្លួន​យ៉ាង​អស់ពី​សមត្ថភាព​ហើយ​។​
 
​លោក​ពន្យល់ថា​៖ «​គាត់ (Phoe Thaw) បាន​ហ្វឹកហាត់​យ៉ាងខ្លាំង​រយៈពេល​មួយខែ​ហើយ ប៉ុន្តែ​យ៉ាងណាមិញ​នៅលើ​សង្វៀន​យើង​មិនអាច​មើលឃើញ​ទេ​»​។​
 
 
​រតនា នឹង​វិល​ត្រលប់មក​ភ្នំពេញ​វិញ​ដើម្បី​បន្ត​ការហ្វឹកហាត់ ដោយ​សង្ឃឹមថា ONE Championship នឹង​ទាក់ទង​មក​ប្រាប់​ពី​ការប្រកួត​ថ្មី​ឆាប់ៗ​។​
 
​ស្របពេល​នោះដែរ គាត់​នឹង​ចំនាយ​ពេលវេលា​ជាមួយ​ដៃគូ​របស់គាត់​លោក Phoe Thaw ក៏ដូចជា​ក្រុម PT នៅឯ​ប្រទេស​ភូមា​។​
 
​គាត់​និយាយថា​៖ «​យើង​សប្បាយចិត្ត​ដោយបាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​» ។ «​ដំបូង​វា​លំបាក​សម្រប​ខ្លួន​ក្នុងការ​រស់នៅ​របស់គេ​ណាស់ ដោយសារ​កន្លែង​ខុសគ្នា ម្ហូបអាហារ​ក៏​ខុសគ្នា ប៉ុន្តែ​ពេល​បានមកពីរ​បី​លើក​ក្រោយ វា​ដូចជា​សាមញ្ញ​ធម្មតា​វិញ​» ។​
 
​អត្ថបទ​៖ Matias Andre

 

© រក្សាសិទ្ធិដោយ thmeythmey.com