ជប៉ុននិងឥណ្ឌា នៅថ្ងៃទី២៩ ខែតុលា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី គ្របដណ្តប់លើច្រើនវិស័យជាពិសេសវិស័យការពារជាតិ និងពាណិជ្ជកម្មផងដែរ។ ការឈានទៅពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរួមគ្នានេះធ្វើឡើងដោយឆ្លើយតបនឹងការកើនឡើងឥទ្ធិពលរបស់មហាយក្សចិនក្នុងតំបន់កាន់តែខ្លាំងទៅៗ។
ការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលជប៉ុន និងឥណ្ឌា នេះត្រូវបានធ្វើឡើងអំឡុងទស្សនកិច្ចរយៈពេលបីថ្ងៃរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រា ម៉ូឌី ទៅកាន់ទីក្រុងតូក្យូ។ទស្សនកិច្ចរបស់លោក ម៉ូឌី គឺផ្តោតសំខាន់លើការស្វែងរកលទ្ធភាពពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រោយជំនួបជាមួយលោកម៉ូឌី នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានលើកឡើងថា ទំនាក់ទំនងរឹងមាំរវាងជប៉ុន និងឥណ្ឌាជាមូលដ្ឋានគ្រឹះមួយក្នុងការធានាសន្តិភាព និងស្ថិរភាពតំបន់ទាំងមូលផង។
ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលជប៉ុនជ្រើសរើសដើម្បីបង្កើតភាពជាដៃគូវិស័យការពារជាតិរួមគ្នា។ ប៉ុន្តែគេមើលឃើញថា រដ្ឋាភិបាលក្រុងតូក្យូមួយរយៈចុងក្រោយនេះក៏កំពុងព្យាយាមស្វះស្វែងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយបណ្តាប្រទេសផ្សេងៗទៀតដែរ ក្រៅពីសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួនសហរដ្ឋអាមេរិក។
ជាក់ស្តែងប្រទេសទាំងនោះគឺរួមមានដូចជា អូស្ត្រាលី, នូវែលសេឡង់, ហ្វីលីពីន និងបណ្តាប្រជាជាតិផ្សេងទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផង។
ក្នុងការបង្កើនភាពជាដៃគូលើវិស័យការពារជាតិរបស់ក្រុងតូក្យូបែបនេះ អាចនិយាយបានថា វាព្រោះថា លោក អាបេ ព្រួយបារម្ភពី ការកើនឡើងនៃឥទ្ធិពល និងអំណាចយោធាចិនក្នុងតំបន់អាស៊ី ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិខ្លួន។ ត្រង់ចំណុចនេះក្នុងសេចក្តីថ្លែងការណ៍ដដែល លោក អាបេ បានលើកឡើងថា ភាគីទាំងពីរនឹងបង្កើតកិច្ចពិភាក្សាសន្តិសុខកម្រិតថ្នាក់រដ្ឋមន្ត្រីថ្មីមួយ និងពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចរវាងកងកម្លាំងនិងទាហានរវាងប្រជាជាតិទាំងពីរ។ គោលបំណងសំខាន់គឺ ជួយពង្រឹងសមត្ថភាពរវាងយោធានៃប្រទេសទាំងពីរនៅពេលអនាគត។
ក្រៅពីនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការផ្តល់ព័ត៌មានដែនសមុទ្រ ឬហៅថា MDA ផងដែរកាលពីថ្ងៃទីចន្ទកន្លងទៅ។ កិច្ចព្រមព្រៀង MDA នេះ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការចែករំលែកព័ត៌មានសំខាន់ៗរវាងកងទ័ពប្រទេសទាំងពីរដើម្បីផលប្រយោជន៍រួម ជាពិសេស ព័ត៌មានទាក់ទងនឹងការធ្វើប្រតិបត្តិការរបស់នាវាចម្បាំង ឬនាវាមុជទឹកចិន ក្នុងមហាសមុទ្រឥណ្ឌាតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌានិងជប៉ុនក៏បានយល់ព្រមចាប់ផ្តើមកិច្ចចរចាជាផ្លូវការជុំវិញកិច្ចព្រមព្រៀងស្តីពីការគាំទ្រគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ឬហៅថា ACSA។ ប្រសិនបើវាត្រូវបានចុះហត្ថលេខាអនុវត្តនោះ កិច្ចព្រមព្រៀង ACSA នេះ នឹងអនុញ្ញាតឲ្យកងទ័ពជើងទឹកឥណ្ឌាអាចប្រើប្រាស់មូលដ្ឋានទ័ពរបស់ជប៉ុន នៅប្រទេសជីប៊ូទី (Djibouti) រីឯកងកម្លាំងស្វ័យការពារជប៉ុន នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពរបស់ឥណ្ឌាលើកោះ Andaman និង កោះ Nicobar ដែលស្ថិតក្នុងមហាសមុទ្រឥណ្ឌាដែរ។
បន្ថែមពីវិស័យយោធា លោក អាបេ ក៏បានសន្យាផ្តល់កម្ចីការប្រាក់ទាបចំនួន ២,៨ពាន់លានដុល្លារដល់ទីក្រុងញូវដេលីថែមទៀតផង សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៧នៅឥណ្ឌា។ ពាក់កណ្តាលនៃកម្ចីនេះនឹងត្រូវផ្តល់ទៅដល់គម្រោងផ្លូវដែកនៅតំបន់ភាគខាងលិចឥណ្ឌា ដែលប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់របស់ជប៉ុនដែលមានល្បឿនលឿន ដែលគេស្គាល់ថា «រថភ្លើងគ្រាប់កាំភ្លើង (bullet train)»។
ជុំវិញការណ៍ដែលជប៉ុនដែលងាកទៅរកចិនផង និងឥណ្ឌាផងនៅពេលនេះ សាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិ លោក Takashi Kawakami យល់ឃើញថា លោកអាបេ ដែលទើបតែធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលសប្តាហ៍មុននោះ កំពុងស្វែងរកតុល្យភាពទំនាក់ទំនងរវាងចិន និងឥណ្ឌា។ តួយ៉ាងមេដឹកនាំជប៉ុននេះរូបបានទៅជួបពិភាក្សាជាមួយមេដឹកនាំចិន ស៊ី ជិនភីង ចំពេលដែលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកទាំងផ្នែកពាណិជ្ជកម្ម និងយោធា។
ហើយខណៈនេះ លោកអាបេកំពុងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីធានាឲ្យបាននូវកិច្ចសហប្រតិបត្តិការរវាងជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក លើគោលការណ៍ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហរ ដើម្បីទប់ទល់ឥទ្ធិពលចិន។ នេះជាការបញ្ជាក់របស់លោកTakash ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ៕