កីឡាជាតិ
ជាតិ
U18 កម្ពុជា​ប្រកួត​ជាមួយ​ជប៉ុន ដើម្បី​អបអរ​ខួប​ទំនាក់ទំនង​៦៥​ឆ្នាំ នៅ​រសៀល​នេះ​
31, Oct 2018 , 12:02 pm        
រូបភាព
ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ចូលប្រកួតនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧
ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ចូលប្រកួតនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន Fukushima អាយុ​ក្រោម​១៨​ឆ្នាំ​ជប៉ុន នៅ​ម៉ោង​៥​រសៀល ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ រៀបចំឡើង​ដើម្បី​អបអរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​។

 
​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​រវាង​ក្រុមយុវជន​បាល់ទាត់​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា ជាមួយ​ជប៉ុន ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​។ ក្រុមយុវជន​កម្រិត​វិទ្យាល័យ​ជប៉ុន​នេះ គឺជា​សមាជិក​របស់​ស​មា​គម​បាល់ទាត់ JFA Academy ប្រចាំខេត្ត​ហ្វូ​គឹ​ស៊ី​មា​។ 
 
​ក្រុម​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​កីឡា​ជប៉ុន​សរុប​១៨​នាក់ ត្រូវបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១​សប្តាហ៍​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ការ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្រោម​គម្រោង​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​(JENESYS) ដែល​បង្កើតឡើង​ដោយ​ក្រសួងការបរទេស​ជប៉ុន​។​
 
​ក្រោយ​ជំនួប​នេះ ក្រុមយុវជន​ជប៉ុន នឹង​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​វិសាខា នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ បន្ទាប់ពី​ការប្រកួត​នេះ​ទៅ ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ពី​សកម្មភាព និង​វាយតម្លៃ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​សណ្ឋាគារ​សាន់វេ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨៕  

Tag:
 ​បាល់ទាត់​
  ជប៉ុន​
  U18
© រក្សាសិទ្ធិដោយ thmeythmey.com