ជាតិ
សង្គមជាតិ
ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកែប ត្រូវបានសម្ពោធជាផ្លូវការ រូបពី AKP
× ក្រៅពីរាជធានីផ្នំពេញ កម្ពុជា-វៀតណាម បានបង្កើតស្តូបមិត្តភាពមួយទៀត ដែលស្ថិតនៅក្នុងសួនច្បារសម្តេចហ៊ុន សែន នៅក្រុងកែប។ ស្តូបថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ធ្វើជាអធិបតីក្នុងពិធីសម្ពោធស្តូបនេះ ដោយមានតំណាងវៀតណាមចូលរួមផងដែរ។ ថ្នាក់ដឹកនាំខេត្តកែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពនានា ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១៥០០នាក់ បានចូលរួមក្នុងពិធីនេះ។
ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានស្រង់ប្រសាសន៍របស់លោកស្រី ម៉ែន សំអន ទៅចុះផ្សាយថា លោកស្រី បានអំពាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ចូលរួមការពារសមិទ្ធផលនេះឲ្យបានស្ថិតស្ថេរ។ លោកស្រី លើកឡើងថា សមិទ្ធផលទាំងអស់នេះ អាចទាក់ទាញភ្ញៀវទេសចឲ្យទៅកម្សាន្តនៅខេត្តកែបកាន់តែច្រើន។
លោកស្រី បានរម្លឹកយ៉ាងដូច្នេះថា៖«កម្ពុជា ធ្លាប់តែជាប្រទេស ដែលទទួលកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងរក្សាសន្តិភាពពីអង្គការសហប្រជាតិ ប៉ុន្តែ ពេលនេះ កម្ពុជា បានក្លាយជាប្រទេស ដែលបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសមួយចំនួន»។
លោក កែន សត្ថា អភិបាលខេត្តកែប បានថ្លែងថា រដ្ឋបាលខេត្តកែប បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ហើយក៏មានទំនាក់ទំនងល្អជាមួយគ្នា លើគ្រប់វិស័យផងដែរ។ នេះបើតាមការដកស្រង់របស់ AKP ដដែល៕
Tag:
ស្តូបមិត្តភាពកម្ពុជា-វៀតណាម
ម៉ែន សំអន
© រក្សាសិទ្ធិដោយ thmeythmey.com