ជាតិ
រដូវ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ដ៏​មហាសាល ចេញពី​បឹង​ទន្លេសាប ជិត​ចូលមក​ដល់​ហើយ​
31, Oct 2018 , 7:19 pm        
រូបភាព
រូបភាពពីលើអាកាសនៃឧបករណ៍នេសាទ «ដាយត្រី» ស្ថិតនៅក្នុងទន្លេសាប។ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
រូបភាពពីលើអាកាសនៃឧបករណ៍នេសាទ «ដាយត្រី» ស្ថិតនៅក្នុងទន្លេសាប។ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
ដោយ:
​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ប្រចាំឆ្នាំ​របស់​ត្រី​ដ៏​ច្រើន​មហាសាល ក្នុងចំណោម​ការធ្វើ​ចរាច​រ​ផ្លាស់​ទី​ធំៗ នៅក្នុង​ពិភពលោក ចេញពី​បឹង​ទ​ន្ល​សាប បាន​ខិតចូល​ជិត​មកដល់​ហើយ​។ ជាទូទៅ ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ហ្វូង​មច្ឆជាតិ​ដ៏​មហាសាល​នេះ ចាប់ផ្តើម​នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា បន្ទាប់ពី​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប (​បឹង​ដ៏​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​) ស្រក​ចុះ​ដល់​កម្រិត អតិបរមា​។​


 
​ត្រី​ដែល​ចាប់ផ្តើម​ធ្វើចរាចរ​ផ្លាស់​ទី​មុនគេ នៅក្នុង​ចំណោម​ការធ្វើ​ចរាច​រ​ផ្លាស់​ទី​ដ៏​ធំ​បំផុត​នេះ គឺ​ត្រី​រាជ និង​ត្រី​គល់រាំង ដែលជា​ពពួក​ត្រី​ប្រភេទ​ធំៗ វា​អាច​ធំ​លូតលាស់​រហូតដល់​ប្រវែង​៣​ម៉ែត្រ និង​មាន​ទម្ងន់ ៣០០​គីឡូក្រាម​។ ត្រី​ទាំងពីរ​ប្រភេទ​នេះ កំពុង​ឈានទៅ​ក្នុង​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ នាពេល​បច្ចុប្បន្ននេះ​។ គួរបញ្ជាក់​ផងដែរ​ថា ត្រី​គល់រាំង ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នស​រកត​ / ០៣០៥ / ១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។​
 
​បន្ទាប់មក ពពួក​ត្រី​ប្រភេទ​តូច មធ្យម និង​ធំ ជាច្រើន​ប្រភេទ​ទៀត ក៏បាន​ចាប់ផ្តើម​ធ្វើចរាច​រ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​តាម​ដែរ ពិសេស ពពួក​ត្រី​រៀល​។ ការធ្វើ​ចរាចរ​ផ្លាស់​ទីនេះ ភាគច្រើន​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ពេញ​បូរ​ណ៌​មី​។ ការណ៍​នេះ ក្រុម​អ្នកស្រាវជ្រាវ ក៏​មិនទាន់​ដឹង​ពី​មូលហេតុ​ដែលថា ហេតុអ្វី​បានជា​ពពួក​ត្រី​ទាំងនោះ នាំគ្នា​ធ្វើចរាចរ​ច្រើន​បំផុត នា​ថ្ងៃ​ពេញ​បូរ​ណ៌​មី (​ព្រះ​ច័ន្ទ​ពេញវង់​) តែ​ពីរ​-​បី​ថ្ងៃ ជា​រៀងរាល់ខែ​នោះ​។​


សកម្មភាព​ធ្វើ​ត្រី​ប្រហុក​របស់​ប្រជាជន​ខ្មែរ ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា នៅតាម​ដង​ទន្លេសាប កាលពី​ឆ្នាំ ២០១៧​។ រូបភាព​៖ ឈុត ឈា​ណា / គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​នា​ខែមករា ហ្វូង «​ត្រី​រៀល​» បាននាំគ្នា​យ៉ាងច្រើន​អនេក ធ្វើចរាចរ​ផ្លាស់​ទី​ចុះ​តាម​ចរន្តទឹក​ហូរ​មក​។ នៅតាម​បណ្តោយ​ដង​ទន្លេសាប ដែលមាន​ចម្ងាយ​ប្រមាណ​១២០​គីឡូម៉ែត្រ ចេញពី​បឹង​ទន្លេសាប រហូតដល់​រដ្ឋធានី​ភ្នំពេញ គេ​ឃើញ​សកម្មភាព​នេសាទ​តាម​គន្លង «​ដាយ​ត្រី​» ទាំង​១៤​គន្លង ព្រមទាំង​ការនេសាទ​ដោយ​ឧបករណ៍​ផ្សេងៗ មាន​សភាព​មមាញឹក​យ៉ាងខ្លាំង​។

ឧបករណ៍​នេសាទ «​ដាយ​ត្រី​» គឺជា​ឧបករណ៍​នេសាទ​ខ្នាត​ធំ និង​ស្មុគស្មាញ​បំផុត ព្រមទាំង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ផងដែរ ។ ឧបករណ៍​នេសាទ «​ដាយ​ត្រី​» ទាំង​១៤​គន្លង​នេះ មាន​ចំនួន​សរុប​ទាំងអស់​៦៣​មាត់ ដាក់​នៅតាម​បណ្តោយ​ដង​ទន្លេសាប ចាប់ពី​ខែតុលា រហូតដល់​ខែមីនា ដើម្បី​ត្រង​ចាប់​ហ្វូង​ត្រី ដែល​ពួកវា​ធ្វើចរាចរ​ផ្លាស់​ទី​ចុះ​តាម​ចរន្តទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប​។ រយៈពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ ក្នុង​ឧបករណ៍​នេសាទ «​ដាយ​ត្រី​» មួយ​មាត់ ដែលមាន​ប្រវែង ទទឹង​មាត់ ២៤​ម៉ែត្រ និង​បណ្តោយ​ប្រវែង ១០០ ម៉ែត្រ អាច​ចាប់​ត្រី​បាន​ជាង​៥​តោន​។​


សកម្មភាព​របស់​កម្ម​ករ​នេសាទ​ចាក់​ត្រី​ចេញពី​ឧបករណ៍​នេសាទ «​ដាយ​ត្រី​» មួយ​មាត់ នៅតាម​បណ្តោយ​ទន្លេ​សាទ ក្នុង​ឆ្នាំ​២០១៧​។ រូបភាព​៖ ឈុត ឈា​ណា / គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​

​ទោះជា​យ៉ាងណា ដោយសារ​ការនេសាទ​ហួស​កម្រិត ការធ្វើ​ការនេសាទ​ក្នុង​រដូវ​ត្រី​ពង​-​កូន ការធ្វើ​នេសាទ​ចាប់យក​កូន​ត្រី​សម្រាប់ធ្វើ​ត្រី​នុយ ការប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ពិសេស​ឧបករណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់ ការបាត់បង់​ព្រៃ​លិច​ទឹកជា​ទីជម្រក និង​ការកសាង​ទំនប់​វា​រី​អគ្គិសនី បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើន​មច្ឆជាតិ​ទាំងនេះ ជាពិសេស​ពពួក​ត្រី​មាន​ទំហំ​ខ្លួន​ធំៗ ដែលមាន​រស់នៅ​ច្រើន​ក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ ដូចជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​បបែល​យក្ស ត្រី​ត្រសក់ ត្រី​ពោ​ព្រុយ​ជាដើម​។​ល​។ ដែល​ត្រី​ទាំងអស់នេះ ប្រជាជន​ខ្មែរ​មួយចំនួនធំ មិនដឹងថា​វា​មាន​រស់នៅ​ក្នុងប្រទេសរ​បស់​ខ្លួន ហើយក៏​មិន​ជឿថា វា​មាន​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ផងដែរ​។​


© រក្សាសិទ្ធិដោយ thmeythmey.com