កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសអូឡាំពិក ចែករំលែកបទពិសោធពីរបៀបហែលទឹកដល់កីឡាករកម្ពុជា
× កីឡាការិនីជប៉ុន Rie Kaneto ម្ចាស់មេដាយមាសអូឡាំពិក បានបង្ហាញនិងចែករំលែកបទពិសោធពីបច្ចេកទេស និងរបៀបហែលទឹកដល់កីឡាករកម្ពុជា។ អ្វីដែលកាន់តែអស្ចារ្យកីឡាការិនីជប៉ុនរូបនេះ បានប្រាប់ពីវិធីសាស្ត្រហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករឆ្នើម និងជោគជ័យក្នុងវិស័យមួយនេះ។
ម្ចាស់មេដាយមាសកីឡាអូឡាំពិករដូវក្តៅនៅទីក្រុម Rio ប្រទេសប្រេស៊ីលលើវិញ្ញាសាហែលកង្កែបចំងាយ២០០ម៉ែត្រកីឡាការិនី Rie Kaneto បានចែករំលែកបទពិសោធ ដល់កីឡាករកីឡាការិនីកម្ពុជាជាង៤០នាក់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រៅពីបង្ហាញពីរបៀបហែលទឹកកីឡាការិនីជប៉ុនវ័យ៣០ឆ្នាំរូបនេះ បានប្រាប់កីឡាករកីឡាការិនីកម្ពុជា ពីវិធីសាស្ត្រហ្វឹកហាត់ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករឆ្នើម។
សម្រាប់ Rie Kaneto ដើម្បីជោគជ័យលើវិស័យកីឡាហែលទឹក កីឡាករកីឡាការិនីទាំងអស់ត្រូវមានភាពអំណត់និងការអត់ធ្មត់ខ្ពស់លើការហ្វឹកហាត់។ បន្ថែមលើនេះ ត្រូវមានគោលដៅនិងក្តីស្រមៃខ្ពស់ជាមួយការខិតខំប្រឹងប្រែងព្យាយាម។ ម្ចាស់មាសរូបនេះបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា។
Rie Kaneto រំពឹងថា នាងនឹងមកកម្ពុជាម្តងទៀតក្នុងនាមជាអ្នកគាំទ្រ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣។ នាងសង្ឃឹមថា វិស័យកីឡាហែលទឹកកម្ពុជានឹងមានការរីកចម្រើនកាន់តែខ្លាំងនាថ្ងៃអនាគត។
ក្រៅពីមេដាយមាសអូឡាំពិក កីឡាការិនីវ័យ៣០រូបនេះ ជាម្ចាស់មេដាយប្រាក់លើវិញ្ញាសាហែលកង្កែមចម្ងាយ២០០ម៉ែត្រប្រចាំព្រឹត្តិការណ៍ 12th FINA World Swimming Championship នៅទីក្រុងដូហាប្រទេសកាតា ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤នេះដែរ នាងដណ្តើមមេដាយប្រាក់១ ពីព្រឹត្តិការណ៍ Pan Pacific Swimming Championship នៅអូស្ត្រាលី៕
Tag:
ហែលទឹក
ហែម គីរី
Rie Kaneto
© រក្សាសិទ្ធិដោយ thmeythmey.com