ជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់ឲ្យពលរដ្ឋថតរូបផ្លូវខូច ផ្ញើមកក្រសួង ដើម្បីដោះស្រាយ
× ភ្នំពេញ៖ បើពលរដ្ឋឃើញមានផ្លូវខូចកន្លែងណា ដែលចង់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះស្រាយនោះ ពលរដ្ឋត្រូវថតរូបទីតាំងផ្លូវខូចនេះ ផ្ញើទៅក្រសួងភ្លាម។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ។
ថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នៅព្រឹកថ្ងទី៣១ តុលានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា បញ្ហាផ្លូវខូច ឬផ្លូវសំបុកមាន់ លែងជាកង្វល់របស់ពលរដ្ឋទៀតហើយ។ នោះក៏ព្រោះតែក្រសួងសាធារណការ នឹងដាក់ឲ្យដំណើរការ App របស់ក្រសួង ដើម្បីទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីបញ្ហាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងក្រសួង។
រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បាននិយាយថា រាល់បញ្ហាផ្លូវដែលពលរដ្ឋ ចង់ឲ្យក្រសួងដោះស្រាយទាន់ពេលវេលានោះ គឺពួកគេគ្រាន់តែថតរូបផ្លូវខូចនេះ បញ្ជូនទៅ Appក្រសួងនោះ នឹងមានការអន្តរាគមន៍ដោះស្រាយបញ្ហានេះភ្លាមដែរ។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល៖
បើតាមលោក ស៊ុន ចាន់ថុល ក្រសួងនឹងដាក់ឲ្យដំណើរការApp នេះ នៅចុងឆ្នាំខាងមុខ។ ប៉ុន្តែលោក ស៊ុន ចាន់ថុល មិនទាន់បញ្ជាក់ថា តើAppនោះ មានលក្ខណៈដូចម្ដេច ? ហើយត្រូវទាញយកមកប្រើប្រាស់សម្រាប់សុំអន្តរាគមន៍ពីក្រសួង ដោយរបៀបណាឡើយ?
ក្រៅពីគម្រោងដាក់ឲ្យដំណើរការ App នេះ ក្រសួងសាធារណការ ក៏គ្រោងបង្ហាញព័ត៌មានពីអភិបាលរាជធានីខេត្ត និងអាជ្ញាធរដែនដី ដើម្បីឲ្យពលរដ្ឋងាយស្រួលទាក់ទងសុំការអន្តរាគមន៍ផងដែរ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល៕
Tag:
ស៊ុន ចាន់ថុល
សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com