អត្ថបទពាណិជ្ជកម្ម
​ចង់ទៅ​គាំទ្រ​ជម្រើសជាតិ​ក្នុងការ​ប្រកួត AFF Suzuki Cup? លោកអ្នក​អាច​ទិញ​សំបុត្រ​តាម​កម្មវិធី​ផាយ ផេ​
31, Oct 2018 , 5:07 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ ថ្ងៃទី​៣១ តុលា ២០១៨៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅថ្ងៃនេះ បានប្រកាសថា សំបុត្រ​សម្រាប់​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ក្របខ័ណ្ឌ  AFF Suzuki Cup រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃទី ០៨ វិច្ឆិកា និង​រវាង​កម្ពុជា និង​ឡាវ នៅ​ថ្ងៃទី ២០ វិច្ឆិកា នឹងមាន​ដាក់លក់​តាម​កម្មវិធី ផាយ ផេ (Pi Pay) ដែលជា​កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​នៅក្នុង​ពិធី​ប្រកាស​ភាពជា​ដៃគូ​ជាមួយនឹង ផាយ ផេ អ្នកនាំពាក្យ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក សុខា រ៉ា​នាថ បាន​និយាយថា​៖ «​ការដែល​ធ្វើឱ្យ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត អា​ចរក​ទិញ​បាន​នៅលើ​កម្មវិធី ផាយ ផេ នេះ នឹងធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​អ្នកគាំទ្រ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែលមាន​រហស្សនាម​ថា អ្នក​ចម្បាំង​ក្រុង​អង្គរ  ក្នុង​ការទិញ​សំបុត្រ​ដើម្បី​ចូល​ទស្សនា​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល នៅក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ដ៏​ល្បី​ប្រចាំ​តំបន់​អាស៊ាន​នេះ​»​។ 
 
​លោក រ៉ា​នាថ បាន​ថ្លែងថា​៖ «​កាលពីមុន យើង​បាន​លក់​សំបុត្រ​ដោយផ្ទាល់​តាម​បញ្ជារ​លក់​សំបុត្រ នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក៏ដូចជា​នៅតាម​ហាង​នានា ប៉ុន្តែ នៅពេលនេះ តាមរយៈ​ការចាប់​ដៃគូ​ជាមួយនឹង ផាយ ផេ យើង​នឹង​អាច​លក់​សំបុត្រ​ជូន​ដល់​អ្នកគាំទ្រ​បាន​កាន់តែច្រើន​នាក់​បន្ថែមទៀត តាមរយៈ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់​ពួកគាត់ ហើយ​ជួយ​ឲ្យ​ពួកគាត់​អាច​ទិញ​សំបុត្រ បាន​មុនពេល​ដល់​ថ្ងៃ​ប្រកួត​»​។​
​អ្នកគាំទ្រ​នឹង​អាច​ទិញ​សំបុត្រ​តាម​កម្មវិធី ផាយ ផេ ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា តទៅ ហើយ​បន្ទាប់មក​ពួកគេ​អាច​អញ្ជើញ​ទៅ​ដក​សំបុត្រ​ដែល​គេ​បាន​ទិញ​តាម​អន​ឡាញ​នោះ នៅឯ​អគារ ផាយ ផេ ដែល​ស្ថិតនៅ​ទល់មុខ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រហូតដល់​ថ្ងៃ​ប្រកួត នា​ថ្ងៃទី​៨​វិច្ឆិកា​តែម្តង​។​
 
​អ្នកគាំទ្រ​ទាំងអស់​ត្រូវ​កាន់​សំបុត្រ​ពិតប្រាកដ ដើម្បី​មាន​សិទ្ធិ​ចូល​ពហុកីឡាដ្ឋាន​បាន​នា​ថ្ងៃ​ប្រកួត​។​
 
​លោក ថូ​ម៉ាស ផូ​កូ​នី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ បាន​និយាយថា​៖ «​យើង​ពិត​ជាមាន​ក្តីរំភើប​ជាខ្លាំង​ក្នុងការ​សហកា​ជា​ដៃគូ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ការលក់​សំបុត្រ​សម្រាប់​ការប្រកួត​ដ៏​អស្ចារ្យ​ទាំងនេះ ពីព្រោះ​ពួកយើង​គឺជា​អ្នកគាំទ្រ​ក្រុម​អ្នក​ចម្បាំង​ក្រុង​អង្គរ ក៏ដូចជា​យីហោ​បាល់ទាត់​របស់គេ​ផងដែរ​»​។​
 
​លោក​បាន​បន្តទៀតថា​៖ «​ការធ្វើ​ឲ្យ​មាន​ការលក់​សំបុត្រ​តាមរយៈ ផាយ ផេ បាន គឺ​យើង​ចង់​ផ្សព្វផ្សាយ​ដល់​ក្រុម​អ្នកគាំទ្រ​ជំនាន់​ក្រោយ ហើយ​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគេ​ក្នុងការ​មក​ចូលរួម និង​គាំទ្រ​ក្រុម​អ្នក​ចម្បាំង​ក្រុង​អង្គរ​របស់​យើង​» ។​
 
​ក្រុមហ៊ុន ផាយ ផេ ក៏បាន​ប្រកាសថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង Lagardere Sports Asia ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​កីឡា ដែល​គ្រប់គ្រង​រាល់​សិទ្ធិ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​សម្រាប់​ក្របខ័ណ្ឌ​ការប្រកួត​បាល់ទាត់ AFF Suzuki Cup ដែល​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​ក្លាយជា​ដៃគូ​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​ក្នុងប្រទេស​កម្ពុជា​។ 
​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី ផាយ ផេ បច្ចុប្បន្ន អាច​ចាប់ផ្ដើម​ទិញ​សំបុត្រ ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា​នេះ​តទៅ ដើម្បី​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​នានា​ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ ហើយនឹង​អាច​ប្ដូរ​យក​សំបុត្រ​ពិតប្រាកដ​បាន​ភ្លាមៗ នៅតាម​បញ្ជរ​របស់​ផាយ ផេ នៅ​ខាងក្នុង​អគារ ផាយ ផេ​។​
 
​សំបុត្រ​ដែល​ទិញ​តាមរយៈ​កម្មវិធី ផាយ ផេ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥០ ភាគរយ​នៃ​តម្លៃ​សំបុត្រ ដោយ​សំបុត្រ​VIP អា​ចរក​ទិញ​បាន​ក្នុងតម្លៃ​៦០០០​រៀល ជាជាង​ក្នុងតម្លៃ​១២០០០​រៀល ហើយ​សំបុត្រ​ធម្មតា អា​ចរក​ទិញ​បាន​ក្នុងតម្លៃ​ត្រឹមតែ​៣០០០​រៀល​ប៉ុណ្ណោះ ជាជាង​ក្នុងតម្លៃ​ដើម​ចំនួន​៦០០០​រៀល​។​
 
​គណនី ផាយ ផេ មួយ​អាច​ទិញ​សំបុត្រ​បាន​រហូតដល់​ទៅ​៥​សំបុត្រ​សម្រាប់​ប្រភេទ​សំបុត្រ​នីមួយៗ និង​សម្រាប់​ការប្រកួត​នីមួយៗ ដែល​នេះ​បានន័យថា អ្នក​ប្រើ​កម្មវិធី ផាយ ផេ ម្នាក់ អាច​ទិញ​សំបុត្រ​បាន​រហូតដល់​ទៅ​២០​សំបុត្រ សម្រាប់​ការប្រកួត​ចំនួន​ពីរ បើសិនជា​ពួកគេ​ទិញ​សំបុត្រ VIP ចំនួន​៥​សំបុត្រ និង​សំបុត្រ​ធម្មតា​ចំនួន​៥​សំបុត្រ សម្រាប់​ការប្រកួត​ម្តងៗ​។​
​អ្នកប្រើប្រាស់​ថ្មី នឹងត្រូវ​ទាញយក​កម្មវិធី ផាយ ផេ ដែលមាន​នៅលើ App Store សម្រាប់​ផលិតផល Apple ឬ​ពី Google Play សម្រាប់​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​បន្ទាប់មក អនុវត្តតាម​ជំហាន​ងាយៗ ដើម្បី​ចុះឈ្មោះ និង​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី​របស់ខ្លួន ដើម្បី​អាច​ទិញ​សំបុត្រ​បាន​។ 
 
​ក្រុមហ៊ុន ផាយ ផេ បាន​ឲ្យ​ដឹងថា យ៉ាងតិច​បំផុត អ្នកគាំទ្រ​ចំនួន​២០០០​នាក់​ដំបូង ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​នីមួយៗ​តាមរយៈ ផាយ ផេ នឹង​ទទួលបាន​អំណោយ​គួរ​ឲ្យ​រំភើប​ផងដែរ នៅពេលដែល​ពួកគេ​មក​បង្ហាញ​សំបុត្រ​ដែលមាន​សញ្ញា​សម្គាល់​ជាពិសេស នៅឯ​បញ្ជរ ផាយ ផេ ដែលមាន​ទីតាំង​នៅឯ​ច្រកចូល​ពហុកីឡាដ្ឋាន នា​ថ្ងៃ​ប្រកួត​។​
 
​សម្រាប់​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ​ពានរង្វាន់ AFF Suzuki Cup ឆ្នាំនេះ ក៏មាន​ការកែទម្រង់​ថ្មី​ផងដែរ ដែល​ធានាថា សម្រាប់​ក្រុម​នីមួយៗ យ៉ាងហោចណាស់​នឹងមាន​ការប្រកួត​នៅក្នុង​ទឹកដី​របស់ខ្លួន​ចំនួន​ពីរ​ប្រកួត​ដែរ​។ ក្រុមកីឡា​ករទាំង​១០ ក្រុម នឹងត្រូវ​បាន​បែង​ចែកជា ២ ពូ​ល ហើយ​ក្នុង​មួយ​ពូ​ល​មាន ៥ ក្រុម ហើយ​ក្រុម​ចំនួន​ពីរ ដែល​ឈរ​នៅ​លំដាប់​កំពូល​នៃ​ពូ​ល នឹង​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​ប្រកួត​ក្នុង​ទឹកដី​ផង និង​ក្រៅ​ទឹកដី​ផង​។ ក្រុម​ដែល​ឈ្នះ​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​លេង​ទាំង​ក្នុង និង​ក្រៅ​ទឹកដី ផងដែរ​។ 
 
​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល ដែលមាន ម៉ាឡេស៊ី និង​វៀតណាម ដែលជា​ក្រុម​ជើង​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ AFF ហើយ​ដែលជា​ក្រុម​ដែល​គេ​រំពឹងថា នឹង​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ប៉ុន្តែ ក្រុម​អ្នក​ចម្បាំង​ក្រុង​អង្គរ​ដែល​គ្រប់គ្រង​ដោយ​កំពូល​កីឡាករ​បាល់ទាត់​ជនជាតិ​ជប៉ុន លោក Keisuke Honda និង​ដែលមាន​សម្រែក​គាំទ្រ​ពី​អ្នកគាំទ្រ​ដ៏​សម្បើម​របស់ខ្លួន អាច​នឹងធ្វើ​ឲ្យ​ក្រុម​ណាមួយ​ខកចិត្ត​ផង​ក៏​ថា​បាន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com