អន្តរជាតិ
លោក មហា​ធៀ ទៅ​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​លក់​ទឹក​ជាមួយ​សិង្ហ​បុរី​នា​ខែ​ក្រោយនេះ​
01, Nov 2018 , 8:59 am        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នឹងធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី នា​ថ្ងៃទី ១២ ខែវិច្ឆិកា ក្នុង​គោលបំណង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ។ កិច្ចព្រមព្រៀង​លក់​ទឹក​ទៅ​ឲ្យ​សិង្ហ​បុរី​ដែលជា​រឿងចម្រូងចម្រាស់​មួយ ក៏​ស្ថិតក្នុង​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក មហា​ធៀ ដែរ​។

 
​យោងតាម​សា​ព័ត៌មាន​ម៉ាឡេស៊ី Bernama អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី Marzuki Yahya បាន​និយាយ នៅ​ថ្ងៃទី​៣០ ខែតុលា ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅតែ​រក្សា​ជំហ​ដ៏​រឹងមាំ​របស់ ក្នុងការ​ពិភាក្សា​អំពី​ការសើរើ​តម្លៃ​ទឹក ដែល​ខ្លួន​លក់​ទៅ​ឲ្យ​សិង្ហ​បុរី​។ ត្រង់នេះ លោក​បានបញ្ជាក់​នៅក្នុង​រដ្ឋសភា​ទៀតថា លោក​សង្ឃឹមថា​សមាជិក​សភា​ទាំងអស់​នឹង​សហការ និង​ផ្តល់​ជា​កម្លាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទទួលបាន​តម្លៃ​គួរ​ឲ្យ​ពេញចិត្ត​មួយ សម្រាប់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។​
 
​លោក Marzuki ក៏បាន​កត់សម្គាល់​ផងដែរ​ថា ដោយ​ផ្អែកទៅលើ​លក្ខខណ្ឌ​នៅក្នុង​កិច្ចព្រមព្រៀង​ទឹក​ឆ្នាំ​១៩៦១ និង​១៩៦២ តម្លៃ​ទឹក​ឆៅ​ដែល​ម៉ាឡេស៊ី​លក់​ទៅ​ឲ្យ​សិង្ហ​បុរី គឺមាន​តម្លៃ ០,០១២ ដុល្លារ សម្រាប់​ប្រមាណ​ទឹក ៣៧៨៥ លីត្រ​។ ត្រង់នេះ លោក​បាន​លើកឡើងថា តម្លៃ​នេះ​គឺ​ទាប​ខ្លាំងណាស់ ហើយ​វា​មិន​ផ្តល់​ផលចំណេញ​អ្វី​ដល់​ម៉ាឡេស៊ី​ឡើយ​។​
 
​តាមពិតទៅ​ម៉ាឡេស៊ី​បានប្រកាស​ពី​ជំហរ​របស់ខ្លួន​ក្នុងការ​សើរើ​ពី​តម្លៃ​ទឹក​ឆៅ ក្នុងអំឡុងពេល​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​សិង្ហ​បុរី កាលពី​ខែកក្កដា​កន្លងទៅ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក Marzuki​។ 
 
​កាលពី​ខែមិថុនា​កន្លងទៅ លោក មហា​ធៀ ធ្លាប់បាន​និយាយថា តម្លៃ​ទឹក​ដែល​ម៉ាឡេស៊ី​កំពុង​លក់​ទៅ​ឲ្យ​សិង្ហ​បុរី​គឺ​ពិតជា​អស់សំណើច​ខ្លាំងណាស់ ហើយ​ខណៈ​នេះ​ម៉ាឡេស៊ី​បានចាប់ផ្តើម​សិក្សា​លើ​ករណីនេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ មួយខែ​ក្រោយ​ការអះអាង​របស់លោក មហា​ធៀ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​ឆ្លើយតប​វិញ​ថា កិច្ចព្រមព្រៀង​ទឹក​គឺ​ពិតជា​សំខាន់បំផុត ហើយ​ប្រជាជាតិ​ទាំងពីរ​ត្រូវតែ​ធ្វើការ​ពិនិត្យ​យ៉ាង​តឹងតែង​បំផុត ដោយ​អនុលោម​ទៅតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​។​
 
​សម្រាប់​កិច្ចព្រមព្រៀង​ដែល​នឹងត្រូវ​ផុតកំណត់​នា​ឆ្នាំ​២០៦១​នេះ សិង្ហ​បុរី​ត្រូវ​បានផ្តល់​សិទ្ធិផ្តាច់មុខ​ក្នុងការ​ទាញយក​ទឹក​ដល់​ចំនួន​អតិបរមា​ជាង ៩៤៦​លាន​លីត្រ ក្នុង​មួយថ្ងៃ​ពីរ​ដ្ឋ Johor ។ ជាការ​ទទួលបាន​ត្រឡប់មកវិញ រដ្ឋ Johor មាន​អាទិភាព​ទទួលបាន​ប្រាក់​ចំនួន ០,២​ដុល្លារ សម្រាប់​ទឹក​ចំនួន ៣៧៨៥ លីត្រ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ខ្លះ​ត្រូវបាន​អនុវត្ត​។ 
 
​គួរបញ្ជាក់​បន្តិច​ថា មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ក្នុងប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី ១៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​ខាងមុខ​៕
 

Tag:
 សិង្ហ​បុរី​
  ម៉ាឡេស៊ី​
  កិច្ចព្រមព្រៀង​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com