កែវ រំចង់ ដែលជាកីឡាករប្រដាល់ល្បីនៅកម្ពុជាមួយរូប កំពុងមានឆន្ទៈចង់ចូលប្រកួតបែបអន្តជាតិជាមួយស្ថាប័នប្រដាល់ពិភពលោក ONE Championship ដើម្បីផ្សព្វផ្សាយពីគុនខ្មែរលើឆាកអន្តរជាតិ។ កែវ រំចង់ បានវិលត្រឡប់ចូលសង្វៀនឡើងវិញ ក្រោយជាសះស្បើយពីរបួសបង្កពីគ្រោះថ្នាក់ចរាចរណ៍ កាលពីដើមឆ្នាំ២០១៨ ។ ការវិលចូលសង្វៀនវិញរបស់កែវ រំចង់ បានទទួលជ័យជម្នះផ្ទួនៗ តាមរយៈការប្រើជំនាញទាត់ជើងគូប្រកួតឲ្យបោះបង់ការប្រកួត។
ខណៈដែល ONE Championship កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកីឡាករកម្ពុជា ក្នុងការផ្សព្វផ្សាយពីគុនខ្មែរនោះ អ្នកលេងគុនខ្មែរ កែវ រំចង់ មានឆន្ទៈចង់ឡើងវាយលើសង្វៀន ONE Super Series ដើម្បីផ្សព្វផ្សាយពីគុនខ្មែរឲ្យពិភពលោកស្គាល់កាន់តែច្បាស់ និងកាន់តែមានភាពល្បីល្បាញ។ ការបង្ហាញបំណងបែបនេះ ព្រោះគេយល់ថា មានតែសង្វៀននេះទេ ដែលអាចជួយផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់ និងធ្វើឲ្យគេជួបគូប្រកួតដែលមានសមត្ថភាពខ្ពស់។
កីឡាករ កែវ រំចង់ ដែលបានប្រឡូកក្នុងវិស័យកីឡាគុនខ្មែរជាង១០ឆ្នាំបានបង្ហាញពីគោលបំណងដូច្នេះថា៖«ខ្ញុំចង់បង្ហាញសមត្ថភាពរបស់ខ្ញុំដល់ពិភពលោកឲ្យបានស្គាល់ពីក្បាច់គុនខ្មែរដ៏អស្ចារ្យរបស់យើង»។
បើទទួលបានកុងត្រាពី ONE មែននោះ កីឡាករកម្ពុជារូបនេះ នឹងត្រូវប៉ះជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោកដូចជា Nieky Holzken ហៅ "The Natural" និង Andy Souwer ជាដើម។ កីឡាករមកពីខេត្តបាត់ដំបងរូបនេះរំពឹងថា តាមរយៈបទពិសោធប្រកួតប្រដាល់សេរីលើសង្វៀនជាង១៦០លើក រូបគេនឹងទទួលបានដំណឹងល្អពីស្ថាប័នប្រដាល់ ONE។
លក្ខណៈពិសេសរបស់កីឡាករកម្ពុជា គឺមានភាពអត់ធ្មត់ ពូកែស៊ូទ្រាំការលំបាក និងជំនាញប្រើកែង ដែលចំណុចទាំងនេះធ្វើឲ្យកីឡាករបរទេសព្រួយបារម្ភពេលប៉ះជាមួយកីឡាករកម្ពុជា។ «ចំណុចពិសេសរបស់អ្នកប្រដាល់ខ្មែរគឺយើងជំនាញប្រើកែង។ គូប្រកួតយើងភាគច្រើនភ័យខ្លាចបច្ចេកទេសប្រើកែងរបស់យើងណាស់។ កីឡាករប្រដាល់ខ្មែរពូកែអត់ធ្មត់ ហើយអាចស៊ូទ្រាំនឹងការលំបាកបានគ្រប់បែបយ៉ាង»។ នេះជាការរៀបរាប់របស់កីឡាករ កែវ រំចង់។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញពីគោលបំណងទៅអនាគតថា រូបគេចង់ក្លាយជាគ្រូបង្វឹកគុនខ្មែរ និងរស់នៅក្នុងជីវភាពបែបសាមញ្ញៗ។ បច្ចុប្បន្នរូបគេ និងឪពុកកំពុងកបង្ហាត់សិស្សក្នុងក្លិប«ដំបងក្រញូងកីឡា»នៅលើទឹកដីកំណើតខេត្តបាត់ដំបង ដែលក្លិបនេះ បង្កើតឡើងក្នុងគោលបំណងជួយអភិរក្សគុនខ្មែរ និងជួយបណ្តុះបណ្តាលក្មេងៗឲ្យក្លាយជាកីឡាករអាជីពទៅអនាគត។
រំចង់ បានរៀបរាប់ថា៖«ខ្ញុំចង់បង្កើតក្លិបកីឡាមួយនៅបាត់ដំបងសម្រាប់យុវវ័យយើង។ យើងនឹងព្យាយាមលើកទឹកចិត្តឱ្យពួកគាត់បានចូលរួមក្នុងវិស័យកីឡាដើម្បីសុខភាព និងឲ្យពួកគាត់អាចចៀសឆ្ងាយពីគ្រឿងញៀន»។
កែវ រំចង់ ជាកីឡាករប្រដាល់សេរីដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ដែលបានចូលរួមចំណែកជួយវិស័យសិល្បៈក្បាច់គុនខ្មែរឲ្យមានភាពល្បីរន្ទឺទាំងក្នុងនិងក្រៅប្រទេស។ គេជឿជាក់ថា បើរូបគេបានចូលរួមជាមួយ ONE Super Series វិស័យកីឡាគុនខ្មែរនឹងមានភាពល្បីល្បាញកាន់តែខ្លាំង៕