ជាតិ
សង្គមជាតិ
មហាផ្ទៃ ប្រកាសថា ចាំ​ជួយ​សង្គម​ស៊ីវិល បើ​រង​ការ​រឹតត្បិត​ពី​អាជ្ញាធរ
01, Nov 2018 , 1:27 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​រង​ការ​រឹតត្បិត​ក្នុង​ការធ្វើសកម្មភាព ក្រុម​សង្គម​ស៊ីវិល ត្រូវ​ប្រាប់​ទៅ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ឬក៏​ឈានទៅដល់​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​។ ក្រសួងមហាផ្ទៃ បាន​ប្រាប់​ក្រុម​សង្គម​ស៊ីវិល​បែបនេះ​។​


 
​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមមនុស្ស ដែល​ធ្វើ​ការងារ​សង្គម នៅក្រៅស្ថាប័ន​រដ្ឋាភិបាល ក្រោយពី​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ​មួយ​ស្តីពី «​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាមួយ​សមាគម អង្គការក្រៅរដ្ឋាភិបាល និង សហគមន៍​នានា​នៅ​មូលដ្ឋាន​»​។ 
 
​បើ​គេ​បាន​អាន គេ នឹង​ដឹងថា ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នោះ បាន​បង្កលក្ខណ​ងាយស្រួល​ដល់​ក្រុម​សង្គម​ស៊ីវិល ក្នុងការ​បំពេញការងា​រ​។ សេច​ក្កី​ណែនាំ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​បានចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ បាន​ប្រាប់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ថា ពួកគេ មាន​សេរីភាព​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព ដោយ​គ្មាន​ការរារាំង​និង​ការរំលោភបំពាន​ឡើយ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ក្នុង​សេចក្តីណែនាំ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​មានការ​រារាំង ឬ ការ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង សហគមន៍​នៅ​មូលដ្ឋាន ត្រូវរាយការណ៍ជូន​អភិបាល​រាជធានី​-​ខេត្ត ឬ​ក្រសួងមហាផ្ទៃ ដើម្បី​ជួយ​សម្របសម្រួល និង ដោះស្រាយ​»​។​
 
​លើសពីនេះ សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្គាប់​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​ជួយ​សម្របសម្រួល​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម និង អង្គការ​-​សង្គម​ស៊ីវិល ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែនដី​របស់ខ្លួន ឲ្យ​បាន​ទៀងទាត់​រៀងរាល់​ឆមាស​ឬ​តាម​ការចាំបាច់​។ បើតាម​សេចក្តីណែនាំ អភិបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​របាយការណ៍​អំពី​សកម្មភាព​ទាំងនោះ ទៅ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ហើយក៏​ត្រូវ​ផ្សព្វផ្សាយ​ទៅកាន់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​បានដឹង​ផងដែរ​។​
 
​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ បានប្រកាសថា នឹង​ជួប​អង្គការ​-​សង្គម​ស៊ីវិល ចំនួន​ពីរដង ជា​រៀងរាល់ឆ្នាំ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​។ ផ្អែកលើ​របាយការណ៍​ពី​ក្រសួងមហាផ្ទៃ បច្ចុប្បន្ននេះ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​៥៤៦៨ ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ត្រឹមត្រូវ​៕ 
 

Tag:
 ស ខេង​
  ក្រសួងមហាផ្ទៃ​
  សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com