ជាតិ
មហាផ្ទៃ ៖ ករណីជួញដូរមនុស្សថយចុះ៣ករណី ខណៈករណីពពោះជំនួសកើតឡើងទ្រង់ទ្រាយធំ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ ស្ត្រីពពោះជំនួសបានក្លាយជាករណីថ្មីមួយ ក្នុងចំណោមអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ នៅកម្ពុជា ដែលបានលេចឡើងជាទ្រង់ទ្រាយធំ ។ អ្នកដែលចូលរួមក្នុងការពពោះនេះ មានប្រភពចេញពីរោងចក្រសហគ្រាស។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន នៅក្រសួងមហាផ្ទៃ នាថ្ងៃទី៣១តុលា លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ក្រាបគ្រប់ករណីនៃការជួញដូរមនុស្សជាបន្តបន្ទាប់ ដោយធ្វើឲ្យករណីនេះថយចុះ។ ដ្បិតករណីនេះថយក្តី ប៉ុន្តែវាក៏លេចរូបភាពនៃការជួញដូរមនុស្សថ្មីមួយទៀត តាមរយៈការពពោះជំនួសវិញ។ ការធ្វើអាជីវកម្មពពោះកូនជំនួសនេះ វាបានរីកសាយឡើងកាន់ធំនៅក្នុងសង្គមខ្មែរ ដែលជាការព្រួយបារម្ភផងដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បាននិយាយដូច្នេះថា៖ «គ្រាន់តែស្ត្រីពពោះកូនជំនួសវាមិនមែនជាករណីប្លែកទេ។ ប៉ុន្តែបើការពពោះនោះ មានលក្ខណៈដោះដូរកូនជាមួយនឹងផលប្រយោជន៍។ នេះចាត់ទុកជាការករណីជួញដូរមនុស្ស។ លើសពីនេះ បើយកទារកទាំងនោះឆ្លងដែន ដែលផុតពីសមត្ថភាពនៃការទទួលខុសត្រូវរបស់អ្នកពពោះ។ នេះត្រូវបានចាត់ទុកជាបទល្មើសអំពើជួញដូរមនុស្សឆ្លងដែន។ ករណីនេះ បានបង្ក្រាបលើកដំបូងនៅឆ្នាំ២០១៦ យើងបានចាត់ទុកថាស្រី្តជាជនរងគ្រោះ ដោយសារស្ត្រីទាំងនោះមិនមានការយល់ដឹងអំពីបញ្ហាច្បាប់ ហើយខាងយើងអត់មានការផ្សព្វផ្សាយអ្វីទាំងអស់។ ប៉ុន្តែបន្ទាប់ពីយើងបានណែនាំផ្សព្វផ្សាយ និងធ្វើគោលការណ៍ច្បាប់ថ្មីក្នុងឆ្នាំ២០១៧ ករណីនេះមាននៅតែធ្វើទៀត នេះមិនមែនជាករណីស្ត្រីជាជនរងគ្រោះទៀតទេ គឺជាការផ្សំគំនិតគ្នា ដែលមានចេតនាពពោះ ដើម្បីយកទារក ទៅដោះដូរ យកផលប្រយោជន៍អ្វីមួយ»។
លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា ករណីពពោះជំនួសនេះ គឺជាការរំលោភសិទ្ធទារកយ៉ាងធ្ងន់ធ្ងរ ដែលមិនមែនជារឿងការលើកកម្ពស់ស្ត្រីទេ ពីព្រោះស្រី្តគ្មានសិទ្ធលក់កូនខ្លួនឯងឡើយ។រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ អ្នកដែលចូលរួមក្នុងការពពោះជំនួសនេះ ភាគច្រើនមានប្រភពចេញពីអ្នកបម្រើការងារនៅតាមរោងចក្រ និងសហគ្រាសនានា។
ទាក់ទងនឹងករណីពពោះជំនួសនេះ រដ្ឋាភិបាល កំពុងតែព្យាយាមធ្វើច្បាប់ ដើម្បីឲ្យការងារពពោះជំនួសនេះ កម្រិតនៅក្នុងលក្ខខណ្ឌមួយថា តើការពពោះបែបណា ដែលហៅថាមនុស្សធម៌ ? ហើយការពពោះបែបណាជាករណីបទល្មើស ដើម្បីធានាដល់សិទ្ធិរស់រានមានជីវិតរបស់ទារក ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃុំខ្លួនស្ត្រី៣២នាក់ ពីបទល្មើសពពោះកូនជំនួស។ ក្នុងនោះស្រី្តរលូតកូន៣រូប, ស្ត្រីសម្រាលកូនហើយស្លាប់មាន១រូប និងអ្នកសម្រាលកូនហើយមាន៩រូប បាន និងកំពុងស្ថិត នៅក្រៅឃុំ ឬព្យួរទោស។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ ការបង្ក្រាបករណីជួញដូរមនុស្ស មានចំនួន ៦៣ករណី ថយចុះ៣ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានតែ៦៦ករណី៕
Tag:
ពពោះ
ស្ត្រី
ជួញដូរ
កុមារ
ផ្លូវភេទ
ជូ ប៊ុនអេង
© រក្សាសិទ្ធិដោយ thmeythmey.com