កីឡាជាតិ
ជាតិ
ក្រសួងបរិស្ថាន​និង​សហព័ន្ធ រៀបចំ​ប្រណាំង​យានយន្ត ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​
01, Nov 2018 , 8:19 pm        
រូបភាព
លោក នេត្រ ភក្ត្រា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រណាំងយានយន្តខ្មែររ៉ាលីរ៉េដ នៅមុខទីស្នាក់ការក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រណាំងយានយន្តខ្មែររ៉ាលីរ៉េដ នៅមុខទីស្នាក់ការក្រសួងបរិស្ថាន
ដោយ:
​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា សហការ​ជាមួយ​ក្រសួង​បិ​រ​ស្ថាន រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស​ចំនួន​៣​ខេត្ត ដើម្បី​ផ្សព្វផ្សាយ ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១-៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​កីឡាករ​កីឡាការិនី​មកពី​៦​ប្រទេស​ចូលរួម​។​

 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​និយាយថា ក្រសួង​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា រៀប​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​«​ខ្មែរ​រ៉ា​លី​រ៉េដ​»​កាត់​តំបន់​អភិរក្ស​ក្នុង​ខេត្តកំពង់ស្ពឺ កំពត និង​ព្រះសីហនុ​។ ព្រឹត្តិការណ៍​រៀបចំ​ក្រោម​ប្រធានបទ​«​រួមគ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​»​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ភាពសម្បូរ​បែប​នៃ​ធនធានធម្មជាតិ និង​បំផុសគំនិត​ឲ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​បរិស្ថាន​កាន់តែខ្លាំង​។    


 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៣១ ខែតុលា លោក នេត្រ ភក្ត្រា រៀបរាប់ថា​៖«​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​ធនធានធម្មជាតិ​រួមមាន​ព្រៃឈើ ជីវចម្រុះ និង​សត្វព្រៃ ពិសេស​ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ និង​ការការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​»​។ 
 
​បន្ថែម​លើ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​តំបន់​អភិរក្ស​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគម​នៅ​តំបន់​នោះ​។ ការផ្សព្វផ្សាយ គឺ​ឡើង​តាមរយៈ​ការចូលរួម​ផ្ទាល់​កីឡាករ​កីឡាការិនី និង​ការ​ទស្សនា​របស់​ប្រជាពលរដ្ឋ ដែល​បើក​សេរី​សម្រាប់​ការចូលរួម ពិសេស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមមាន កាសែត ទូរទស្សន៍ ព័ត៌មាន​អន​ឡាញ និង​ហ្វេ​ស​ប៊ុ​ក​ជាដើម​។​


 
«​យើង​ជិះ​ម៉ូតូ​ជិះឡាន​កាត់​តំបន់ការពារធម្មជាតិ ដែល​ត្រូវ​អភិរក្ស​នេះ គឺ​មិនមែន​គ្រាន់តែ​ជាការ​កម្សាន្ត​របស់​អ្នកជិះ​ទាំង​នោះទេ​។ តែ​តាមរយៈ​រូបភាព​និង​វីដេអូ​របស់​ពួកគាត់ ដែល​បាន​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ វា​បានបង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​ធនធានធម្មជាតិ ក៏ដូចជា​ជួយ​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​ស្រលាញ់​ធនធានធម្មជាតិ សត្វព្រៃ និង​ជីវចម្រុះ​ផ្សេងៗ​កាន់តែខ្លាំង​ថែមទៀត​»​។ នេះ​ជាការ​បន្ថែម​របស់លោក នេត្រ ភក្ត្រា​។   


 
​តាមរយៈ​ព្រឹត្តិការណ៍ ដែលជា​ការសហការ​លើក​ដំបូង​របស់​ក្រសួង​បិ​រ​ស្ថាន រដ្ឋលេខាធិការ​ខាងលើ​រំពឹងថា នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​ក្នុង​តំបន់​អភិរក្ស​នៅ​កម្ពុជា​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់ ពិសេស​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។ បើតាម​លោក ភក្ត្រា បច្ចុប្បន្ន​កម្ពុ​ជាមាន​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​ច្រករបៀង​ជិត​៦០​កន្លែង ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​៧,២​លាន​ហិកតា​។ 


 
​សម្រាប់​ការប្រកួត​នេះដែរ​មាន​កីឡាករ​កីឡាការិនី​៣៤​រូប​មកពី​៦​ប្រទេស​ចូលរួម ដែលមាន​ការថយចុះ​ចំនួន​២​ប្រទេស​។ ប្រទេស​ទាំង​៦​នោះ​រួមមាន​កម្ពុជា ថៃ ណូ​វែ​ល​សេ​ឡង់ វែ​ល អូស្ត្រាលី និង​ស្កុ​ដ​ឡែ​ន​។ កីឡាករ​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​គ្នា​លើផ្លូវ​ភ្នំ ភក់ជ្រាំ ដីខ្សាច់ ដីក្រហម និង​ផ្លូវ​ឧបសគ្គ​ជាច្រើន​ទៀត​។    
 
​បើតាម​លោក ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នៅ​ថ្ងៃ​ប្រកួត​ដំបូង​រៀបចំ​នៅ​ខេត្តកំពង់ស្ពឺ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ និង​ឧទ្យាន​ជាតិ​គីរីរម្យ​លើ​ចម្ងាយ​ផ្លូវ​១៣៧​គីឡូម៉ែត្រ​។ បន្ទាប់មក ធ្វើ​នៅ​ខេត្តកំពត​នៅ​តំបន់​ឧទ្យាន​ជាតិ​មុន្នី​វង្ស​ភ្នំ​បូកគោ​លើ​ចម្ងាយ​៨០​គីឡូម៉ែត្រ និង​ចុងក្រោយ​ខេត្ត​ព្រះសីហនុ​ក្នុង​តំបន់​ឧ​ទ្យា​ជាតិ​ភ្នំ​ក្រវ៉ា​ញ​លើ​ចម្ងាយ​៥៨​គីឡូម៉ែត្រ​។ ការប្រកួត​នេះ មាន​ឡាន​៩​គ្រឿង និង​ម៉ូតូ​១៦​គ្រឿង​៕  

Tag:
 ប្រណាំង​យានយន្ត​
  នេត្រ ភ​ត្រា​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com