ជាតិ
បទសម្ភាសន៍
លោក ស៊ុន ចាន់ថុល បញ្ជា​ឲ្យ​ដក​អាជ្ញាប័ណ្ណ​សាលាបង្រៀន​បើកបរ​ណា ដែល​គ្មាន​កម្មវិធី​បង្រៀន​បើករថយន្ត​ធុន​ធ្ងន់​
01, Nov 2018 , 8:59 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជា​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ពី​សាលាបង្រៀន​បើកបរ​ណា ដែល​គ្មាន​កម្មវិធី​បង្រៀន​បើករថយន្ត​ធុន​ធ្ងន់ ឬ​គ្មាន​រថយន្ត​ប្រភេទ​ធុន​ធ្ងន់ សម្រាប់​បង្រៀន​ឲ្យ​បាន​ត្រឹមត្រូវ​។ ការបញ្ជា​របស់លោក ស៊ុន ចាន់ថុល នេះ ធ្វើឡើង​ក្រោយពី​សង្ស័យថា គ្រប់​សាលាបង្រៀន​បើកបរ​ទាំងអស់ មិនទាន់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ ពោលគឺ​នៅ​ខ្វះចន្លោះ​នៃ​ការបង្រៀន​រថយន្ត​ធុន​ធំ ប្រភេទ​ធ្ងន់​នេះ​។​

 
​លោក ស៊ុន ចាន់ថុល បាន​និយាយថា រថយន្ត​ប្រភេទ​ធំ មាន​ជាង​២៣​ម៉ឺន​គ្រឿង ប៉ុន្តែ​អ្នកមាន​ប័ណ្ណបើកបរ​តែ​៦០​ភាគរយ​ប៉ុណ្ណោះ លើ​ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជី​។ ដូច្នេះ​បានន័យថា អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ភាគច្រើន​គ្មាន​បណ្ណ​បើកបរ​តាមច្បាប់​ត្រឹមត្រូវ ទៅតាម​ប្រភេទ​រថយន្ត​នោះទេ​។ 
 
​ដោយសារតែ​បញ្ហា​នេះ ទើប​លោក ស៊ុន ចាន់ថុល និយាយ​ដល់​រឿង​សាលាបង្រៀន​បើកបរ​រថយន្ត​នៅ​កម្ពុជា ដែល​មិនទាន់មាន​ស្ដង់ដារ​ត្រឹមត្រូវ​។ ចំណុច​លោក ស៊ុន ចាន់ថុល មើលឃើញ​នោះ គឺ​ភាពខ្វះ​ចន្លោះ​នៃ​ការបង្រៀន​រថយន្ត​ធុន​ធំ ប្រភេទ​ធ្ងន់ ដែល​សាលាបង្រៀន​បើកបរ​ទាំងនោះ នៅ​មិនទាន់មាន​កម្មវិធី​បង្រៀន​រថយន្ត​ប្រភេទ​នេះ​។ 
 
​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល​៖ 



 
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​រថយន្ត​ធុន​ធ្ងន់​នៅ​ព្រឹក​ថ្ង​ទី​៣១ តុលា​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់ថា មណ្ឌល​បណ្ដុះបណ្ដាល​យានយន្ត​បើក​ធុន​ធំ គឺមាន​តែមួយ​ទេ​នៅ​កម្ពុជា​សព្វថ្ងៃ​បើតាម​ខ្ញុំ​ដឹង​។ ទោះជា​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានចេញ​អាជ្ញារ​បណ្ណ​ទៅ​សាលាបង្រៀន​បើកបរ​២៩​សាលា ដែលមាន​១៨០​សាខា ។ ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា សាលា​ទាំង​២៩​នោះ មាន​រថយន្ត​ប្រភេទ​ធុន​ធំ បង្រៀន​នោះទេ ។ ដូច្នេះ​ខ្ញុំ​សូម​សំណុំ​ពរ​ទៅ​ឯកឧត្តម​អគ្គនាយក សុំ​ពិនិត្យឡើងវិញ បើ​សាលាបង្រៀន​ណា​បានទទួល​អាជ្ញារ​បណ្ណ​ពី​ក្រសួង​ហើយ ប៉ុន្តែ​គ្មាន​រថយន្ត គ្មាន​កម្មវិធី​ដើម្បី​បណ្ដុះបណ្ដាល​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​នេះ​ទេ សូម​ដក​អាជ្ញារ​បណ្ណ​មកវិញ​»​។ 
 
​កន្លងមក​ក្រសួង​សាធារណការ ធ្លាប់បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ជាច្រើន ដោយ​ក្នុងនោះ​រកឃើញថា អ្នកបើកបរ​រថយន្ត​អត់​មាន​បណ្ណ​បើកបរ​តាម​ប្រភេទ​រថយន្ត ដែល​ពួកគេ​កំពុង​បើកបរ​នោះ មាន​ចំនួន​២៤​ភាគរយ និង​អ្នកប្រើប្រាស់​បណ្ណ​បើកបរ​ក្លែងក្លាយ​១០​ភាគរយ និង​អ្នក​គ្មាន​បណ្ណ​បើកបរ​។ កាលពី​ឆ្នាំ​២០១៧​កន្លងមក គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​២០០​នាក់ ដែល​ភាគច្រើន​បង្កដោយ​រថយន្ត​ធំៗ ។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល​៕
 

Tag:
 ​ស៊ុន ចាន់ថុល​
  រថយន្ត​
  សាធារណការ​
© រក្សាសិទ្ធិដោយ thmeythmey.com