កីឡាអន្តរជាតិ
អន្តរជាតិ
Wenger ចូលកាន់​ការងារ​បាល់​ទាត់​នៅ​ដើមឆ្នាំ​ក្រោយ តែ​មិនមែន​នៅ​អង់គ្លេស​
02, Nov 2018 , 7:59 am        
រូបភាព
​លោក Arsene Wenger បាន​ចេញមុខ​អះអាង​ដោយផ្ទាល់ ថា​នឹង​វិលត្រឡប់​ទៅកាន់​ការងា​ក្នុង​វិស័យ​កីឡាបាល់ទាត់​វិញ​នៅ​ដើមឆ្នាំ ២០១៩ ប៉ុន្តែ​លោក​បញ្ជាក់ថា​មិនមែន​ទៅកាន់​ក្លិប​ក្នុងប្រទេស​អង់គ្លេស​ឡើយ​។​


 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចំណាយពេល ២២​ឆ្នាំ​ដើម្បី​ដឹកនាំ​ក្រុម Arsenal មុន​ប្រកាស​ចាកចេញ​ពី​ទឹកដី Emirates នៅ​ចុងរដូវ​កាល​មុន បន្ទាប់ពី​នាំ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​នេះ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៦ នៅ Premier League​។​
 
​នៅពេល​សួរថា​តើ​ពេលណា​លោក​នឹង​ត្រឡប់​ចូលកាន់​តំណែង​វិញ Wenger បាន​ប្រាប់ Sky Sports កាលពី​ថ្ងៃទី​៣១ ខែតុលា​ថា​នៅ​ដើមឆ្នាំ​ក្រោយ​នេះឯង​។ ហើយ​នៅពេល​សួរថា​លោក​នឹង​ទៅគ្រប់​គ្រង​ក្លិប​នៅ​អង់គ្លេស​នោះ អ្នកចាត់ការ​វ័យ​៦៩​ឆ្នាំនេះ ឆ្លើយថា​មិនមែន​ទេ​។​
 
​អតីត​គ្រូ Monaco ដែល​ធ្លាប់​នាំ Arsenal ឈ្នះ​ជើងឯក Premier League ចំនួន​៣​លើក និង FA Cup ៧​ដងនោះ បាន​រៀបរាប់​ទៀតថា​លោក​នឹក​ក្រុម​នេះ​ណាស់ ហើយ​នៅតែ​ជា​អ្នកគាំទ្រ​របស់​កាំភ្លើង​ធំ​ដដែល​។​
 
​លោក Unai Emery ដែលជា​អ្នក​ឡើងមក​ជំនួស​តំណែង Wenger នៅ​ដើមរដូវ​កាល​នេះ បាន​នាំ Arsenal ទទួលលទ្ធផល​គាប់ប្រសើរ​ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ មាន​២២​ពិន្ទុ​ក្នុង​តារាង​ក្របខណ្ឌ​កំពូល​អង់គ្លេស និង​មិន​ស្គាល់​ចាញ់​ពី​គ្រប់​ការប្រកួត​ចំនួន ១២​លើកចុងក្រោយ​ផងដែរ​។​
 
«​នៅពេល​ខ្ញុំ​មើល​ការប្រកួត​ខ្ញុំ​ជា​អ្នកគាំទ្រ​របស់ Arsenal ហើយ​ខ្ញុំ​សប្បាយចិត្ត​នៅពេល Arsenal ឈ្នះ ហើយ​ខ្ញុំ​ពិតជា​មិន​សប្បាយចិត្ត​ទេ​នៅពេល​ពួកគេ​ចាញ់​»៕
 

Tag:
 បាល់ទាត់​
  Arsene Wenger
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com