ជាតិ
ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ដល់យោបល់​៖ បញ្ហា​ឆ្នេរសមុទ្រ ព្រៃឈើ និង​ដីធ្លី​កើតឡើង ដោយសារ​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​
02, Nov 2018 , 8:39 am        
រូបភាព
 រូបហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក
រូបហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក
​ភ្នំពេញ​៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​លើកយក​បញ្ហា​ឆ្នេរសមុទ្រ ព្រៃឈើ និង​ដីធ្លី រួមទាំង​រឿងរ៉ាវ​ផ្សេងទៀត ដាក់​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ ដែលមាន​លោក នួន សុខា​វី ជា​ប្រធាន​។ បញ្ហា​ទាំងនោះ នឹងត្រូវ​ប្រមូល​យកទៅ​ដាក់ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ដោះស្រាយ នៅ​រយៈពេល​៤​ខែ​ខាងមុខ​ទៀត​។​

 
​ប្រតិភូ​ពី​គណបក្ស​១៦ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​លើកយក​ព័ត៌មាន​ផ្សេងៗ​គ្នា​ពី​ការសិក្សា​លើ​បញ្ហា​សង្គម និង​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ជាពិសេស​អាជ្ញាធរ​ពាក់​ព័ន្ធ​ដាក់​ទៅក្នុង​កិច្ចប្រជុំ​ពិភាក្សាគ្នា ដោយ​ក្នុងនោះ មាន​បញ្ហាដីធ្លី បញ្ហា​ឆ្នេរសមុទ្រ បញ្ហា​ជលផល​មច្ឆា​ជាតិ​ក្នុង​ដង​ទន្លេមេគង្គ បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ បញ្ហា​កសិកម្ម និង​ទីផ្សារ​កសិផល បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច និង​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​បឹង​ទន្លេសាប​។​
 
​បញ្ហា​ទាំងនេះ ត្រូវបាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ស​ង្គ​ត់​ធ្ងន់​ទៅលើ​ភាព​អសកម្ម​របស់​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជំនាញ​បច្ចេកទេស ដែល​ខ្វះ​ឆន្ទៈ​ដោះស្រាយ និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ពោលគឺ​ទាល់​តែមាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី ទើប​បំពេញការងារ​មួយរយៈ​ពេល​ខ្លី ហើយក៏​អសកម្ម​ភាព​ទៅវិញ​ដដែល​។ ក្រៅពី​ភាព​អសកម្ម​នេះ ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ សិក្សា​ឃើញ​ពី​ភាពមិន​ស្អាតស្អំ​របស់​អាជ្ញាធរ​មួយចំនួន ដែល​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត ជាពិសេស​ការចេញ​បណ្ណ​កម្មសិទ្ធិ​ឲ្យ​ទៅ​បុគ្គល​មាន​លុយ និង​អំណាច​រំលោភ​យក​ដី ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដូចជា​ឆ្នេរសមុទ្រ ទៅធ្វើជា​សម្បត្តិ​ឯកជន​ជាដើម​។​
 
​មិនទាន់​អស់​ឡើយ នៅមាន​ករណី​អនុវត្ត​គម្រោង​វិនិយោគ​ខ្លះ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ តាមរយៈ​អាជ្ញា​បណ្ណ​ដែល​រដ្ឋ​បានផ្ដល​សិទ្ធិ​ឲ្យ​ឡើយ​។ កត្តា​នេះ វា​បង្ក​ជា​បញ្ហា​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាន់កាប់​ដីធ្លី​ជា​យូរ​មកហើយ រហូត​រំលោភបំពាន​លើ​សម្បត្តិ​សាធារណៈ ដូចជា​បឹង​ធម្មជាតិ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​។​
 
​បញ្ហា​អន្លើ​នេះ មិនទាន់​និយាយ​ដល់​រឿង​កសិកម្ម ដែល​គួរតែ​ពិចារណា​លើ​កំណែទម្រង់​គោលនយោបាយ​កសិកម្ម​ផង​។ ត្រង់ចំណុច​នេះ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ត្រៀម​លើកសំណើ​មួយចំនួន ឲ្យ​រដ្ឋាភិបាល​រៀបចំ​វិធានការ​សំដៅ​លើកស្ទួយ​ផលិតកម្ម​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កសិផល​ធម្មជាតិ ក្នុងស្រុក ដូចជា​បន្លែ ផ្លែឈើ​ជាដើម​។ 
 
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល មាន​វិធានការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង ដើម្បី​លើកស្ទួយ​ទាំង​បរិមាណ និង​គុណភាព​នៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក ដែល​ប្រឈម​ជាមួយនឹង​ការនាំ​ចូល​ពី​ប្រទេសជិតខាង ជាពិសេស​វៀតណាម ក្រោយពី​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ (Everything But Arms ) ដល់​កម្ពុជា ខណៈ​វៀតណាម​ទទួលបាន​ការ​អនុ​ពន្ធ AFTA ពី​សហភាព​អឺរ៉ុប​។​
 
​ចំណែក​វិធាន​ការផ្ដល់​ការប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្ទាល់​ដល់​ប្រជាកសិករ​ខ្មែរ ជំនួស​ការវិនិយោគ​បរទេស និង​ក្រុមហ៊ុន​ក្នុងស្រុក ក្រោម​ផ្លាក​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ការពិត​ពុំមាន​ការអភិវឌ្ឍ​ជា​ដុំកំភួន ហើយ​បែរជា​ប៉ះពាល់​ដល់​ប្រជាកសិករ​ច្រើ​នោះ ក៏​ជា​រឿង​សំខាន់​ដែល​រដ្ឋាភិបាល គួរតែ​ពិចារណា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​ប្រតិភូ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​រំពឹង​ទទួលបាន​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធ​ភាព​ក្រោយ​ការផ្ដល់​យោបល់​ជូន​នាយករដ្ឋមន្ត្រី​។
 
​បញ្ហា​ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​លើក​ទី​២​នេះ នឹងត្រូវ​លើក​យកទៅ​ដាក់ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ពិចារណា​សម្រេច នៅ​រយៈពេល​៤​ខែ​ខាងមុខ ។ នាយករដ្ឋមន្ត្រី នឹង​ជួប​ប្រតិភូ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ រៀងរាល់​៦​ខែម្ដង​។​
 
​ជាគោលការណ៍​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ នឹង​បើក​កិច្ចប្រជុំ​ក្នុង​មួយខែ​ម្តង ពោលគឺ​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​នីមួយៗ ដើម្បី​បូកសរុប​ការងារ និង​ផ្តល់យោបល់​ទៅ​រាជរដ្ឋាភិបាល ជុំវិញ​បញ្ហា​នានា​ដែល​ស្ថាប័ន​នេះ រកឃើញ​។ ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ ត្រូវ​ប្ដូរ​វេន​គ្នា​មួយខែ​ម្ដង ក្នុងចំណោម​បក្ស​ទាំង​១៦ ដែលជា​សមាជិក​អង្គភាព​មួយ​នេះ​៕

Tag:
 ​ក្រុមប្រឹក្សា​យោបល់​
  ដីធ្លី​
  ព្រៃឈើ​
  ឆ្នេរសមុទ្
© រក្សាសិទ្ធិដោយ thmeythmey.com