កីឡាអន្តរជាតិ
អន្តរជាតិ
កូនប្រុស​លោក Vichai សន្យា​បន្ត​កេរដំណែល​របស់​ឪពុក​លើ​ការដឹកនាំ Leicester
01, Nov 2018 , 9:59 pm        
រូបភាព
​លោក Aiyawatt Srivaddhanaprabha ដែលជា​កូនប្រុស​លោក Vichai Srivaddhanaprabha សន្យាថា​នឹង​បន្ត «​បេសកកម្ម​ដ៏​ធំ​» ចុងក្រោយ​ក្នុងការ​ដឹកនាំ Leicester City ឲ្យ​ក្លាយជា​ក្លិប​មាន​ឥទ្ធិពល​មួយ​ក្នុងចំណោម​ក្លិប​ល្បីៗ​ដែលជា​ក្តី​សុបិន​របស់​ឪពុក​។​

 
 
​បួន​ថ្ងៃក្រោយ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power ដែល​បានសម្លាប់​មហាសេដ្ឋី​ថៃ ដែលជា​ម្ចាស់​ក្លិប Leicester លោក Vichai Srivaddhanaprabha រួមទាំង​មនុស្ស​បួន​នាក់​ផ្សេងទៀត​នោះ កូនប្រុស​របស់លោក​ដែលជា​អនុប្រធាន​ក្លិប​នេះ​បានដាក់​ការ​ឧទ្ទិស និង​កាន់ទុក្ខ​ការស្លាប់​របស់​អ្នក​ទាំងនោះ​ដោយ​សន្យាថា​នឹង​បន្តការងារ​របស់​ឪពុក​ខ្លួន​ឲ្យ​បាន​ជោគជ័យ​។ នេះ​បើតាម​ការផ្សាយ​របស់ Theguardian​។​
 
Aiyawatt អាយុ ៣៣​ឆ្នាំ​ដែល​គេ​ទទួលស្គាល់ថា​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​បន្តវេន​ពី​ឪពុក​ក្នុង​ការដឹកនាំ​ក្លិប​បាល់ទាត់​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​លោក​អរគុណ​ចំពោះ​អ្នកគាំទ្រ​ទាំងអស់គ្នា​ពី​ដួងចិត្ត​របស់លោក​ចំពោះ​ការគាំទ្រ​ដ៏​លើសលប់​។ 


 
«​អ្វីដែល​បានកើត​ឡើង​បានធ្វើ​ឲ្យ​ខ្ញុំ​ដឹងថា​ឪពុក​ខ្ញុំ​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។ ខ្ញុំ​មាន​អារម្មណ៍​រំជើបរំជួល​ណាស​ដោយសារ​មាន​មនុស្ស​ជាច្រើន​បាន​ចងចាំ​ឪពុក​របស់ខ្ញុំ​ទុក​ក្នុង​បេះដូង​របស់​ពួកគេ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែលមាន​ឪពុក​ដ៏​អស្ចារ្យ​បែបនេះ ហើយ​គ្មាន​អ្វីដែល​អាចធ្វើឱ្យ​គាត់​មាន​ភាពស្និទ្ធស្នាល​ជាង​ការមើលឃើញ​ពី​គ្រួសារ Leicester City ដែល​គាត់​បាន​កសាងឡើង​នោះ​រីកចម្រើន​នោះឡើយ​។ គាត់​ស្រឡាញ់​ក្រុមគ្រួសារ​របស់គាត់ ហើយ​គាត់​បាន​បង្កើត Leicester ទៅក្នុង​គ្រួសារ​មួយ​ដែរ​»​។​
 
Aiyawatt បន្ថែមថា​៖«​ខ្ញុំ​នឹង​ទទួល​បេសកកម្ម និង​កេរ្តិ៍ដំណែល​ដ៏​ធំ​នេះ ហើយ​ខ្ញុំ​ក៏មាន​បំណង​ធ្វើ​ដូច្នេះ​ដែរ​។ ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើបាន​ដើម្បី​អនុវត្ត​ក្តី​សុបិន​របស់​ឪពុក​ខ្ញុំ​។ ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​ទទួលបាន​ការគាំទ្រ​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​បន្តដំណើរ​នេះ ហើយ​ខ្ញុំ​សូម​អរ​គុណ​អ្នក​ទាំងអស់គ្នា​»​។​
 
​សូមបញ្ជាក់ថា លោក Vichai មាន​ភរិយា​ឈ្មោះ Aimon និង​មានកូន​៤​នាក់ ស្រី​២ ប្រុស​២ ដែល​រួមមាន Voramas, Apicht, Arunroong និង Aiyawatt ដែល​អ្នក​ទាំង​៤ សុទ្ធតែ​ស្ថិតក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន King Power International Group ដែល​ឪពុក​បង្កើតឡើង​។ សម្រាប់​ការងារ​ក្នុង​វិស័យ​បាល់ទាត់ លោក Aiyawatt ជា​មនុស្ស​ជំនិត​បំផុត​របស់លោក Vichai ក្នុងចំណោម​កូន​ទាំង​៤៕




 

Tag:
 បាល់ទាត់​
  Leicester
  Vichai Srivaddhanaprabha
  Aiyawatt
© រក្សាសិទ្ធិដោយ thmeythmey.com