ខណៈសហរដ្ឋអាមេរិក និងមហាយក្សចិនកំពុងស្ថិតក្នុងសមភូមិពាណិជ្ជកម្មយ៉ាងក្តៅគគុក ពិភពលោកកំពុងរង់ចាំមើលថាតើក្រុងប៉េកាំងនឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រអ្វីទៀតដើម្បីយកប្រៀបលើអាមេរិកក្នុងសង្គ្រាមនេះ។ អ្នកជំនាញមើលឃើញថា អាវុធដ៏មានឥទ្ធិពលរបស់ចិនបច្ចុប្បន្ននេះគឺ ការទម្លាក់តម្លៃរូបិយបណ្ណខ្លួនប្រឆាំងលុយដុល្លារ។
កាសែតអាមេរិក New York Times ផ្សាយថា តម្លៃនៃរូបិយបណ្ណរបស់ចិន «យ៉ន់» បានធ្លាក់ចុះជាលំដាប់ គិតចាប់ពីពាក់កណ្តាលខែមេសា ឆ្នាំ២០១៨មក ហើយកាលពីថ្ងៃទី៣០ ខែតុលា តម្លៃរបស់លុយយ៉ន់ បានធ្លាក់ចុះដល់កម្រិតគួរឲ្យព្រួយបារម្ភ (ជិត៧យ៉ន់ប្រឆាំងនឹង១ដុល្លារ) ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
រដ្ឋបាលលោកដូណាល់ ត្រាំ មិនពេញចិត្តនោះឡើយ នៅពេលដែលរូបិយណ្ណយ៉ន់របស់ចិនចេះតែបន្តធ្លាក់ចុះបែបនេះ ដ្បិតថាក្នុង ន័យសេដ្ឋកិច្ច វាអាចផ្តល់ផលចំណេញដល់អ្នកនាំចេញរបស់ក្រុងប៉េកាំង។ ក្នុងសមភូមិសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកទាំងពីរនេះ រូបិយណ្ណអាចក្លាយជាអាវុធដ៏មានប្រសិទ្ធភាពបំផុតមួយ។ ប៉ុន្តែរដ្ឋាភិបាលចិនក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការសម្រេចចិត្តរបស់ខ្លួនផងដែរ។
ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលក្រុងប៉េកាំង ក៏មានហេតុផលមួយចំនួន ក្នុងការទប់ស្កាត់មិនឲ្យលុយយ៉ន់ធ្លាក់ចុះផងនោះ ដ្បិតថា ការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណនឹងបង្កជាផលប៉ះពាល់ដល់ក្រុមហ៊ុន ឬបុគ្គលដែលប្រើប្រាស់លុយនោះតែម្តង។ តួយ៉ាង គេមើលឃើញថា រដ្ឋាភិបាលចិនប្រឹងប្រែងបង្កើតយន្តការផ្សេងៗ ដើម្បីទប់ស្កាត់មិនឲ្យតម្លៃលុយយ៉ន់ធ្លាក់ចុះលឿនពេកដែរ។
១.តើមានអ្វីកើតឡើង ប្រសិនបើលុយយ៉ន់ចិនធ្លាក់ចុះខ្លាំងប្រឆាំងនឹងលុយដុល្លារអាមេរិក?
ការធ្លាក់ចុះនៃតម្លៃលុយយ៉ន់ចិនប្រឆាំងនឹងលុយដុល្លារអាមេរិក នឹងផ្តល់ផលវិជ្ជមានដល់ម្ចាស់រោងចក្ររបស់ចិន ពេលពួកគេនាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក។ ឧទាហរណ៍ថា អ្នកជាម្ចាស់រោងចក្រក្នុងប្រទេសចិន ដែលផលិតទំនិញមួយប្រភេទ ហើយអ្នកលក់ទំនិញនោះកាន់ហាងអាជីវកម្មអាមេរិកមួយកន្លែង ក្នុងតម្លៃ១ដុល្លារ។ សម្រាប់ទំនិញដែលនាំចូលពីចិនក្នុងតម្លៃមួយដុល្លារនេះ ហាងក្នុងសហរដ្ឋអាមេរិកនឹងលក់ចេញក្នុងតម្លៃច្រើនជាងនេះ ដ្បិតថា ពួកគេនៅទទួលរ៉ាប់រង់ចំពោះតម្លៃដឹកជញ្ជូន និងស្តុកទុកជាដើម។ នៅពេលលុយ៦យ៉ន់ស្មើនឹងមួយដុល្លារអាមេរិក នេះមានន័យថា ទំនិញដែលត្រៀមដាក់លក់មានតម្លៃ៦យ៉ន់។
ប៉ុន្តែនៅពេលរូបិយបណ្ណកើនឡើងដល់៧ យ៉ន់ស្មើនឹងមួយដុល្លារវិញនោះ(ការដោះដូររូបិយបណ្ណបរទេស ចំនួនកាន់តែខ្ពស់មានន័យថា រូបិយបណ្ណខ្សោយ) នេះមានន័យថាទំនិញដែលមានតម្លៃមួយដុល្លារពីមុន មានតម្លៃស្មើនឹង៧យ៉ន់ ក្នុងសហរដ្ឋអាមេរិក។
និយាយបែបផ្សេង ការប្រែប្រួលលុយយ៉ន់ចិន បែបនេះ បណ្តាលឲ្យតម្លៃនៃទំនិញមួយប្រភេទនេះ ធ្លាក់ចុះថោកពី១ដុល្លារមកត្រឹម៨៥,៧សេនវិញ ប៉ុន្តែទំនិញដើមគឺមានតម្លៃ៦យ៉ន់ដដែល ក្នុងទីផ្សារអាមេរិក។ យ៉ាងណាមិញ ដើម្បីប្រកួតប្រជែងទិញ និងលក់ទំនិញជាប្រាក់ដុល្លារក្នុងទីផ្សារអាមេរិក អាជីកម្មអាមេរិក ត្រូវតែកាត់បន្ថយតម្លៃទំនិញរបស់ខ្លួន។
ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណ ក៏អាចជួយក្រុមហ៊ុននាំចេញរបស់ចិន យកឈ្នះលើការដំឡើងពន្ធនាំចូលរបស់លោក ដូណាល់ ត្រាំផងដែរ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានដំឡើងពន្ធនាំចូលប្រមាណ១០ភាគរយលើទំនិញចិនជាច្រើនមុខ ដែលចូលទៅដល់កំពង់ផែអាមេរិក។ ប៉ុន្តែប្រសិនបើតម្លៃលុយយ៉ន់ចិនធ្លាក់ចុះចំនួន១០ភាគរយនោះ នេះមានន័យថា ការដំឡើងពន្ធមិនមានផលប៉ះពាល់អ្វីនោះឡើយលើក្រុមហ៊ុននាំចេញរបស់ចិន។
២.ការទម្លាក់តម្លៃលុយយ៉ន់អាចជា អាវុធមុខពីរសម្រាប់ចិន
គេអាចស្រមៃឃើញ កាលពីបីឆ្នាំមុន ពេលសេដ្ឋកិច្ចរបស់ខ្លួនមានកំណើនយឺត ចិនបានសម្រេចទម្លាក់តម្លៃលុយយ៉ន់របស់ខ្លួន ដើម្បីជាផ្នែកមួយជួយទៅដល់បណ្តារោងចក្រចិន។ នៅពេលនោះដែរ ហិរញ្ញវត្ថុ និងទីផ្សារពិភពលោក បានរង្គោះរង្គើជាខ្លាំង។ ក្រោយមករដ្ឋាភិបាលចិនបានដុតដៃដុតជើង ចេញមុខពន្យល់ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលបានចាប់ផ្តើមបង្វែរប្រាក់របស់ពួកគេចេញទៅបរទេស។ បើពិតទៅ សេដ្ឋកិច្ចចិនត្រូវបានប្រាក់យ៉ន់ជាចាំបាច់ សម្រាប់ធ្វើចរាចរក្នុងចរន្តទីផ្សាររបស់ខ្លួន ។
ដោយសារតែមេរៀនមួយនេះហើយ ទើបមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិនបានចំណាយប្រាក់ជាង៥០០ ពាន់លានដុល្លារ ដែលយកចេញពីរូបិយបណ្ណបម្រុងរបស់ខ្លួន ទៅជួយទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃលុយយ៉ន់។ ម្យ៉ាងវិញទៀត ទីក្រុងប៉េកាំងក៏បានចាប់ផ្តើមពង្រឹងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន និងបានប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីរារាំងមិនឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន នាំយកប្រាក់ចេញពីប្រទេសដូចមុនទៀត។
អ្នកជំនាញមួយចំនួន យល់ឃើញថា បើទោះបីជាសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹង និងគ្មានផ្លូវចេញក្តី ចិនប្រហែលជាស្វះស្វែងរកវិធីផ្សេងៗ ដែលមានសុវត្ថិភាព ជាងការទម្លាក់តម្លៃរូបិយបណ្ណរបស់ខ្លួន។ ដូចអ្វីពីអតីតកាលបានបង្ហាញស្រាប់ ការប្រើប្រាស់លុយយ៉ន់ជាអាវុធ ដូចជាអាវុធមុខពីរ ដែលអាចធ្វើឲ្យចិនខូចខាតមិនតិចឡើយ៕