ONE Championship
កីឡាជាតិ
ជាតិ
ហ៊ុន ចាន់​រាជ​៖ ពិភពលោក​នឹង​ស្គាល់​កម្ពុជា តាមរយៈ​គុន​ខ្មែរ​នៅ ONE Championship
02, Nov 2018 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាបនិក​ក្រុម Cambodian Top Team លោក​ហ៊ុន ចាន់​រាជ មាន​គោលបំណង​ធំ​មួយ​គឺ​បង្កើត​ចលនា​ក្បាច់គុន​ចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជាសម្រាប់កីឡាករក្មេងៗឲ្យមានឈ្មោះល្បីលើឆាកអន្តរជាតិ​។ ៧ ឆ្នាំក្រោយ​ត្រឡប់​មកកាន់​ទឹកដី​កម្ពុជា ចាន់​រាជ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​ទម្រង់​មួយ​ដែល​ជួយ​កីឡាករ​ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន​ឲ្យ​ចាប់ផ្តើម​រះ​ឡើង​ក្នុង​ការប្រកួត​ប្រដាល់​គុន​ចម្រុះ (MMA)​។​

 
​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម CTT ដ៏​ល្បីល្បាញ​​និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​សិល្បៈ​យុទ្ធ​គុន​ចម្រុះ​ដែល​ទើប​សម្ភោ​ធ​ឡើង​ថ្មីៗ​នេះ​​ចាន់​រាជ បាន​ផ្សាភ្ជាប់​ខ្លួន​ទៅក្នុង​វិស័យ​ក្បាច់គុន​ខ្មែរ​ដែលជា​មូលដ្ឋាន​ពោរពេញ​ទៅដោយ​អ្នកមាន​សមត្ថភាព និង​ទេពកោសល្យ​។​
 
​កូនសិស្ស​ជាច្រើនរូប​ដែល​ហ្វឹកហាត់​នៅក្នុង​ក្លិប​របស់គេ​សុទ្ធសឹង​មាន​កិច្ចសន្យា​ជាមួយ​ស្ថាប័ន​ប្រដាល់​ពិភពលោក ONE Championship​។ ពួកគេ​ត្រូវបាន​ចូលរួម​ប្រកួត​លើស​ង្វៀន​ជុំវិញ​ពិភពលោក​​និង​បាន​យកជ័យ​ជម្នះ​យ៉ាង​ក្រាស់ក្រែល​មក​ឲ្យ​កម្ពុជា​វិញ​ដែល​ធ្វើអោយ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា​កាន់តែខ្លាំង​ឡើង​។​
 
​ស្ថាបនិក CTT រូបនេះ​រំលឹក​ពេល​សាកល្បង​នាំយក​កីឡាប្រដាល់​ចម្រុះ​ដំបូង​ថា​៖ «​ពេល​ខ្ញុំ​មក​ទីនេះ​ដំបូង​ពួកគេ​មិន​ស្គាល់​ថា ប្រដាល់​គុន​ចម្រុះ​ Mixed Martial Arts ជា​អ្វី​នោះទេ​»​។​
«​ពិតជា​ពិបាក​ណាស់​ពេល​ព្យាយាម​ប្រាប់​ពួកគេ​ថា​ក្បាច់គុន​ចម្រុះ​គឺជា​កីឡា ហើយ​វា​មិន​ដូច​ការ​វៃ​តប់​គ្នា​តាម​ដងផ្លូវ​នោះទេ​។​ ​យើង​ខំ​ពន្យល់​ពួកគេ និង​បាន​បង្រៀន​ពួកគេ​ទាក់ទង​នឹង​គុន​ចម្រុះ MMA ថា តាមពិត​វា​មាន​សុវត្ថិភាព​ជាង​កីឡាប្រដាល់​ធម្មតា​ ឬ​​ការ​ប្រដាល់​គុន​ខ្មែរ​បស់​យើង​ទៅទៀត​។ និយាយ​ទៅ​ទំរាំ​ពួកគាត់​យល់​ត្រូវ​ចំណាយពេល​យូរ​ដែរ​»​។​
  
 
​បច្ចុប្បន្ន ចាន់​រាជ មើលឃើញ​អនាគត​ដ៏​ត្រចះត្រចង់​មួយ​សម្រាប់​កីឡាករ​នៅក្នុង​តំបន់ ហើយ​គិតថា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​មិនទាន់​មកដល់​នៅឡើយ​ទេ​។​
​គាត់​និយាយថា​៖ «​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​គ្រាន់បើ​ជាង​កីឡាករ​បច្ចុប្បន្ន ប៉ុន្តែ​ក្នុងពេល​ឥឡូវនេះ​ពួកគេ​នៅ​ក្មេង​នៅឡើយ​» ។​
 
«​ខ្ញុំ​ហៅ​ពួកគេ​ថា កូន​ពូជ​អ្នក​ប្រដាល់​គុន​ចម្រុះ​នេះហើយ​ជាហេតុ​ផល​ដែល​យើង​វិនិយោគ​ពេលវេលា​និង​លុយកាក់​នៅពេល​បច្ចុប្បន្ន​ដើ​ម្បី​កូនចៅ​ជំនាន់​ក្រោយ​» ។​
​កីឡាករ​ក្មេងៗ​ក្រោយនេះ​មាន​ទេពកោសល្យ និង​ច​រិ​ក​លក្ខណៈ​ដែល​លោក ចាន់​រាជ​ជឿជាក់ថា​នឹងធ្វើ​ឲ្យ​ពួកគេ​អាចឈាន​ជើង​ចូល​សង្វៀន​បែប​អន្តជាតិ​ធំៗ​បាន​​ប៉ុន្តែ​គាត់​ក៏​ចង់​ធ្វើយ៉ាងណា​ឲ្យ​ប្រាកដថា​គាត់​មិន​បិទផ្លូវ​កីឡាករ​ណាមួយ​ចោល​ឡើយ​។ ធ្វើជា​អ្នកដឹកនាំ​ក្រុម CTTសំខាន់បំផុត​នោះ​គឺ​ត្រូវ​បើកចំហរ​ផ្លូវ​ក៏ដូចជា​ឱកាស​ផ្សេងៗ​ទៀត​ដល់​កីឡាករ​របស់គាត់​។​
 
​គាត់​ចែករំលែក​ពី​ប្រវត្តិ​សិស្ស​របស់គាត់​ថា​៖ «​ក្មេងៗ​ទាំងនេះ​ចេញមក​ពី​គ្រួសារ​ក្រីក្រ ពួកគេ​ស្រេកឃ្លាន​ណាស់​ពួកគេ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​ខ្លួនឯង និង​ក្រុមគ្រួសារ​គេ​ឲ្យ​មាន​ជិវិត​ប្រសើ​ជាង​នេះ​»។​ «​យើង​អោយ​ពួកគេ​ចូល​សាលារៀន ផ្តល់នូវ​ឱកាស​និង​ជម្រើស​ផ្សេងៗ​នៅក្នុង​ជីវិត​​ប្រសិនបើ​ពេល​ពួកគេ​ធំ​ឡើង​មិន​ចង់​ធ្វើជា​អ្នក​ប្រដាល់ MMA ក៏​មិន​អី​ដែរ​»​។​
 
«​ការរៀនសូត្រ​គឺជា​ជំរើស​ទី​១ របស់​ពួកគេ​។ ធ្វើជា​អ្នក​ប្រដាល់​អាជីព ឬ ប្រដាល់​គុន​ចម្រុះ MMA ​គឺ​គ្រាន់តែ​ក្នុងករណី​គាត់​រៀន​មិន​ចូល​»​។​ អតីត​អ្នករស់នៅ​ក្រុង ញូវយ៉ក​សហរដ្ឋអាមេរិក​រូប​នេះ​បាន​ចំណាយ​ពេលវេលា​ក្នុង​ជីវិត​របស់ខ្លួន​ដើម្បី​កសាង​គ្រួសារ​អ្នក​ប្រយុទ្ធ​ខ្មែរ​មួយក្រុម​​ហើយ​ដែល​កំពុង​ត្រៀមខ្លួន​បង្ហាញ​សមត្ថភាព​លើ​ឆាក​ប្រដាល់​ក្បាច់គុន​។​ ​បច្ចុប្បន្ននេះ​គាត់​បានធ្វើ​ដំណើរ​ឆ្ងាយៗ​ទៅ​ក្រៅប្រទេស​ជាមួយ​កីឡាករ​ប្រចាំ ONE Championship របស់គាត់​​ហើយ​ធ្វើការ​ប្រកួតប្រជែង​លើស​ង្វៀន​ដ៏​ធំៗ​ជាច្រើន​ដូចជា ONE: Kingdom of HEROES នៅ​ទីក្រុង​បាងកក​​ប្រទេស​ថៃ​ជាដើម​។​
 
​នា​ថ្ងៃ​សុក្រ ទី​០៩ ខែវិច្ឆិកា ឆាប់ៗ​នេះ​គាត់​នឹងធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ម្តងទៀត​ដើម្បី​ផ្សព្វផ្សាយ​អោយគេ​ស្គាល់​ថា​អ្វី​ជា​ព្រលឹង​ខ្មែរ​។​ ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​លោក មាស ម៊ើ ដែលមាន​ប្រវត្តិ​ឈ្នះ ៥​ដង នឹង​ចាញ់ ២​ដង​​នឹង​ឈាន​ជើង​ចូលក្នុង​សង្វៀន​ប្រដាល់​ក្នុង​ទ្រុង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ពី​កីឡាករ​ម្ចាស់ផ្ទះ​លោក​Anthony Engelen ហៅ The Archangel" ធ្លាប់​ឈ្នះ ៦​ដង ចាញ់ ៤​ដង​ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​មធ្យម​ដែល​យើង​កំពុង​ទន្ទឹងរង់ចាំ​មើល​។​
 
ONE: HEART OF THE LION
​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​នឹង​ជួយ​ផ្តល់ឱកាស​អោយ​លោក​បាន​កសាង​កេរដំណែល​ធំធេង​ទៅដល់​ក្រៅប្រទេស​ថែមទៀត​។​
​សម្រាប់​លោក ចាន់​រាជ វិញ​មិនយូរ​មិនឆាប់​លទ្ធផល​ដែល​គាត់​រំពឹងទុក​ពី​វិស័យ​កីឡាប្រដាល់​គុន​ចម្រុះ​នឹង​បានសម្រេច​ហើយ​គាត់​នឹង​រំភើប​ត្រេកអរ​ជា​អនេក​។​
​លោក​និយាយ​ទាំង​មាន​ទំនុកចិត្ត​ថា​៖ «​កម្ពុជា​ពិតជា​អាច​ឡើង​នៅលើ​ឆាក​ពិភពលោក​បាន​»​។ «​ខ្ញុំ​ទស្សន៍ទាយ​ថា​យើង​នឹង​លេចធ្លោ​ខ្លាំង​ក្នុង​រយៈពេល​ដប់ឆ្នាំ​ខាងមុខ​ទៀត​»​។​
 

 

© រក្សាសិទ្ធិដោយ thmeythmey.com