ជាតិ
សង្គមជាតិ
អង្គការ​ជាតិ​និង​អន្តរជាតិ​៤២ ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​និ​ទណ្ឌ​ភាព​និង​ដាក់ទោស​គ្រប់​ជនល្មើស
02, Nov 2018 , 1:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ទិវា​អន្តរជាតិ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​៤២ បានរួម​គ្នា​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់វិធានការ​ផ្លូវច្បាប់​លើ​គ្រប់​បទល្មើស ដោយ​មិនត្រូវ​លើកលែង​។ ពួកគេ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ដែល​នៅតែ​បន្ត​រាលដាល ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​លើ​អ្នកសារព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស មិនសូវ​ត្រូវបាន​យកទៅ​ផ្តន្ទាទោស​។


 
​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ មកដល់​បច្ចុប្បន្ន យ៉ាងតិច មាន​អ្នកសារព័ត៌មាន​១៣​នាក់ ត្រូវបាន​សម្លាប់​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងចំណោម​ករណី​ទាំង​១៣ មាន​១១​ករណី ដែល​ពុំមាន​ជនណាម្នាក់ ត្រូវបាន​កាត់ទោស​ពីបទ​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​ទាំង​នោះទេ​»​។ 
 
​ក្រុម​អង្គការ​-​សង្គម​ស៊ីវិល បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ទៀតថា​៖«​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន នាំមក​នូវ​ការគំរាមកំហែង​ពិតប្រាកដ​។ […..] នៅពេល​រដ្ឋ​ខកខាន​ក្នុងការ​ស៊ើបអង្កេត និង​ការដាក់ទណ្ឌកម្ម​ចំពោះ​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន វា ជា​សារ ដែល​បង្ហាញថា ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន គឺ​ត្រូវបាន​អនុញ្ញាត​»​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ពួកគេ មិន​ត្រឹមតែ​លើកឡើង​ពី​ការ​រួច​ទោស​ក្នុងការ​វាយប្រហារ​លើ​អ្នកសារព័ត៌មាន​នោះទេ តែ​ក៏បាន​លើកឡើង​ពី​ការ​ផុត​ទោស​ក្នុងការ​សម្លាប់​អ្នកផ្សេង​ទៀត​ដែរ ដូចជា​ឃាតកម្ម​លើ លោក ជា វិជ្ជា ប្រធាន​សហជីព ឃាតកម្ម​លើ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ និង ឃាតកម្ម​លើ​លោក កែម ឡី អ្នកវិភាគ​នយោបាយ ជាដើម​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល បាន​សង្កត់ធ្ងន់​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ​ថា​៖«​ការខ្វះខាត​នូវ​ការស៊ើបអង្កេត​ហ្មត់ចត់ តម្លាភាព និង​ឯករាជ្យ ទៅលើ​ការសម្លាប់​អ្នក​ទាំងនោះ បង្ហាញ​ពី​ការដក់​ជាប់​នូវ​វប្បធម៌​និ​ទណ្ឌ​ភាព ដែល​កំពុង​កើត​មាននៅ​កម្ពុជា​»​។​
 
«​យើងខ្ញុំ សូម​ថ្កោលទោស​ចំពោះ​និ​ទណ្ឌ​ភាព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ និង​សង្គម​កម្ពុជា ហើយ​ទាមទារ​យុត្តិធម៌​ដល់​ពលរដ្ឋ ដែល​សិទ្ធិ​របស់​ពួកគេ មិនត្រូវ​បាន​អើពើ​។ យើងខ្ញុំ សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ ផ្តន្ទាទោស​ជនល្មើស ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​»​។ នេះ​ជា​សារ​ចុងក្រោយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អង្គការ​-​សង្គម​ស៊ីវិល​។ 
 
​ស្ថាប័ន​អន្តរជាតិ ដែល​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍​នេះ មានដូចជា អង្គការ​លើកលែងទោស​អន្តរជាតិ (AI) សមាជិកសភា​អាសា​ន​ដើម្បី​សិទ្ធិមនុស្ស (APHR) វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ (Forum Asia) និង សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ជាដើម​។ ចំណែក អង្គការ​-​សង្គម​ស៊ីវិល​ក្នុងស្រុក មានដូចជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សមាគម​អា​ហុក សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង អង្គការ​លីកាដូ ជាដើម​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​សេចក្តីថ្លែងការណ៍​នេះ​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ លោក ឆ្លើយតប​ទៅ​អង្គការ​-​សង្គម​ទាំងនោះ​ថា​៖«​សេចក្តីថ្លែងការណ៍​ការ​របស់​ពួកគេ ជាការ​ប្រឌិត ដែល​ខុសពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​។ ខ្ញុំ​យល់ថា ការចេញ​សេចក្តីថ្លែងការណ៍​នេះ គឺ​គ្រាន់តែ​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​ប៉ុណ្ណោះ​»​។ 
 
​អ្នកនាំពាក្យ បន្តថា អាជ្ញាធរ​ពុំបាន​ទុកចោល​នូវ​បទល្មើស​ណាមួយ​ឡើយ រួមទាំង​បទ​លើស​លើ​អ្នកសារព័ត៌មាន អ្នកវិភាគ និង​អ្នកការ​សិទ្ធិមនុស្ស ដែល​ក្រុម​សង្គម​ស៊ីវិល​លើកឡើង​ផងដែរ​។ លោក សង្កត់ធ្ងន់ថា​៖«​ជន​ណា ដែល​ប្រព្រឹត្ត​បទល្មើស ឲ្យ​តែ​យើង​មាន​តម្រុយ យើង​នឹង​ស្វែងរក​ហើយ​នាំទៅ​តុលាការ​»​។ 
 
​លើសពីនេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ ថែមទាំង​អះអាង​ទៀតថា រដ្ឋាភិបាល មិនដែល​ធ្វើទុក្ខបុកម្នេញ​ឬ​កៀបសង្កត់​អ្នកសារព័ត៌មាន​ឡើយ​។ លោក បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកសារព័ត៌មាន ជា​ភ្នែក​ជា​ច្រ​ចុះ​របស់​រដ្ឋាភិបាល​។ ឥឡូវ រដ្ឋាភិបាល កំពុង​ពង្រឹង​អ្នកនាំពាក្យ​តាម​ស្ថាប័ន ដើម្បី​បញ្ជូន​ព័ត៌មាន​ទៅ​អ្នកសារព័ត៌មាន​។ ខ្លួន​ខ្ញុំ​ផ្តល់ ខ្ញុំ​ចំណាយពេល​១០​ទៅ​១២​ម៉ោង​ឯណោះ​ក្នុង​១​ថ្ងៃ ដើម្បី​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​។ ដូច្នេះ វា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​យើង​នោះទេ ដែល​យើង​ត្រូវ​ទៅ​សម្លាប់​អ្នកសារព័ត៌មាន​»៕    
 

Tag:
 GNOs
  ប្រព័ន្ធយុត្តិធម៌​
  និ​ទណ្ឌ​ភាព​
© រក្សាសិទ្ធិដោយ thmeythmey.com