ជាតិ
សង្គមជាតិ
ការពង្រឹងសមត្ថភាពគ្រូ និងមន្ត្រីអប់រំ ជាកំណែទម្រង់ថ្មី ដើម្បីគុណភាពអប់រំខ្ពស់ នៅអាណត្តិទី៦
× ភ្នំពេញ៖ ការពង្រឹងសមត្ថភាពគ្រូ និងមន្ត្រីអប់រំ ជាកំណែទម្រង់ថ្មី ដើម្បីទទួលបានគុណភាពអប់រំខ្ពស់ នៅក្នុងគោលនយោបាយអប់រំ នៅក្នុងអាណត្តិទី៦ ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក ឌី ខាំបូលី បាននិយាយថា ក្រសួងអប់រំមានផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្នុងការពង្រឹងលើគុណភាពអប់រំ ដោយផ្ដោតលើគ្រូបង្រៀន និងមន្ត្រីអប់រំ។ ចំណែកកំណែទម្រង់ដែលនៅសល់កន្លងមក ក៏នឹងអនុវត្តបន្តទៀត សម្រាប់អាណត្តិថ្មីនេះផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ក្រសួងអប់រំនឹងកំណត់គោលដៅធំៗ ដើម្បីកែទម្រង់វិស័យអប់រំឲ្យមានភាពល្អប្រសើរឡើង គោលដៅទី១គឺ ការពង្រឹងសមត្ថភាពគ្រូបង្រៀន ទី២ ការពង្រឹងសមត្ថភាពមន្ត្រីរាជការដែលបម្រើនៅក្នុងវិស័យអប់រំ ទី៣ ការពង្រឹងវិស័យអប់រំ ទី៤ ការពង្រីកការគ្រប់គ្រងផ្នែកហរិញ្ញវត្ថុ ទី៥ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ ត្រង់ចំណុចសំខាន់ទាំងនេះ ក្រសួងអប់រំនឹងអនុវត្ដនៅឆ្នាំសិក្សាថ្មី ២០១៨ រហូតដល់ឆ្នាំ២០២៣ ខាងមុខនេះ»។
បើតាមលោក ឌី ខាំបូលី ក្រសួងអប់រំនឹងបង្កើតសាលាជំនាន់ថ្មីបន្ថែមទៀត ទោះបីការបង្កើតនេះ មិនទាន់ពេញលេញនៅគ្រប់សាលារៀនក្តី ។«ក្រសួងអប់រំនឹងធ្វើវាបន្តិចម្តងៗដើម្បីឲ្យការអប់រំមានប្រសិទ្ធភាព»។ នេះជាការបញ្ជាក់របស់លោក ខាំបូលី។
ទាក់ទងសមត្ថភាពគ្រូបង្រៀន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យគ្រូបង្រៀនទាំងអស់ ត្រូវពង្រឹងទាំងផ្នែកចំណេះដឹងថ្មី តាមបែបបច្ចេកវិទ្យាព័ត៌មាន និងវិធីបង្រៀន រួមទាំងភាសាបរទេសផ្សេងៗ ដោយធ្វើយ៉ាងណាបង្រៀនសិស្សឲ្យមានគុណភាព។
ក្រសួងអប់រំយុវជន និងកីឡា រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយក្របខណ្ឌច្បាប់បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដែលធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមត្ថភាព និងបរិយាប័ន្ន សម្រាប់សិស្សានុសិស្សគ្រប់រូប ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះជាការអំពាវនាវរបស់សម្ដេច ហ៊ុន សែន៕
Tag:
ក្រសួងអប់រំ
គ្រូ
សិស្ស
លោក ឌី ខាំបូលី
© រក្សាសិទ្ធិដោយ thmeythmey.com