អន្តរជាតិ
អ៊ីស្រាអែល​សាទរ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ថ្មី​ដែល​ចង់​រើ​ស្ថានទូត​ទៅ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​
02, Nov 2018 , 4:33 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែវិច្ឆិកា​បាន​លើកសរសើរ​ពី​ជំហរ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ប្រេ​ស៊ី​ល​លោក Jair Bolsonaro ដែល​ចង់​ប្តូរ​ស្ថានទូត​របស់ខ្លួន​ពី​ក្រុង Tel Aviv ទៅកាន់​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​នោះ​។ បើ​ប្រេ​ស៊ី​ល​រើ​ស្ថានទូត​មែន​នោះ វា​នឹង​ក្លាយជា​រដ្ឋ​ធំជាងគេ​បន្ទាប់ពី​អាមេរិក​ដែល​ធ្វើបែបនេះ​។

 

 
​ការរុះរើ​ស្ថានទូត​ទៅ​តាំងនៅ​ទីក្រុង​ពិសិដ្ឋ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ជាការ​សន្យា​របស់លោក Jair Bolsonaro ក្នុងការ​ឃោសនាបោះឆ្នោត ហើយ​នៅ​សប្តាហ៍​នេះ​លោក​ក៏បាន​ប្រកាស​ឡើងវិញ​ថា រដ្ឋាភិបាល​លោក​នឹង​ធ្វើតាម​ការសន្យា​។  
 
​លោក​បានប្រកាស​ដូច្នេះ​៖« ដូច​បានលើកឡើង​ក្នុងការ​ឃោសនា​របស់​យើង​កន្លងមក​ដូច្នេះ​ដែរ យើង​ចង់​ប្តូរ​ស្ថានទូត​ប្រេ​ស៊ី​លពី​ក្រុង Tel Aviv ទៅកាន់​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​។ អ៊ីស្រាអែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​យើង​ត្រូវគោរព​គោលការណ៍​នេះ​»​។​
 
​គ្រាន់តែ​បានលឺ​ការអះអាង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ប្រេ​ស៊ី​ល​ភ្លាម លោក ណេ​តាន់​យ៉ា​ហ៊ូ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បានចេញ​មុខ​សាទរ និង​កោតសរសើរ​ជំហរ​របស់​មេដឹកនាំ​ប្រេ​ស៊ី​ល​លើ​ករណី​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ភ្លែត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​អបអរសាទរ​ដល់​មិត្តភក្តិ​ខ្ញុំ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត Bolsonaro ដែលមាន​បំណង​ចង់​រើស​ស្ថានទូត​ទៅកាន់​ហ្សេ​រ៊ុ​យ​សា​ឡិ​ម ហើយ​វា​ជា​រឿង​ប្រវត្តិសាស្ត្រ​, ត្រឹមត្រូវ និង​គួរ​ឲ​រីករាយ​»​។
 
​ក្នុងករណី​ដែល​ប្រេ​ស៊ី​ល​ប្តូរ​ទីតាំង​ស្ថានទូត​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​មែន​នោះ វា​នឹង​ក្លាយជា​ប្រទេស​ធំ​បំផុត​ទី​ពីរ​បន្ទាប់ពី​អាមេរិក​ដែល​បង្កើត​រឿងចម្រូងចម្រាស​និង​ធ្វើ​ឲ្យ​ពិភពលោក​ថ្កោលទោស​នោះ​។ គេ​កំពុង​រង់ចាំ​មើលថា​តើ​ការសម្រេចចិត្ត​នេះ​នឹង​ក្លាយជា​ការពិត​ឬ​អត់​បន្ទាប់ពី​លោក Bolsonaro ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១ ខែមករា​ឆ្នាំ ២០១៩​។​
 
​តាមពិតទៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ហ្សេ​រ៊ុ​យ​សា​ឡិ​មកា​លពី​ចុងឆ្នាំ​មុននេះ ហើយ​ស្ថានទូត​ត្រូវបាន​សម្ភោ​ធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែឧសភា​។ ទង្វើ​របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស ១២៨ នាំគ្នា​ថ្កោលទោស​តាមរយៈ​ដំណោះស្រាយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ 
 
​តាមពិតទៅ ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស​រ៊ុ​យ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។  
 
​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល ប៉ុន្តែ​ប៉ា​ឡេ​ស្ទី​ន​ចង់បាន​ហ្សេ​រ៊ុ​យ​សា​ឡិ​មខាង​កើតជា​រដ្ឋធានីរ​បស់​ខ្លួន​នាពេល​អនាគត​៕
 

Tag:
 បេន​សា​មិន ណេ​តាន់​យ៉ា​ហ៊ូ​
  Jair Bolsonaro
© រក្សាសិទ្ធិដោយ thmeythmey.com