អន្តរជាតិ
បុគ្គលិក​ក្រុមហ៊ុន Google នៅ​ទូទាំង​ពិភពលោក​បាតុកម្ម​ប្រឆាំងនឹង​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​លើ​ករណី​បៀតបៀន​ផ្លូវភេទ​
02, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បុគ្គលិក​ក្រុមហ៊ុន​Google រាប់រយ​នាក់​បាន​ដើរ​ចេញពី​ការិយាល័យ​នានា​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ទៅនឹង​ការដោះស្រាយ​របស់​ក្រុមហ៊ុន​លើ​ករណី​បៀតបៀន​ផ្លូវភេទ និង​វប្បធម៌​នៅ​កន្លែងធ្វើការ​របស់​ក្រុមហ៊ុន​នេះ​។​

 
​បុគ្គលិក​ជាង​១​ពាន់​នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ទី​ស្នាក់​កណ្តាល​របស់​ក្រុមហ៊ុន​Google ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​
​បុគ្គលិក​និង​បុគ្គលិក​ជាប់កិច្ចសន្យា​រប​ស់​ក្រុម​Google រាប់រយ​នាក់​ដែល​ភាគច្រើន​គឺជា​ស្ត្រី​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​ដើរ​ចេញពី​ការិយាល័យ​ជាង​២០​កន្លែង​នៅ​ទូទាំង​សកលលោក​ផងដែរ​។​
 
​ពួក​អ្នករៀបចំ​បាតុកម្ម​តវ៉ា​បាន​ថ្លែង​នៅក្នុង​ទស្សនា​វ​ដ្តី The Cut ថា​«​យើង​គឺជា​ផ្នែក​តូច​មួយ​នៃ​ចលនា​ដ៏​ធំ​មួយ​ដែល​បាន​រីកលូតលាស់​អស់​រយៈពេល​ជា​យូរ​មកហើយ​។ យើង​
 
​ត្រូវបាន​លើកទឹកចិត្ត​ពី​ស្ត្រី​គ្រប់រូប​ដែល​ធ្វើការ​នៅក្នុង​ហាង​លក់​អាហារ​ឆ្អិន​ស្រាប់ ជា​អ្នក​ដែល​ដឹកនាំ​ការតវ៉ា​ប្រឆាំងនឹង​ការ​បៀតបៀន​ផ្លូវភេទ​ទៅលើ​ស្ត្រី​រាប់ពាន់នាក់​នៅក្នុង​ចលនា #metoo ជា​អ្នក​ដែល​ចាប់ផ្តើម​ងើបឈរ​តវ៉ា​ដើម្បី​បញ្ជ​ប់ករ​ណី​រំលោភបំពាន​ដូចនេះ​»​។​
 
​ការដើរ​ចេញ​រប​ស់បុ​គ្គ​លិ​ក​ទាំងនេះ​គឺជា​ការបង្ហាញ​ថ្មី​ចុងក្រោយ​នៃ​ការមិន​ពេញចិត្ត​កាន់តែខ្លាំង​ឡើង​ពី​បុគ្គលិក​ធ្វើការ​បន្ទាប់ពី​កាសែត The New York Times​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​អំពី​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​តយ​ក្ស​មួយ​នេះ​បាន​ចំណាយលុយ​រាប់លាន​ដុល្លារ​ជា​ប្រាក់​បំណាច់​ឲ្យ​ទៅ​បុគ្គលិក​ជាន់ខ្ពស់​ជា​បុរស​ដែល​រង​ការចោទប្រកាន់​បៀតបៀន​ផ្លូវភេទ​ដើម្បី​បិទបាំង​ទង្វើ​ខុសឆ្គង​របស់​ពួកគេ​ទាំងនោះ​។​
 
​កាសែត​The New York Times​បាន​រាយការណ៍​ថា​កាលពី​ឆ្នាំ​២០១៤​ក្រុមហ៊ុន Google បាន​ចំណាយ​ប្រាក់​៩០​លាន​ដុល្លារ​ជា​ប្រាក់​បំណាច់​ការងារ​ឲ្យ​ទៅ​នាយករង​ក្រុមហ៊ុន​លោក Andy Rubin បន្ទាប់ពី​លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​បៀតបៀន​ផ្លូវភេទ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com