ជាតិ
សេដ្ឋកិច្ច
កម្ពុជាឈរនៅលេខរៀង ១៣៨ ក្នុងចំណោមប្រទេស ១៩០ អំពីការសម្រួលធ្វើអាជីវកម្ម
× ភ្នំពេញ៖ ក្នុងចំណោមប្រទេស ១៩០ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី ១៣៨ ចំពោះភាពងាយស្រួលក្នុងដំណើរការបែបបទធ្វើធុរកិច្ចសម្រាប់ឆ្នាំ២០១៩។ ចំណាត់ថ្នាក់នេះ រាប់ពីលេខ១ គឺល្អបំផុត រហូតដល់លេខរៀង ១៩០ ដែលមានភាពស្មុគស្មាញក្នុងការធ្វើធុរកិច្ចបំផុត។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកស្ដីពីភាពង្រាយស្រួលក្នុងការធ្វើធុរកិច្ច ដែលចេញផ្សាយនៅថ្ងៃទី៣១ខែតុលា។
របាយការណ៍នេះ ត្រូវបានចេញផ្សាយនៅឆ្នាំនេះ ក៏ពិតមែន តែសម្រាប់វាយតម្លៃបែបបទធ្វើធុរកិច្ចរបស់ប្រទេសនីមួយៗនៅឆ្នាំបន្ទាប់ គឺឆ្នាំ២០១៩។ ការវាយតម្លៃចំណាត់ថ្នាក់នេះ ត្រូវផ្អែកលើកត្តាចំនួន ១០ ដែលរួមមាន៖ នីតិវិធីចាប់ផ្ដើមធ្វើអាជីវកម្ម, ការអនុញ្ញាតសាងសង់, ការទទួលថាមពលអគ្គិសនី, ចុះបញ្ជីកម្មសិទ្ធអចលនទ្រព្យ, ការកាពារវិនិយោគិនក្រុមតូច, ការទទួលបានឥណទាន, ការបង់ពន្ធ, ការដោះដូរទំនិញក្រៅប្រទេស, ការអនុវត្តចំពោះកិច្ចសន្យា និងការដោះស្រាយភាពក្ស័យធន។
របាយការណ៍បានឲ្យពិន្ទុកម្ពុជា ៥៤,៨ (ពិន្ទុពេញ១០០) ដែលឈរនៅលេខរៀងទី១៣៨ នៅឆ្នាំ២០១៩ ធៀបនឹងពិន្ទុ ៥៤,៤៧ និងលេខរៀង ១៣៥ នៅឆ្នាំ២០១៨។
ការទទួលបានឥណទាននៅកម្ពុជាមានពិន្ទុដល់ទៅ ៨០ តែផ្នែកផ្សេងពីនេះនៅប្រឈមនីតិវិធីស្មុគស្មាញច្រើន។ ការចាប់ផ្ដើមធុរកិច្ចមានពិន្ទុ ៥៨,២ ខណៈការអនុវត្តចំពោះកិច្ចសន្យាតាមផ្លូវច្បាប់បានពិន្ទុទាបបំផុត ៣១,៧៥ ប៉ុណ្ណោះ។
ចំណាត់ថ្នាក់របស់កម្ពុជា ឈរនៅពីក្រោយប្រទេសភាគច្រើនក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសឡាវ ដែលមានចំណាត់ថ្នាក់១៥៤ និងមីយ៉ាន់ម៉ាទី១៧១។ សិង្ហបុរីឈរនៅលេខរៀងទី២ ម៉ាឡេស៊ី១៥ ថៃ២៧ វៀតណាម៦៩ ៕
Tag:
អាជីវកម្ម
World Bank
© រក្សាសិទ្ធិដោយ thmeythmey.com