អន្តរជាតិ
លោក ត្រាំថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Nauert អាចជាទូតអាមេរិកថ្មីប្រចាំUN
× លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអាចនឹងកាន់តួនាទីជាបេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិជំនួសលោកស្រី Nikki Haley ដែលនឹងត្រូវចាកចេញនៅចុងឆ្នាំនេះ។ នេះបើតាមសម្តីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
លោក ត្រាំ បានបង្ហើបថា បេក្ខភាពរបស់លោកស្រី Nauert ដែលបច្ចុប្បន្នជាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនៅស្ថិតក្រោមការពិចារណារបស់រដ្ឋបាលលោកក្នុងការតែងតាំងឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានបង្ហើបបែបនេះនៅថ្ងៃព្រហស្បតិ៍ ទី ១ ខែវិច្ឆិកា ពេលដែលអ្នកសារព័ត៌មានសាកសួរលោកជុំវិញរបាយការណ៍ដែលផ្សាយថាលោកស្រី Nauert ស្ថិតនៅក្នុងចំណោមបេក្ខជននាំមុខគេដែលនឹងត្រូវតែងតាំងឲ្យកាន់តំណែងសំខាន់នេះ។
លោកបាននិយាយដូច្នេះ៖ Nauert ស្ថិតក្រោមការពិចារណាហ្មត់ចត់របស់យើង។ លោកស្រីជាមនុស្សល្អណាស់។ លោកស្រីបម្រើការងារជាមួយយើងយូរមកហើយ ហើយក៏ជាអ្នកគាំទ្ររដ្ឋបាលយើងយូរអង្វែងមកហើយដែរ។ យើងអាចនឹងសម្រេចចិត្តនៅសប្តាហ៍ក្រោយ»។
បើសិនត្រូវប្រធានាធិបតីជ្រើសរើសមែននោះ លោកស្រី Nauert នឹងក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិជំនួសលោកស្រី Nikki Haley ដែលបានប្រកាសចុះចេញពីតំណែងកាលពីខែមុនដោយមិនបានប្រាប់ហេតុផលច្បាស់លាស់ឡើយ។
ដោយឡែកលោកស្រី Nauert ធ្លាប់បំពេញការងារជាពិធីករ និងជាអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ Fox News មុននឹងចាប់ផ្តើមការងារជាអ្នកនាំពាក្យនៅក្រសួងការបរទេសនៅខែមេសាឆ្នាំ ២០១៧។ លោកស្រីបានបំពេញការងារជាមន្ត្រីក្រសួងការបរទេសក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីពីររូបក្នុងនោះមានលោក រិច ធីល័រសិន និងបច្ចុប្បន្នលោក ម៉ៃ ប៉ុមប៉េអូ។ លោកស្រីក៏ត្រូវបានគេចាត់តាំងឲ្យបំពេញការងារជារដ្ឋលេខាធិការស្តីទីទទួលបន្ទុកការទូត និងកិច្ចការសាធារណៈចាប់ពីខែមីនារហូតដល់ខែតុលាឆ្នាំ ២០១៨នេះដែរ។
យ៉ាងណាក៏ដោយចុះ បើតាមការចុះផ្សាយរបស់កាសែត CNN អ្នកផ្សេងទៀតដែលអាចមានលទ្ធភាពទៅកាន់តំណែងទូតនៅអង្គការសហប្រជាជាតិនោះមានដូចជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាល្លឺម៉ង់ Ric Grenell, បេសកជនអាមេរិកប្រចាំនៅបារាំង Jamie McCourt និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាណាដា Kelly Craft៕
Tag:
Heather Nauert
ដូណាល់ ត្រាំ
Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com