ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​នឹង​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ ដល់​ពាក់កណ្តាល​ខែធ្នូ​
03, Nov 2018 , 7:43 am        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​នឹង​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ ដល់​ពាក់កណ្តាល​ខែធ្នូ ក្រោយពី​គម្រោង​អាង​ស្តុក​ទឹក​ក្បាលឆាយ បាន​សាងសង់​រួចរាល់​។ ការអំពាវនាវ​របស់​អាជ្ញាធរ​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ជាច្រើន​គ្រួសារ រអ៊ូ​ពី​ការខ្វះខាត​ទឹក​ប្រើប្រាស់​។​

​មូលហេតុ​នៃ​ការខ្វះ​ទឹក​នេះ គឺ​បណ្តាលមកពី​រដ្ឋាករទឹក ជួសជុល និង​ប្តូរ​កន្លែង​ថ្មី សម្រាប់​ការផ្គត់ផ្គង់​ទឹក​ឲ្យ​ប្រជាជន​ប្រើប្រាស់​។ លោក ឱ សារឿន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌​ថ្មីៗ​ថា ពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​មួយរយៈ​ពេល​ខ្លី​សិន រហូតដល់​ពាក់កណ្ដាល​ខែធ្នូ ទើប​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ជាធម្មតា​វិញ​។ 
 
​លោក ឱ សារឿន បាន​និយាយ​ដូច្នេះ​ថា « ការខ្វះខាត​ទឹក​នេះ គឺ​មិនមែន​ខ្វះ​ប្រើ​ទាំងស្រុង​នោះទេ​។ ដោយ​អ្នកជំនាញ​ខាង​រដ្ឋាករទឹក បាន​បិទ​ប្រព័ន្ធ​ទឹក តែ​កន្លែង​ដែល​គេ​ត្រូវធ្វើ ឬ​ជួសជុល​។ យើង​អាច​និយាយបានថា យើង​បិទ​ប្រព័ន្ធ​ទឹក​ក្នុង​តំបន់​ណាមួយ ដើម្បី​ត​ទុយោ​បណ្តាញ​ថ្មី ក្នុង​ការតភ្ជាប់​ពី​អាងទឹក​ក្បាលឆាយ ដែល​កំពុង​សាងសង់​នោះ ឯ​តំបន់​ខ្លះ​ក៏​នូវមាន​ទឹក​ប្រើប្រាស់​ដែរ »​។ 
 
​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ខ្វះ​ទឹក​ប្រើប្រាស់      អាច​ផ្តល់ដំណឹង​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​។ អាជ្ញាធរ  នឹង​ដោះស្រាយ​បញ្ហា​នេះ ដោយបាន​ត្រៀម​រថយន្ត​ដឹក​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ដល់​កន្លែង​។​នេះ​បើតាម​អភិបាលរង​ខេត្ត​រូបនេះ​។​
 
​គម្រោង​អាង​ស្តុ​ប​ទឹក​ថ្មី​«​ក្បាលឆាយ​» ដែល​កំពុង​សាងសង់​នេះ មានលទ្ធភាព​ស្តុ​ប​ទឹកបាន ៦​ម៉ឺន​គូប ក្នុង​មួយថ្ងៃ​។ អាងទឹក​នេះ អាចឆ្លើយតប បាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ដែលមាន​ចន្លោះ​ប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ​ពី ៤​ម៉ឺន ទៅ​៦​ម៉ឺន​គូប​។ អាងទឹក​នេះ គ្រោង​អាច​ប្រើប្រាស់​បាន​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ឱ សារឿន​៕
 
 

Tag:
 (ទឹក​
  អាជ្ញាធរ​
  ក្បាលឆាយ​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com