ជាតិ
ពីនេះ ពីនោះ
លោក ខៀវ កាញារីទ្ធ ចំអកឲ្យមន្ត្រីម្នាក់ ដែលមិនប្រឹងធ្វើការ ហើយចាំរិះគន់គេថា «អែបអប»
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចំអកឲ្យមន្ត្រីម្នាក់ ដែលមិនប្រឹងធ្វើការ ហើយចាំរិះគន់អ្នកដទៃថា ជា«មន្ត្រីអែបអប»ថ្នាក់ដឹកនាំទៅវិញ។ វាជារឿងហួសចិត្តមួយ សម្រាប់លោក ខៀវ កាញារីទ្ធ ដែលឃើញបុគ្គលរូបនោះ ហ៊ានសរសេរលើហ្វេសប៊ុករិះគន់ដទៃ ទាំងខ្លួនមិនប្រឹងប្រែងធ្វើការឲ្យល្អ។
លោក ខៀវ កាញារីទ្ធ បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ព្រឹកមិញនេះ មុនចេញធ្វើការឃើញមន្ត្រីម្នាក់បង្ហោះថា «មន្ត្រីធ្វើការចាញ់មន្ត្រីអែបអប» ហើយឃើញអ្នកគាំទ្រជិតកន្លះពាន់នាក់ ។ ដល់បើករកមើលតួអង្គឃើញថាមន្ត្រីបង្ហោះនេះ មួយខែមកធ្វើការតិចជាងមួយខែ មានអាទិត្យប៉ុន្មានថ្ងៃផង តែគាត់ច្រណែនគេមកធ្វើការច្រើនជាងគាត់ ហើយគាត់ហៅអ្នកមកធ្វើការងារទាំងនោះជាពួកអែបអប មិនដូចគាត់មិនចេះអែបអបអាណាទាំងអស់ ចាំតែបើកប្រាក់ខែអញមិនថោកទាបដូចពួកអាប្រឹងធ្វើការទេ ។ គិតទៅសម័យហ្វេសប៊ុក ឲ្យតែនិយាយពិរោះគឺត្រូវទាំងអស់ ។ អាណិតជាងគេ គឺក្រុមមិនសូវមានមុខកន្លែងធ្វើការប្រឹងចុចគាំទ្រ ឯអ្នករវល់ការងារអត់មានពេលបើកសំដែងមតិ» ។
នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ និយាយពីភាពអវិជ្ជមាន និងអសកម្មការងាររបស់មន្ត្រី នៅក្នុងក្រសួង។
«មន្ត្រីអែបអប» ជាបុគ្គលម្នាក់ ដែលមិនសូវប្រឹងធ្វើការ ឬធ្វើការដែរ ប៉ុន្តែពូកែយកចិត្ត និងអែបអបថ្នាក់ដឹកនាំ ដើម្បីទទួលបានតំណែង និងតួនាទីអ្វីមួយ ។ ពិតណាស់មជ្ឈដ្ឋានទូទៅ ទាំងនៅក្នុងក្រសួង ស្ថាប័ន និងក្រុមហ៊ុន ប្រាកដជាមិនចូលចិត្ត«មន្ត្រីអែបអប» នេះឡើយ។ ប៉ុន្តែបុគ្គលគ្រប់រូប មុននឹងរិះគន់អ្នកដទៃថា ជាមន្ត្រីអែបអបនោះ លុះត្រាតែខ្លួនឯងជាមន្ត្រីអនុវត្តការងារឲ្យបានល្អជាមុនសិន៕
Tag:
ខៀវ កាញារិទ្ធ
ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com