ដោយ គី ចំណា
នៅប្រទេសកម្ពុជាសព្វថ្ងៃ ការប្រើប្រាស់ថងប្លាស្ទិកបាននឹងកំពុងកើនឡើងជាប្រចាំ។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញឲ្យឃើញថា ប្រជាជនខ្មែរប្រើថង់ប្លាស្ទិកប្រមាណជាង១០លានថង់ក្នុងមួយថ្ងៃៗ។
បើតាមទិន្នន័យខាងលើ ប្រជាជនកម្ពុជាម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមប្រមាណ ២០០០ថង់ក្នុងមួយឆ្នាំ។ ៩០%នៃសំរាមប្លាស្ទិកទាំងនោះត្រូវបានគេបង្ហូរចូលទៅក្នុងសមុទ្រ ទន្លេនិងបឹងនានាជុំវិញប្រទេសកម្ពុជា ដោយសារការគ្រប់គ្រងសំរាមទាំងនោះនៅមានភាពទន់ខ្សោយនៅឡើយ។
បញ្ហាទាំងនេះគឺនៅត្រង់ថា សំរាមប្លាស្ទិកដែលអាចជាថង់ ឬប្រអប់ស្នោរជាប្រភេទសំរាមអសរីរាង្គ ហើយវាត្រូវការរយៈពេលយូរដើម្បីរលាយទៅក្នុងធម្មជាតិវិញ។ វាបង្កើតបញ្ហាជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីរបស់សត្វក្នុងទឹក។
ថង់ប្លាស្ទិកមួយចំនួនបំផ្លាញជំរកសត្វត្រី និងបំពុលទឹកស្អាតដែលជាកន្លែងសម្បូរទៅដោយសត្វសមុទ្រ
នានា។ ពេលខ្លះទៀត សត្វសមុទ្រមួយចំនួនក៏អាចច្រឡំថាថង់ប្លាស្ទិកទាំងនោះជាអាហារផងដែរ។
ម្យ៉ាងវិញទៀត សំរាមទាំងនេះក៏បានបំផ្លាញទីរមណីយដ្ឋានធម្មជាតិនានា បង្កឲ្យមានភាពកង្វក់ប៉ះពាល់ដល់បរិស្ថាន និងបង្កឲ្យមានជំងឺប៉ះពាល់ដល់សុខភាពផង។
ពលរដ្ឋកម្ពុជាម្នាក់ៗអាចប្រកាន់ទម្លាប់ល្អៗខាងក្រោមនេះបន្តិចៗម្តងដើម្បីឲ្យបរិស្ថានក្នុងប្រទេសយើងមានលក្ខណល្អប្រសើរ៖
• ការប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ច្រកទឹកពីផ្ទះ ពីសាលារៀន ឬកន្លែងធ្វើការ។
• កាត់បន្ថយការប្រើប្រាស់ប្រអប់ស្នោរ ចាន ឬស្លាបព្រាជ័រ ដបទឹកជ័រតាមតែអាចធ្វើទៅបាន។
• កុំប្រើប្រាស់ទុយយោរហូបទឹកច្រើនពេក ព្រោះទុយយោរជ័រទាំងអស់នោះក៏ផ្តល់ជាបញ្ហាដូចថង់ប្លាស្ទិកដែរ។
• ប្រើប្រាស់កន្ត្រកផ្តៅពេលទៅផ្សារ ចៀសវាងការប្រើថង់ប្លាស្ទិក។
• បោះសំរាមក្នុងធុងឲ្យបានត្រឹមត្រូវ និងញែកសំរាមណាដែលអាចកែច្នៃឡើងវិញបាន។
• ប្រើថង់ក្រដាសក្នុងការដាក់នំចំណីស្រាលៗ។
បើពលរដ្ឋម្នាក់ៗជាពិសេសយុវវ័យជំនាន់ក្រោយអាចចូលរួមអនុវត្តបន្តិចម្តងៗ នោះបរិស្ថាននិងសុខភាពរបស់ប្រជាជននឹងប្រសើរជាងមុន៕